(ពោធិ៍សាត់)៖ រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ត្រូវបានក្រុមការងារក្រសួងបរិស្ថាន ក៏ដូចជាក្រុមការងារគណបក្សប្រជាជនកម្ពុជា និងអាជ្ញាធរមូលដ្ឋាន បាននិងកំពុងធ្វើការស្តារហេដ្ឋារចនាសម្ព័ន្ធនៅទីនោះ ឲ្យមានលក្ខណៈល្អប្រសើរជាមុន និងក្លាយជាតំបន់អេកូទេសចរណ៍ដ៏ល្អប្រណិត ដោយមានផ្សារស្តង់ដារ មានចំណតរថយន្ត ចំណតម៉ូតូ បន្ទប់ទឹក និងមានកញ្ចុះនៅតាមមាត់ទឹក។

លោក កែវ វីរៈ អគ្គនាយករងអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំឈើតុំ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា គម្រោងនៃការធ្វើឲ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធនានា នៅរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀងនេះ គឺជាគំនិតផ្តួចផ្តើមរបស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង និងជាបេក្ខជនតំណាងរាស្ត្រខេត្តពោធិ៍សាត់ ក៏ដូចជាលោកអភិបាលខេត្ត។

លោកប្រធានក្រុមការងារបន្តថា ថ្មីៗនេះក្រុមការងាររបស់ក្រសួងបរិស្ថាន ក្រោយទទួលបានការណែនាំពីឯកឧត្តមរដ្ឋមន្ត្រី និងការសម្រេចពីរដ្ឋបាលខេត្ត ទើបឈានដល់ការអនុវត្តន៍គម្រោង រហូតមកដល់ពេលនេះ គម្រោងសម្រេចបានជាង៥០%ហើយ។

លោក កែវ វីរៈ បានបន្ថែមថា គម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធ នៅទឹកធ្លាក់ច្រកល្អៀង គឺដើម្បីជួយសម្រួលជីវភាពរបស់សហគមន៍ ធ្វើយ៉ាងណាឲ្យសហគមន៍មានភាពរឹងម៉ាំ ទាំងជីវភាព ទាំងការរស់នៅ ដើម្បីមានភាពជាដៃគូរវាងសហគមន៍ ជាមួយមន្ត្រីឧទ្យានុរក្ស មន្ទីរបរិស្ថាន ក៏ដូចជាក្រសួងបរិស្ថាន ក្នុងការការពារព្រៃឈើ និងសត្វព្រៃនៅតំបន់នោះ ឱ្យមានប្រភពរបស់វា។

សូមជម្រាបថា ច្រក «ល្អៀង» ជារមណីយដ្ឋានធម្មជាតិបែបផ្សងព្រេង នៅខេត្តពោធិ៍សាត់ បើភ្ញៀវទេសចរបានទៅដល់ទីនោះហើយ ប្រាកដជាមិនចង់វិលត្រឡប់មកវិញ ឬក៏មកវិញ ហើយចង់វិលត្រឡប់ទៅម្តងទៀត។ រមណីយដ្ឋាន «ទឹកធ្លាក់ច្រកល្អៀង» ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានចម្ងាយប្រមាណ៧៣គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់ និងចម្ងាយប្រមាណ ១៩៥គីឡូមែត្រ ពីរាជធានីភ្នំពេញ ដោយធ្វើដំណើរតាមផ្លូវលេខ៥៣B ពីប្រជុំជនស្រុកក្រគរ មានចម្ងាយប្រមាណ ៤១គីឡូម៉ែត្រ ទើបដល់រមណីយដ្ឋាននេះ។

រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ដែលអ្នកស្រុកនិយមហៅតៗគ្នាថា ទឹកធ្លាក់តំបន់យ៉ោក។ តំបន់រមណីយដ្ឋាននេះនៅចន្លោះភ្នំ( ភ្នំព័ទ្ធជុំវិញ) មានព្រៃឈើខ្ពស់ៗ ដុះលំអរ និងមានប្រភេទឈើមានតម្លៃច្រើនប្រភេទដូចជា ខ្លុង ត្បែង ធ្នង់ នាងនួន ស្រឡៅ សុក្រម ព្រះភ្នៅ ខ្លឹមច័ន្ទ ផ្ចឹក រាំងភ្នំ កកោះ ផ្តៀក គគីរ ។ល។ រីឯសត្វព្រៃវិញមានខ្លា ឈ្លួស ប្រើស ស្វា ជ្រូកព្រៃ ទោចជាដើម។

នៅក្នុងរមណីយដ្ឋាន មានកន្លែងកន្សាន្តជាច្រើនកន្លែងដោយធ្វើការបែងចែកជាដំណាក់ៗ សម្រាប់ភ្ញៀវទេសចរទស្សនា កម្សាន្តដូចជា៖ ដំណាក់ តាង៉ុក គយ, ដំណាក់កោះយាយចាំតា, ដំណាក់ទឹកឈូរ, ដំណាក់មនោរម្យ, ដំណាក់ថ្មសណ្តូក, ទឹកជ្រោះដំណាក់ព្រះ, ដំណាក់ម្លប់ជ្រៃក្រឹម, ដំណាក់កោះសុបិន្ត, ដំណាក់ទឹកធ្លាក់, ដំណាក់កោះដាច់ និងដំណាក់កោះភ្ញៀវ។ តំបន់ទេសចរណ៍ធម្មជាតិមួយនេះ មានលក្ខណៈពិសេស៣ ធ្វើឲ្យអ្នកចូលកម្សាន្ត ចាប់អារម្មណ៍យ៉ាងខ្លាំង គឺទី១៖ មានទឹកថ្លាត្រជាក់, ទី២៖ មានទេសភាពស្រស់ស្អាត និងទី៣៖ មានទឹកជ្រោះធ្លាក់ច្រើនដំណាក់គួជាទីគយគន់៕