(ភ្នំពេញ)៖ នៅយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញវីដេអូរបស់ លោកស្រី ញ៉ែម សាវ៉ាត ដែលបកស្រាយពីអំពើអាក្រក់ ការបោកប្រាស់របស់ប្រធានគណបក្សភ្លើងទៀន និងទណ្ឌិតក្បត់ជាតិ សម រង្ស៉ី។

ជាមួយនឹងការបង្ហាញវីដេអូនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បំភ្លឺទៅរដ្ឋាភិបាលបារាំង អំពីលិខិតរបស់ទណ្ឌិត សម រង្ស៉ី

តាមរយៈបណ្តាញសង្គម សម្តេចតេជោ ហ៊ុន សែណ បានលើកឡើងដូច្នេះថា៖ «សូមស្តាប់ លោកស្រី ញ៉ែម សាវ៉ាត បកស្រាយពីអំពើអាក្រក់ នៃក្រុមបោកប្រាស់។ លោកស្រី និងបកស្រាយបន្ថែមទៀត នៅពេលលោកស្រីវិលត្រឡប់ពីប្រទេសបារាំងមកកម្ពុជាវិញ នាប៉ុន្មានថ្ងៃខាងមុខ។ សូមអ្នកច្បាប់សិក្សាអំពីផ្លូវច្បាប់នូវលិខិតរបស់គណបក្សភ្លើងទៀន ដែលចុះហត្ថលេខាដោយ ទាវ វណ្ណុល ជាមួយលិខិតរបស់ខ្មោចគណបក្សសង្រ្គោះជាតិ ដែលចុះហត្ថលេខាដោយទណ្ឌិតរត់ចោលគុក តើមានទំនាក់ទំនងយ៉ាងណាជាមួយគ្នា?»

ស្រ្តីរូបនេះ បានអះអាងថា ប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល និងទណ្ឌិត សម រង្ស៉ី បានបំភ័យខ្លួន និងបោកប្រាស់ ឱ្យខ្លួនរត់ទៅប្រទេសបារាំង ហើយបានចេញលិខិតមួយដើម្បីឱ្យលោកស្រីប្រើប្រាស់ផងដែរ។

ករណីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យ ក្រសួងការបរទេសចាត់ចែងបំភ្លឺទៅរដ្ឋាភិបាលបារាំង លើករណីលិខិតទណ្ឌិតរត់ចោលគុក ដែលមានចរិតមួលបង្កាច់រាជរដ្ឋាភិបាលកម្ពុជាផង និងបោកប្រាស់រដ្ឋាភិបាលបារាំងផង។ សម្តេចបានបញ្ជាក់ថា រឿងបោកប្រាស់បែបនេះ បានកើតឡើងច្រើនរួចមកហើយ ឯរដ្ឋាភិបាលបរទេស ក៏ចាញ់បោកក្រុមនេះច្រើនហើយដែរ៕

ខាងក្រោមនេះជាវីដេអូបកស្រាយរបស់ លោកស្រី ញ៉ែម សាវ៉ាត៖