(ភ្នំពេញ)៖ បណ្ឌិត្យសភានគរបាលកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះជាលើកទី១ នៃវេទិកាប្រធានបណ្ឌិត្យសភានគរបាលអាស៊ាន-ចិន និងប្រទេសជិតខាងលើកទី៤ ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋានគារ HYATT Regency រាជធានីភ្នំពេញ ក្រោមការជួយឧបត្ថម្ភ និងគាំទ្រដោយក្រសួងសន្តិសុខសាធារណៈចិន និងកិច្ចសហការរៀបចំ ជាមួយមហាវិទ្យាល័យនគរបាលខេត្តយូណាន។
វេទិកានេះ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «ការជួយគ្នានិងធ្វើការរួមគ្នា ដើម្បីផលប្រយោជន៍ទៅវិញទៅមក-ការកសាងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ និងកិច្ចសហប្រតិបត្តិការ ស្តីពីអភិបាលកិច្ចសន្តិសុខ ព្រំដែនក្នុងយុគសម័យក្រោយជំងឺរាតត្បាតសកល» ដែលមានសមាសភាពចូលរួមផ្ទាល់ និងតាមអនឡាញ សរុបចំនួនជាង១៦០នាក់ មកពីស្ថាប័នបណ្ដុះបណ្ដាលមន្ត្រីអនុវត្តច្បាប់ចំនួន១៤ ក្នុងចំណោម១១ប្រទេស រួមមាន៖ កម្ពុជា ចិន ព្រុយណេ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ វៀតណាម នេប៉ាល់ និងប្រទេសស្រីលង្កា ព្រមទាំងតំបន់រដ្ឋបាលពិសេសហុងកុងនិងម៉ាកាវនៃប្រទេសចិន។
លោកសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាតំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានអញ្ជើញជាអធិបតី ក្នុងពិធីបើកវេទិកានេះ បានសម្ដែងនូវការគាំទ្រ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីមិត្តចិន ដែលបានផ្ដួចផ្ដើមគំនិតក្នុងការរៀបចំវេទិកាដ៏មានសារៈសំខាន់នេះឡើង ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ អន្តរជាតិបន្ថែមទៀត ក្នុងចំណោមបណ្ឌិត្យសភានគរបាល និងស្ថាប័នបណ្ដុះបណ្ដាលមន្ត្រីអនុវត្តច្បាប់នៃប្រទេសអាស៊ាន និងប្រទេសជិតខាងទាំងអស់ ទាក់ទងនឹងការងារបណ្ដុះបណ្ដាល ការងារស្រាវជ្រាវ ការផ្លាស់ប្ដូរគណៈប្រតិភូ និស្សិត និងគ្រូបង្រៀន។
លោករដ្ឋលេខាធិការ ក៏បានបញ្ជាក់បន្ថែមថា ក្រសួងមហាផ្ទៃ បាននិងកំពុងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយប្រទេសនានា ដើម្បីទប់ស្កាត់រាល់បទល្មើសឆ្លងដែន បទល្មើសបច្ចេកវិទ្យា ជួញដូរគ្រឿងញៀន និងជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទ ព្រមទាំងបានយកចិត្តទុកដាក់និងផ្ដល់អាទិភាពខ្ពស់ដល់ការងារបណ្ដុះបណ្ដាល ដើម្បីលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈកងកម្លាំងនគរបាលជាតិ ឲ្យបានប្រសើរឡើង។
ថ្លែងក្នុងឱកាសនេះដែរ នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានលើកឡើងថា ប្រធានបទនៃវេទិកានេះពិតជាមានសារៈសំខាន់ និងមានលក្ខណៈបច្ចុប្បន្នភាពស្របនឹងស្ថានការណ៍ពិភពលោក បន្ទាប់ពីវិបត្តិនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
លោកមានសុទិដ្ឋិនិយមថា យើងអាចសម្រេចបាននូវចក្ខុវិស័យដែលបានលើកឡើងក្នុងឯកសារ «គំនិតផ្ដួចផ្ដើមរួម» តាមរយៈកិច្ចសហប្រតិបត្តិការល្អជាប្រចាំ ការប្ដេជ្ញាចិត្តរួមគ្នា និងការទទួលខុសត្រូវរួមគ្នា ។ ក្នុងន័យនេះ ប្រទេសអាស៊ាន និងប្រទេសជិតខាង ចាំបាច់ត្រូវតែជួយគ្នានិងធ្វើការរួមគ្នា ដើម្បីលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈមន្ត្រីអនុវត្តច្បាប់នៃប្រទេសនីមួយៗ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាព នៃអភិបាលកិច្ចសន្តិសុខព្រំដែន និងប្រែក្លាយព្រំដែនឱ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សុវត្ថិភាព កិច្ចសហប្រតិបត្តិការល្អ និងការអភិវឌ្ឍ។
ក្នុងវេទិកានេះដែរ តំណាងស្ថាប័នបណ្ដុះបណ្ដាលនៃប្រទេសនីមួយៗបានបញ្ចេញទស្សនៈ និង ចែករំលែកបទពិសោធល្អៗទាក់ទងទៅនឹងការលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈរបស់មន្ត្រីអនុវត្តច្បាប់ កិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់បទល្មើសឆ្លងដែន ការរត់ពន្ធទំនិញខុសច្បាប់ ការបង្ការនិងទប់ស្កាត់បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា កិច្ចការអន្តោប្រវេសន៍ និងអភិបាលកិច្ចសន្តិសុខព្រំដែន ក្រោយវិបត្តិជំងឺរាតត្បាត COVID-19។
វេទិកាលើកទី៤នេះ បានសម្រេចថា វេទិកាប្រធានបណ្ឌិត្យសភានគរបាលអាស៊ាន-ចិន និងប្រទេសជិតខាង និងកិច្ចប្រជុំតុមូលលើកទី៥ នឹងត្រូវរៀបចំនៅសាធារណៈរដ្ឋប្រជាមានិតចិន ដែលមានមហាវិទ្យាល័យនគរបាលខេត្តយូណានធ្វើជាម្ចាស់ផ្ទះ៕