(កំពង់ធំ)៖ លោកបណ្ឌិត ស៊ាន បូរ៉ាត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈ អចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល កាលពីរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ បានចូលរួមវិធីប្រកាសជាផ្លូវការបញ្ចូលសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា នៅក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ សរុបចំនួន១៩២៣នាក់ (នារី៧៦៩នាក់)។
សមាជិកសមាជិកាថ្មីទាំងអស់ ត្រូវបានចែកចេញដូចខាងក្រោម៖
*ទី១៖ បងប្អូនជាសមាជិក សមាជិកា មាននិន្នាការគាំទ្រគណបក្សប្រជាជនកម្ពុជាចំនួន ៧២៣នាក់ (នារី១៦៧នាក់)
*ទី២៖ បងប្អូនជា សមាជិក សមាជិកា បានផ្ដាច់ខ្លួនចេញពីគណបក្សភ្លើងទៀន ចូលមករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាចំនួន ៩៨៦នាក់ (នារី៤៩៣នាក់)
*ទី៣៖ បងប្អូនជា សមាជិក សមាជិកាបានផ្តាច់ខ្លួនចេញពីគណបក្សហ៊្វុនស៊ិនប៉ិច ចូលមករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាចំនួន ១៩៤នាក់ (នារី១០១នាក់)
*ទី៤៖ បងប្អូនជា សមាជិក សមាជិកាបានផ្តាច់ខ្លួនចេញពីគណបក្សយុវជនកម្ពុជា ចូលមករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាចំនួន២០នាក់ (នារី៨នាក់)។
លោកបណ្ឌិត ស៊ាន បូរ៉ាត បានថ្លែងថា ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត ហ៊ុន ម៉ាណែត លោកសូមគោរពអរគុណដ៏ជ្រាលជ្រៅបំផុតចំពោះក្រុមការងារសម្របសម្រួលចលនាក្រៅប្រព័ន្ធ នៃក្រុមហ៊ុន ប្រ៊ីលានស៊ីធីវើលដ៏ ឯ.ក និងគណៈកម្មាធិការគណបក្សខេត្ត ក៏ដូចជាក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត ស្រុក ឃុំ នៃខេត្តកំពង់ធំ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់សហការរួមគ្នាដ៏ល្អប្រសើរ ក្នុងការកសាងកម្លាំងគណបក្ស និងបានរៀបចំកម្មវិធីប្រកាសជាផ្លូវការបញ្ចូលសមាជិក សមាជិការ គណបក្សប្រជាជនកម្ពុជាប្រកបដោយជោគជ័យ។
នៅចំពោះមុខសមាជិកសមាជិកាថ្មីទាំងអស់ លោកបានគូសរំលេចពីតម្លៃរបស់គណបក្សប្រជាជនកម្ពុជាដូចខាងក្រោម៖
*ទី១៖ គណបក្សប្រជាជនកម្ពុជា បានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីរំដោះប្រជាជនកម្ពុជា ឲ្យរួចផុតពីការកាប់សម្លាប់យ៉ាងសាហាវព្រៃផ្សៃ នៃពួកបិសាច ប៉ុល ពត និងតែងតែរស់នៅដោយឆ្លងកាត់ការលំបាក ជាមួយប្រជាជនកម្ពុជា ក្នុងគ្រប់កាលៈទេសៈទាំងអស់ និងបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ពីសមរភូមិ សង្គ្រាមដ៏រ៉ាំរ៉ៃ ពីការបែកបាក់ប្រទេសជាតិ និងហេដ្ឋារចនាសម្ព័ន្ធសង្គមទាំងអស់ ត្រូវបានបំផ្លាញដល់ឬគល់ ទៅជាទឹកដី ដែលប្រជាជនរស់នៅយ៉ាងសុខសាន្ត ប្រកបដោយសុខដុមរមនា ក្នុងសន្តិភាព ឯកភាពជាតិ អធិបតេយ្យភាព និងសេរីភាពយ៉ាងពេញលេញ។
*ទី២៖ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ ដែលរស់នៅជាមួយប្រជាជន មិនរត់ចោល ឬបោះបង់ប្រជាជន ក្នុងពេលដែលប្រជាជន ជួបប្រទះនូវការលំបាកឡើយ បានសេចក្តីថា គណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជា គឺជាគ្រួសារតែមួយ ដោយបានគិតគូរ និងយកចិត្តទុកដាក់បំផុត ទៅលើសេចក្តីសុខ សុភមង្គល ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា គ្រប់ពេលវេលា ដូចមានភស្តុតាងថ្មីៗនេះស្រាប់ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតជាសកលដ៏កាចសាហាវ គឺជំងឺកូវីដ-១៩ ជាដើម -ល-។
*ទី៣៖ គណបក្សប្រជាជនកម្ពុជា គឺជាស្នូលដ៏រឹងមាំ និងមិនអាចខ្វះបាន របស់ប្រជាជនកម្ពុជា ដែលមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ក្នុងការការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ សុខសន្តិភាព ស្ថិរភាពនយោបាយសង្គម និងការអភិវឌ្ឍប្រកបដោយចិរភាពលើគ្រប់វិស័យ នៅកម្ពុជា។
*ទី៤៖ គណបក្សប្រជាជនកម្ពុជា គឺជាផ្ទះរបស់ប្រជាជនកម្ពុជា ជាបង្អែកដ៏រឹងមាំ និងជាក្តីសង្ឃឹមយ៉ាងកក់ក្តៅបំផុត ដែលមិនអាចខ្វះបានរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប។
*ទី៥៖ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្ស ដែលមានពោរពេញទៅដោយបទពិសោធន៍ ទាំងផ្នែកនយោបាយដឹកនាំក្នុងប្រទេស និងផ្នែកនយោបាយការទូតក្រៅប្រទេស ដែលអាចធានាបាននូវស្ថេរភាពសន្តិសុខ សុវត្ថិភាពសង្គម សម្រាប់កម្ពុជាគ្រប់ស្ថានភាព និងគ្រប់កាលៈទេសៈទាំងអស់ សម្រាប់បច្ចុប្បន្ន និងពេលអនាគត។
*ទី៦៖ គណបក្សប្រជាជនកម្ពុជា សំបូរទៅដោយធនធានបញ្ញាជន និងវីរៈជន ដែលមានឆន្ទៈ មនសិការស្នេហាជាតិ គិតគូរពីប្រយោជន៍ជាតិ និងប្រជាជនជាធំ យ៉ាងពិតប្រាកដ និងជាក្តីសង្ឃឹមតែមួយគត់សម្រាប់កម្ពុជា ក្នុងកាតព្វកិច្ចដឹកនាំប្រទេស រក្សាការពាសន្តិភាព និងការអភិវឌ្ឍជាតិ បានជានិរន្តរ៍។
*ទី៧៖ កិត្យានុភាព ដ៏អស្ចារ្យបំផុតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យគ្រប់មជ្ឈដ្ឋានទាំងជាតិ និងអន្តរជាតិ ទទួលស្គាល់នូវកម្រិតសមត្ថភាពដ៏ខ្ពង់ខ្ពស់ នៃការដឹកនាំប្រទេស ដែលសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន ជូនជាតិមាតុភូមិ និងបានលើកកម្ពស់មុខមាត់ប្រទេស និងប្រជាជនកម្ពុជា ឲ្យមានកិត្តិសព្ទយ៉ាងល្បីរន្ទឺ នៅលើឆាកអន្តរជាតិ ក្នុងយុគសម័យទំនើបនេះ៕