(ភ្នំពេញ)៖ បុរស និងស្រ្តីម្នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣នេះ ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ ក្រោមបទចោទប្រកាន់ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម​ និងបទប្រមាថ» ទៅលើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកបណ្ឌិត ហ៊ុន ម៉ាណែត។

ជនត្រូវចោទទាំង២នាក់រួមមាន៖

ទី១៖ ឈ្មោះ ឌី សូរនាត ភេទស្រី អាយុ៣៩ឆ្នាំ អតីតបុគ្គលិកធនាគារភ្នំពេញ រស់នៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ដែលបាននិយាយធ្វើឲ្យប៉ះពាល់ដល់លោកបណ្ឌិត ហ៊ុន ម៉ាណែត ហើយស្រ្តីរូបនេះតាំងខ្លួនជាព្រះម៉ែគង្គា បង្កើតភពផែនដី។
ទី២៖ ឈ្មោះ ភី អ៊ួក អាយុ៣០ឆ្នាំ រស់នៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មុខរបរចុងភៅ រោងចក្រ TOP SUMMIT GARMENT។ ជននេះបានកាត់តរូប និងសំឡេងសម្តេចតេជោ ហ៊ុន សែន ខុសពីការពិតនាំឲ្យមានយល់ច្រឡំយ៉ាងធ្ងន់ធ្ងរ។

សូមបញ្ជាក់ថា ជនទាំង២នាក់ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ផែនសន្តិសុខដឹកនាំដោយលោកស្នងការរង ប៊ុន សុសិក្ខា តាមចាប់ខ្លួនជាបន្តបន្ទាប់ រួចបញ្ជូនទៅកាន់តុលាការរហូតមានការឃុំខ្លួនតែម្តង។

ជាមួយវីដេអូរូបភាព និងសំឡេងរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានជនឈ្មោះ ភី អ៊ូក កាត់តនោះ ត្រូវបានមន្រ្តីនគរបាលជាន់ខ្ពស់ អំពាវនាវឲ្យប្រជាពលរដ្ឋកុំធ្វើការចែកចាយបន្តទៀតនាំតែមានការភ័ន្តច្រឡំយ៉ាងធ្ងន់ធ្ងរ និងប៉ះពាល់ដល់កិត្តិយសម្តេចតេជោ ហ៊ុន សែន យ៉ាងខ្លាំង៕