(សៀមរាប)៖ ក្រសួងទេសចរណ៍សហការជាមួយស្ថានទូតឥណ្ឌាបានរៀបចំទិវាយោគៈអន្តរជាតិ លើកទី៩ នៅទីលានជល់ដំរី ក្នុងខេត្តសៀមរាប នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងហ្វឹកហាត់ផ្នែកផ្លូវកាយនិងផ្លូវចិត្តតាមបែបបុរាណ ហើយនេះក៏ជាការចូលរួមចំណែកលើកស្ទួយនូវសារសន្តិភាពពិភពលោក ស្របតាមគោលការណ៍របស់ឥណ្ឌា និងពិភពលោក គឺជាគ្រួសារតែមួយ។

ពិធីនេះដែរមានការចូលរួមពីលោក គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា លោក ពិន ប្រកា អភិបាលរងខេត្តសៀមរាប លោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា។

លោក ពិន ប្រាកដ បានចាត់ទុកការរៀបចំឱ្យមានព្រិត្តិការណ៍នេះឡើង ជាការចូលរួមចំណែកដើម្បីផ្សព្វផ្សាយចេញពីតំបន់អង្គរទៅកាន់ពិភពលោកក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាខេត្តសៀមរាប ពីព្រោះថាសៀមរាបជាតំបន់គោលដៅទេសចរណ៍លំដាប់ពិភពលោក ហើយវិស័យទេសចរណ៍នៅកម្ពុជាគឺជាកត្តាជំរុញដ៏សំខាន់មួយក្នុងចំណោមកត្តាជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដែលបានបន្តរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ។ លោកជឿជាក់ថា ព្រឹត្តិការណ៍បែបនេះនឹងបន្តប្រារព្វធ្វើជារៀងរាល់ឆ្នាំនៅលើទឹកដីអង្គរជាបន្តទៀតផងដែរ។

លោក គុជ បញ្ញាសា បានលើកឡើងថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាននាំមកនូវសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសការគ្រប់គ្រងជំងឺកូវីដ-១៩ដោយជោគជ័យ ដែលជាគន្លឹះក្នុងការបើកប្រទេស និងស្តារសេដ្ឋកិច្ចឡើងវិញតាំងពីចុងឆ្នាំ២០២១

លោកថា រយៈពេល៥ខែដើមឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង២.១៦លាននាក់ កើនឡើង១,០៥៩% ធៀបនឹងឆ្នាំ២០២១ និងកើនលើសចំនួនមុនពេលវិបត្តិជំងឺកូវីដ-១៩។ ក្រសួងទេសចរណ៍ក៏រំពឹងទុកថា ពេញមួយឆ្នាំ២០២៣នេះនឹងទទួលទេសចរអន្តរជាតិប្រមាណ៤.៥លាននាក់ និងទេសចរក្នុងស្រុកប្រមាណ១៦លាននាក់។

លោកបន្តទៀតថា ទិវាយោគៈអន្តរជាតិ ត្រូវប្រារព្ធធ្វើឡើងជាលើកដំបូងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៥ ដែលមានអ្នកចូលរួមរាប់លាននាក់នៅទូទាំងពិភពលោក ហើយទិវានេះត្រូវបានធ្វើឡើងក្រោមប្រធានបទផ្សេងៗគ្នា ប្រធានបទឆ្នាំនេះគឺមនុស្សជាតិ ក៏ដូចជាដើម្បីជំរុញការផ្សព្វផ្សាយយុទ្ធនាការទស្សនាកម្ពុជាឆ្នាំ២០២៣ផងដែរ។

លោកស្រី Devyani Khobragade បានលើកឡើងថា យោគៈ មានដើមកំណើតនៅប្រទេសឥណ្ឌា ហើយពាក្យថា យោគៈ មកពីពាក្យសំស្ក្រឹត មានន័យថា ចូលរួម ឬរួបរួម ដែលតំណាងឱ្យការសំយោគគ្នារវាងចិត្ត កាយ គំនិត និងសកម្មភាព ការអត់ធ្មត់ និងការពេញចិត្ត ភាពសុខដុមរមនារវាងមនុស្ស និងធម្មជាតិ ដែលជាវិធីសាស្ត្រដ៏បរិសុទ្ធចំពោះសុខភាព និងសុខុមាលភាព ជាពិសេសជាងនេះទៅទៀតនោះ យោគៈគឺលើកស្ទួយនូវសារសន្តិភាពក្នុងពិភពលោកស្របតាមគោលការណ៍របស់ឥណ្ឌា ហៅថា «ពិភពលោកគឺជាគ្រួសារតែមួយ»។

គួររំលឹកថា ចាប់តាំងពីឆ្នាំ២០១៥មក ក្រសួងទេសចរណ៍កម្ពុជា និងស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជាតែងតែសហការរៀបចំព្រឹត្តិការណ៍ទិវាយោគៈអន្តរជាតិនៅកម្ពុជា ដែលជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះបានរៀបចំនៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តបាត់ដំបង ទទួលបានជោគជ័យយ៉ាងធំធេងរួចមកហើយនៅគ្រប់គោលដៅទេសចរណ៍ដ៏ពេញនិយមនោះផងដែរ៕