(សៀមរាប)៖ ថ្នាក់ដឹកនាំ និងបុគ្គលិកនៃអង្គការ Norwegian People’s Aid ដែលជាអង្គការដោះមីននៃប្រទេសន័រវេស បានស្ម័គ្រចូលរួមដាំកូនឈើនៅខាងត្បូងកសិន្ធុអង្គរវត្ត ក្នុងឱកាសធ្វើដំណើរកម្សាន្តក្នុងខេត្តសៀមរាប នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។

តាមការឱ្យដឹងពីលោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា, ថ្នាក់ដឹកនាំ និងបុគ្គលិកនៃអង្គការនេះមានគ្នាប្រមាណ៩០នាក់ បានចូលរួមដាំកូនឈើចំនួន១៨០ដើម និងស្មៅ៣០០ម៉ែត្រការ៉េ នៅក្នុងរមណីយដ្ឋានអង្គរ។ ដើមឈើដែលដាំនៅពេលនេះ រួមមាន ដើមបេង ធ្នង់ រំដួល និងគគីរ។

មន្ត្រីអាជ្ញាធរជាតិអប្សរាបានចាត់ទុកសកម្មភាពនេះ គឺចូលរួមលើកតម្លៃ​បរិស្ថាន និងបង្កើតភាពបៃតង​ក្នុងតំបន់រមណីយដ្ឋានអង្គរ ស្របពេលអាជ្ញាធរជាតិអប្សរារៀបចំ​កែលម្អ​តំបន់ពុំមានរបៀបរៀបរយ ដោយដាំបំពេញដើមឈើ និងស្មៅឡើងវិញ។

គួរជម្រាបថា គិតពីឆ្នាំ២០២២មក អាជ្ញាធរជាតិអប្សរាបានដាំកូនឈើបានជាង៤៨,៧៨៨ដើម និងដាំស្មៅបាន៣៥,៥៣១ម៉ែត្រការ៉េ គឺដាំនៅតាមដីដែលបានសម្អាតលើទីតាំងចាស់ដែលពលរដ្ឋធ្លាប់រស់នៅ បន្ទាប់ពីពួកគេព្រមទទួលយកគោលនយោបាយពីរាជរដ្ឋាភិបាល​ចេញទៅរស់នៅ​តំបន់​រុនតាឯក និងពាក់ស្នែង៕