(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ៨រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១២។ ជំនួបសំណេះសំណាលនឹងធ្វើឡើង នៅរោង ចក្រ គ័នថេក ខេមបូឌា អ៉ិនធើណេសិនណល (KUANTECH CAMBODIA INTERNATIONAL)។

លោក អ៉ិត សំហេង រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យ​ដឹងថា សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីនៅទីតាំងខាងលើរួចម្តងមកហើយ កាលពីឆ្នាំ២០១៩ ដោយមានកម្មករ កម្មការិនីចូលរួមជិត ២ម៉ឺននាក់ផងដែរ។

បើតាមលោករដ្ឋមន្ត្រី បានឱ្យដឹងថា រោងចក្រ សហគ្រាសទាំង១២ ដែលអនុញ្ញាត​ឱ្យ​កម្មករ កម្មការិនីជួបសំណេះ សំណាលនឹងសម្តេចតេជោនេះ កំពុងដំណើរការអាជីវកម្ម​នៅក្នុង​ស្រុកត្រាំកក់ និងស្រុក​សំរោង ខេត្តតាកែវ។ រោងចក្រ សហគ្រាសទាំង១២នេះ ជាប្រភេទរោង​ចក្រផលិតគ្រឿងអេឡិចត្រូនិកចំនួន៦, កាត់ដេរសម្លៀកបំពាក់ចំនួន៣, ផលិតស្បែកជើងចំនួន២ និងផលិតផលិតផលធ្វើដំណើរ និងកាបូបចំនួន១។ ផលិត​ផលរបស់​រោងចក្រ​ទាំង​នេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេសសហគមន៍​អឺរ៉ុប និងសហរដ្ឋអាមេរិក។ល។

ខេត្តតាកែវ គឺជាខេត្តមួយ ដែលកំពុងទទួលនូវមនុញ្ញផលពីគោលនយោបាយ ពង្រាយរោងចក្រ សហគ្រាសតាមបណ្តាខេត្តពីរាជរដ្ឋាភិបាល។ នៅឆ្នាំ២០២៣នេះ ខេត្តកណ្តាល មានរោងចក្រ សហគ្រាសចំនួន២៤៨ មានកម្មករ​ និយោ​ជិតប្រមាណ ៧ម៉ឺន​នាក់។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់​ដេរ​ចំនួន៦៦ មានកម្មករនិយោជិត​សរុបជាង ៥ម៉ឺន ៨ពាន់នាក់។ ខេត្តតាកែវ ជាខេត្តទី៤ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើន។

សូមរំលឹកថា កាលពីឆ្នាំ២០១៧ សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់កម្មវិធីចុះ​ជួប​សំណេះសំណាលជាមួយកម្មករ កម្មការិនីតាមរោងចក្រ សហគ្រាសនានានៅទូទាំង​ប្រទេស។ ការចុះជួបដោយផ្ទាល់ជាមួយកម្មករ កម្មការិនីតាមរោងចក្រ សហគ្រាស​នេះ សម្តេចតេជោ មានគោលដៅស្វែងយល់ពីសុខទុក្ខរបស់កម្មករ កម្មការិនី ហើយ​ឆ្លើយតបនូវតម្រូវការរបស់ពួកគេ។ គោលដៅពិសេសនោះ សម្តេចតេជោ ចង់បង្កើតឱ្យ​មានភាពសុខដុមនៅតាមរោងចក្រ សហគ្រាសតែម្តង ដើម្បីធានាភាពប្រសើរនៃច្រវាក់​ផ​​លិតកម្មកាត់ដេរ និងវេយណភណ្ឌនៅកម្ពុជា។

ដំណើរចុះជួបកម្មករ កម្មការិនីជុំទី១ ចាប់តាំងពីថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០​១៧ ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ សម្តេចតេជោ បានជួប​សំណេះសំណាល​ជាមួយកម្មករ និយោជិតចំនួន ៧៧លើក ដែលមានកម្មករនិយោជិត​ចំនួន​ប្រមាណ ១លាននាក់។

ជំនួបក្នុងជុំទី១ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍គន្លឹះ ១០ចំណុច ដែល​បានសម្រួលដល់បរិយាកាសវិនិយោគ, ផ្តល់នូវការលើកកម្ពស់សិទ្ធិ អត្ថប្រយោ​ជ​ន៍ និងកិច្ចគាំពារសង្គមយ៉ាងច្រើនដល់បងប្អូនកម្មករនិយោជិត ហើយដែលក្រសួង​ការ​ងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងសហការជាមួយក្រសួង ស្ថាប័នអនុវត្ត​បានជោគជ័យ។

បន្ទាប់ពីបានខកខានជាច្រើនឆ្នាំដោយសារការរាតត្បាតនៃជំងឺកូវីដ១៩នោះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញកម្មវិធីចុះជួបកម្មករ កម្មការិនីជុំទី២ ដោយចាប់ផ្តើមនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣កន្លងទៅនេះ។

ជំនួបថ្ងៃស្អែកនេះ គឺជាជំនួបលើកទី៩ហើយ សម្រាប់ជុំទី២នេះ។ ជំនួប ៩លើក នេះ មានកម្មករ និយោជិតសរុប​​ប្រមាណ ១៦ម៉ឺន ៥ពាន់នាក់។ សម្តេចតេជោ គ្រោងជួបចំនួន ១០លើកទៀត ដែល​នឹង​ជួបកម្មករនិយោជិតសរុបប្រមាណ ១៧ម៉ឺន ១ពាន់នាក់ទៀត។

ក្នុងជំនួបជាមួយកម្មករ កម្មការិនីជុំទី២ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ សម្ដេច​តេជោ បានប្រកាសអនុវត្តកម្មវិធីចាស់ សកម្មភាពថ្មី និងបន្ថែមវិសាល​ភាព​ដល់​កម្ម​ការិនី ដែលមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ៕