(ភ្នំពេញ)៖ រដ្ឋាភិបាលអូស្រ្តាលី បានប្រកាសថា ប្រទេសអូស្រ្តាលី នឹងផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ ចំនួន ៨៣,៦ លានដុល្លារអូស្រា្តលី ដល់កម្ពុជា ក្នុងឆ្នាំ២០២៣-២៤ ដែលរួមមាន ៤៧,៩ លានដុល្លារអូស្រា្តលី ក្នុងក្របខណ្ឌទ្វេភាគី ខណៈចំនួនទឹកប្រាក់ដែលនៅសល់ត្រូវផ្តល់តាមរយៈកម្មវិធីសកល និងតំបន់។ ជំនួយអភិវឌ្ឍន៍នេះ បញ្ជាក់ឱ្យឃើញពីការកើនឡើងពីទឹកប្រាក់ចំនួន ៨០,៨ លានដុល្លារអូស្រា្តលី ក្នុងឆ្នាំ២០២២-២៣។

ដំណឹងនេះត្រូវបានប្រកាសដោយក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២៥​ ខែកក្កដា ឆ្នាំ២០២៣ បន្ទាប់ពីមានការបញ្ជាក់ នៅក្នុងលិខិតរួមថ្មីៗនេះរបស់ លោកស្រី ផេននី វង រដ្ឋមន្ត្រីការបរទេស និងលោក ផាត ខន់រ៉យ រដ្ឋមន្ត្រីអភិវឌ្ឍន៍អន្ដរជាតិ និងប៉ាស៊ីហ្វិក និងជារដ្ឋមន្ត្រីឧស្សាហកម្មសម្រាប់វិស័យការពារជាតិរបស់អូស្ដ្រាលី ផ្ញើជូនលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

ជំនួយអភិវឌ្ឍន៍របស់អូស្ត្រាលី ដែលស្របតាមការខិតខំប្រឹងប្រែងរបស់កម្ពុជា និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ នឹងបន្តគាំទ្រដល់ការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា តាមរយៈការបង្កើនការទទួលបាននិងបទដ្ឋាននៃសេវាសាធារណៈ ការលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនា-សម្ព័ន្ធ ការជួយសម្រួលដល់កំណែទម្រង់ និងវិនិយោគលើវិស័យថែទាំសុខភាព និងការរួមចំណែកបង្កើតប្រព័ន្ធគាំពារសង្គម ដែលផ្តោតសំខាន់ជាពិសេសលើស្ត្រី និងជនពិការ។

រដ្ឋាភិបាលអូស្ត្រាលីបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការគាំទ្រដល់មហិច្ឆតារបស់កម្ពុជា ហើយត្រៀមខ្លួនបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់ការងារអាទិភាពរួមគ្នានៃប្រទេសទាំងពីរ។

កម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការបន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការរបស់អូស្ត្រាលីដល់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ទោះបីជាសេដ្ឋកិច្ចរបស់ប្រទេសអូស្ត្រាលីរងផលប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ធ្ងរ ពីជំងឺរាតត្បាតសកលកូវីដ-១៩ ក៏ដោយ។ កាយវិការនេះ គឺជាសក្ខីភាពដ៏ច្បាស់លាស់មួយចំពោះភាពរឹងមាំនៃទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពដ៏ជ្រាលជ្រៅរវាងកម្ពុជា និងអូស្ត្រាលី៕