(ត្បូងឃ្មុំ)៖ លោក កែវ ពិសិដ្ឋ អនុប្រធានផ្នែកឃោសនាអប់រំយុវជនគណបក្សថ្នាក់កណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពញាក្រែក ប្រធានក្រុមការងារចុះជួយឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណ ដល់ក្រុមការងារសមាជិកាគណបក្ស និងបងប្អូនប្រជាពលរដ្ឋ នៅក្នុងឃុំពពេល ដែលបានគាំទ្រនិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យទទួលបានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ។
លោកបានថ្លែងដូច្នេះនៅក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តនីតិកាលទី៧ និងទិសដៅបន្ត នៅទីស្នាក់ការគណបក្សឃុំពពេល នាព្រឹកថ្ងៃព្រហស្បតិ៍ទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះ។
លោក កែវ ពិសិដ្ឋ បានគូសបញ្ជាក់ថា «ខ្ញុំសូមសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះក្រុមការងារ សមាជិក សមាជិកា គណបក្សគ្រប់រូប រួមទាំង អ្នកអង្កេតការណ៍ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ធនធានក្នុងការជំរុញ និងរួមចំណែកដំណើរការបោះឆ្នោត និងលទ្ធផលបោះឆ្នោតបឋម គួរជាទីមោទនៈ។ លទ្ធផលល្អប្រសើរនេះ គឺជាប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់ឃុំពពេល»។
លោកបានចាត់ទុកលទ្ធផលនេះ គឺជាការគាំទ្រយ៉ាងជឿជាក់របស់ប្រជាពលរដ្ឋចំពោះគណបក្សប្រជាជនកម្ពុជា ដែលតែងតែរួមសុខ រួមទុក្ខជាមួយប្រជាជន ដើម្បីដឹកនាំអភិវឌ្ឍប្រទេសជាតិជាបន្តបន្ទាប់។ លោក កែវ ពិសិដ្ឋ ក៏បានសម្តែងនូវការគាំទ្រពេញទំហឹងចំពោះប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ និងបានប្រកាសគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីថ្មី នីតិកាលទី៧ នៃរដ្ឋសភា។
លោកបានបង្ហាញពីការជឿជាក់ចំពោះថ្នាក់ដឹកនាំជំនាន់ក្រោយ ដែលសុទ្ធសឹង តែជាបញ្ញវ័ន្ត មានសមត្ថភាពពេញលេញ ក្នុងការដឹកនាំប្រទេសជាតិ បន្តទទួលបានសុខសន្តិភាព ស្ថិរភាព និងមានការអភិវឌ្ឍកាន់តែជឿនលឿន បន្ថែមទៀត។
លោក កែវ ពិសិដ្ឋ ក៏បានថ្លែងអំណរគុណដល់ក្រុមការងារគណបក្សចុះជួយឃុំពពេល គណៈកម្មាធិការបក្សឃុំពពេល គណកម្មាធិការសាខាបក្សភូមិទាំងអស់ ដែលបានសហការគ្នាបានយ៉ាងស្អិត រមួត នៅក្នុងសកម្មភាពមូលដ្ឋាន ឆក់យកបេះដូងប្រជាជន បោះឆ្នោតគាំទ្រយ៉ាងច្រើនលើសលុប។
លោកក៏បានណែនាំឱ្យក្រុមការងារគ្រប់ថ្នាក់ ជាពិសេសអាជ្ញាធរមូលដ្ឋាន ត្រូវបន្តប្រឹងប្រែបម្រើសេវាមូលដ្ឋានឱ្យបានល្អ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព ដើម្បីទទួលបានការគាំទ្រជាបន្តបន្ទាប់។
ជាចុងក្រោយ ឯកឧត្តម បានផ្តល់រង្វាន់លើកទឹកចិត្តដល់សាខាបក្សភូមិទាំង១០ ដែលទទួលបានសំឡេងគាំទ្រច្រើនដូចគ្នា ដោយភូមិនីមួយៗទទួលបាន ៨០០ ដុល្លារ (ភូមិធំចំនួន៣ ទទួលបាន ១០០០ ដុល្លារ)៕