(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះបានអញ្ជើញ ក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារមជ្ឈមណ្ឌលទិន្នន័យជាតិ (National Data Center) តម្លៃជិត៣០លានដុល្លារ គ្រោងនឹងបញ្ចប់ការសាងសង់ នៅឆ្នាំ២០២៥ ដែលបង្កើតឡើងដើម្បីផ្ទុកទិន្នន័យជាតិ។

លោករដ្ឋមន្ត្រីបញ្ជាក់ថា ការកសាងមជ្ឈមណ្ឌលទិន្នន័យជាតិនេះ គឺជាដំណាក់កាលដ៏សំខាន់មួយសម្រាប់វិស័យសាធារណៈនិងឯកជននៅកម្ពុជា ក្នុងការទាញយកផលប្រយោជន៍ពីទិន្នន័យ ដើម្បីជំរុញការអភិវឌ្ឍស្ថាប័នរបស់ខ្លួន ព្រមទាំងបង្ហាញពីការបោះជំហានដ៏ធំមួយរបស់កម្ពុជាឆ្ពោះទៅបរិវត្តកម្មឌីជីថល។ មជ្ឈមណ្ឌលទិន្នន័យនេះ នឹងក្លាយជាកន្លែងប្រមូលផ្តុំ និងរក្សាទិន្នន័យរបស់រាជរដ្ឋាភិបាល និងទិន្នន័យក្រុមហ៊ុនមកពីវិស័យសំខាន់ៗ តាមរយៈការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាទំនើបមួយ ដែលមានសុវត្ថិភាព និងអាចជឿទុកចិត្តបាន ព្រមទាំងផ្តល់អត្ថប្រយោជន៍ដល់ស្ថាប័ន ដូចជាអធិបតេយ្យភាពទិន្នន័យ សន្សំសំចៃការចំណាយថវិកា និងពង្រឹងសមត្ថភាពនៃការផ្ដល់សេវារបស់ខ្លួនឱ្យកាន់តែល្អប្រសើរ។

ថ្លែងក្នុងកិច្ចសម្ភាសជាមួយក្រុមអ្នកយកព័ត៌មាន លោក ជា វ៉ាន់ដេត បានបញ្ជាក់យ៉ាងដូច្នេះថា «មជ្ឈមណ្ឌលទិន្នន័យជាតិនេះ បង្កើតឡើងដើម្បីផ្ទុកទិន្នន័យជាតិ ដែលបច្ចុប្បន្នយើងមិនទាន់មាន ហើយទិន្នន័យមួយចំនួនត្រូវ​បានដាក់នៅក្រៅប្រទេស។ បន្ទាប់ពីសាងសងអគារនេះរួច មជ្ឈមណ្ឌលទិន្នន័យជាតិនឹងប្រតិបត្ដិការ ហើយទិន្នន័យជាតិ នឹងយកមកដាក់ក្នុងមជ្ឈមណ្ឌលនេះ»

បើតាមរដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយសារអគារសាងសង់ មានលក្ខណៈបច្ចេកទេស ដូច្នេះចំណាយសរុប នៃការសាងសង់ជិត៣០លានដុល្លារ ដែលអគារនេះមានកម្ពស់ចំនួន១២ជាន់ និងប្រើពេលវេលាសាងសង់ប្រហែលជា១ឆ្នាំកន្លះ។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលទិន្នន័យជាតិនេះ នឹងមានកម្រិតប្រព័ន្ធស្តង់ដារ៤ (Tier IV) ស្ថិតក្នុងអគារថ្មីមានកម្ពស់ ១២ជាន់ ទទឹង ៣៦ម៉ែត្រ និងបណ្តោយ ៦៣ម៉ែត្រ នៅពីក្រោយអគារទីស្តីការក្រសួងបច្ចុប្បន្ន ដែលមានអាសយដ្ឋាន អគារលេខ ១៣ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕