(សៀមរាប)៖ យ៉ាងហោចណាស់មានវត្ថុបុរាណ ៣ប្រភេទសំខាន់ៗ ដែលមានអាយុកាលខ្ទង់រយឆ្នាំ ត្រូវបានដាក់តាំងពិព័រណ៍រយៈពេល ១ឆ្នាំពេញ នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីឱ្យភ្ញៀវទេសចរចូលទស្សនា និងសិក្សាស្វែងយល់។

ការតាំងពិព័រណ៍មិនអចិន្ត្រៃយ៍នេះ ចាប់ផ្តើមឡើងពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០២៤។

លោក គុន ផល្លី មគ្គទេសក៍នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានឱ្យដឹងថា វត្ថុបុរាណដែលត្រូវដាក់តាំងពិព័រណ៍នោះរួមមាន៖

* សន្លឹកមាស
លោហធាតុមាសនេះត្រូវបានរកឃើញនៅកំពូលខ្លោងទ្វារតាកែវ ក្នុងពេលដែលក្រុមការងារជួសជុលនៅទីនោះ (បច្ចុប្បន្នជួសជុលរួចរាល់)។ ការរកឃើញនេះធ្វើឱ្យអ្នកជំនាញទទួលបាននូវព័ត៌មានបន្ថែមពីប្រពៃណី ទំនៀមទម្លាប់របស់បុព្វបុរសសម័យអង្គរ ពោលគឺរាល់មានការសាងសង់សំណង់ផ្សេងៗ ពួកគាត់តែងដាក់វត្ថុមានតម្លៃ ដូចជាមាស ប្រាក់បញ្ចុះជាមួយសំណង់ទាំងនោះ ដើម្បីអភិសេកទីកន្លែងនោះជាទីពិសិដ្ឋ ទីស័ក្តិសិទ្ធិជាដើម។ ខ្លោងទ្វារតាកាវ គឺជាខ្លោងទ្វារខាងលិចនៃក្រុងអង្គរធំ ដែលក្រុងអង្គរធំនេះត្រូវបានសាងសង់នៅចុងសតវត្សទី១២ នារជ្ជកាលព្រះបាទជយវម៌្មទី៧ (១១៨១-១២១៨ ឬ១២២០)។ គេបានរកឃើញវត្ថុបុរាណផ្សេងទៀតក្នុងពេលជួសជុលខ្លោងទ្វារតាកាវនោះ ប៉ុន្តែក្រុមការងារបានជ្រើសយកតែសន្លឹកមាសនេះមកតាំងពិព័រណ៍បង្ហាញ។

* កុលាល៍ភាជន៍
កុលាល៍ភាជន៍ទាំងនោះមានដូចជា ក្អម ឪទឹន ក្រឡ ឆ្នាំងដីជាដើម។ កុលាល៍ភាជន៍មួយចំនួនជារបស់ពាណិជ្ជកម្មមកពីខេត្តបុរីរម្យ ប្រទេសថៃបច្ចុប្បន្ន ដែលប្រហែលជាផលិតឡើងតាំងពីសតវត្សទី១៥ ឬទី១៦។ កុលាល៍ភាជន៍មួយទៀតជារបស់ពាណិជ្ជកម្មមកពីប្រទេសចិន (ប្រហែល) ដែលប្រហែលជាផលិតឡើងនៅអំឡុងសតវត្សទី១៩ ឬទី២០។ តាមរយៈការរកឃើញកុលាល៍ភាជន៍នេះ បានឱ្យគេដឹងបន្ថែមទៀតអំពីទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសកម្ពុជាជាមួយបរទេសជិតឆ្ងាយ។ កុលាល៍ភាជន៍ទាំងនេះគឺទទួលបានពីប្រជាជននៅតំបន់អង្គរ ដែលពួកគាត់ទទួលបានពីដូនតាជំនាន់មុនៗ ហើយក៏យកមកប្រគល់ឱ្យអាជ្ញាធរជាតិអប្សរា។ ម្យ៉ាងទៀតព័ត៌មានដែលបានបញ្ជាក់អំពីប្រភព អាយុកាលនៃកុលាល៍ភាជន៍ទាំងនេះដែរ គឺមានការត្រួតពិនិត្យ វាយតម្លៃ បកស្រាយយ៉ាងច្បាស់លាស់ដោយអ្នកជំនាញបុរាណវិទ្យាផ្នែកកុលាល៍ភាជន៍។

* ប្រាក់កាស
គេបានរកឃើញប្រាក់កាសទាំងនេះដល់ទៅ១០០សន្លឹក ដែលមានលក្ខណៈខុសគ្នា៣ប្រភេទ៖ កាសប្រភេទទី១ ត្រូវបានផលិតក្នុងរាជ្យព្រះបាទអង្គឌួង ប្រហែលជាក្នុងឆ្នាំ១៨៤៧។ កាសខ្លះមានរូបហង្សដែលមានតម្លៃស្មើនឹង១ហ្វូង ឬ១ហ្វុង (1 Fung)។ កាសប្រភេទទី២ មានចារអក្សរចិន អានថា «ជី» ដែលមានន័យថា សំណាងល្អ។ កាសប្រភេទទី៣ ត្រូវបានផលិតឡើងនៅក្នុងរាជ្យព្រះបាទនរោត្តម អំឡុងឆ្នាំ១៨៦០ នៅផ្នែកមួយចំហៀងមានចារឹកអក្សរថា ព្រះតំបង (សម្គាល់លើខេត្តបាត់ដំបង ដែលកាលមុនហៅថា ខេត្តព្រះដំបង) និងមួយចំហៀងទៀតមានរូប «កិន្នរ»។ ប្រាក់កាសទាំងនេះគឺត្រូវបានរកឃើញក្នុងពេលជួសជុលព្រះវិហារនៅវត្តអារញ្ញរង្សី នាស្រុកពួក ខេត្តសៀមរាប។ អ្នកជំនាញទទួលបានព័ត៌មានបន្ថែមអំពីការផលិត ចរាចរណ៍រូបិយបណ្ណនៅប្រទេសកម្ពុជានាសម័យសតវត្សទី២០។

ក្រៅពីវត្ថុបុរាណសំខាន់ៗខាងលើនេះ ក៏មានកុលាល៍ភាន៍មួយចំនួនជទៀតដែរដែលជាផលិតផលក្នុងប្រទេស បំពង់ចង្កៀងថ្ម កងដៃសំរឹទ្ធ វត្ថុសិល្បៈមួយចំនួនស្ថិតនៅសម័យបុរេប្រវត្តិសាស្ត្រ ដែលជាវត្ថុសក្ការៈសម្រាប់បញ្ចុះនៅតាមប្រាសាទ។

សូមជម្រាបថា សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានទីតាំងស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ដោយបានបើកឱ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលទស្សនាចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ វេលាម៉ោង៨:៣០នាទីព្រឹក ដល់ម៉ោង៤:៣០ល្ងាច៕

សូមទស្សនាកិច្ចសម្ភាសជាមួយលោក គុន ផល្លី មគ្គទេសក៍នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដូចតទៅ៖