(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បង្ហោះរូបថតមួយសន្លឹក ជាមួយពាក្យពេចន៍ថា «ថ្ងៃទីមួយ នៅក្នុងបន្ទប់ការិយាល័យធ្វើការថ្មី» នៅវិមានសន្តិភាព។

សូមជម្រាបថា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គលើកដំបូង នៃគណៈរដ្ឋមន្រ្តីថ្មី អាណត្តិទី៧។

ប្រវត្តិនៃការសិក្សារបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖

ឯកឧត្តម ហ៊ុន ម៉ាណែត គឺជាកូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ ឯកឧត្តមកើតនៅថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៧៧ នៅភូមិកោះថ្ម ស្រុកមេមត់ ខេត្តកំពង់ចាម (បច្ចុប្បន្នជាខេត្តត្បូងឃ្មុំ) ក្នុងអំឡុងពេលដែលសម័យខ្មែរក្រហមគ្រប់គ្រង។ ឯកឧត្តមបានរៀបការជាមួយលោកជំទាវ ពេជ ចន្ទមុន្នី និងមានកូនស្រី២នាក់ និងកូនប្រុសម្នាក់។

- នៅឆ្នាំ១៩៨០-១៩៩០៖ សិក្សានៅបឋមសិក្សា និងមធ្យមសិក្សាកុមារី (បច្ចុប្បន្នសាលាបឋមសិក្សា និងមធ្យមសិក្សាចតុមុខ

- នៅឆ្នាំ១៩៩០-១៩៩៣ ៖ សិក្សានៅវិទ្យាល័យភ្នំដូនពេញ (បច្ចុប្បន្នវិទ្យាល័យព្រះស៊ីសុវត្ថិ) ជាអតីតសិស្សពូកែគណិតវិទ្យា ដោយប្រឡងជាប់ចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេសផ្នែកគណិតវិទ្យា

- នៅឆ្នាំ១៩៩៥-១៩៩៩៖ សិក្សានៅសាលាបណ្ឌិតយោធានៅទីក្រុង West Point នៅអាមេរិកដោយទទួលបានសញ្ញាបត្រនៅថ្ងៃទី ២៩
- ឧសភា-១៩៩៩។ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាជនជាតិកម្ពុជាដំបូងគេ ដែលបានចូលរៀននៅសាលា West Point។
នៅឆ្នាំ១៩៩៥ ពេលឯកឧត្តមបណ្ឌិតចេញទៅរៀននៅសហរដ្ឋអាមេរិកឯកឧត្តមបានចូលបម្រើការងារកងទ័ពរួចទៅហើយ នៅក្នុងកងយោធពលខេមរភូមិន្ទ។

- នៅឆ្នាំ២០០២៖ ឯកឧត្តមបណ្ឌិតទទួលបានសញ្ញាបត្រថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ New York សហរដ្ឋអាមេរិក

- នៅឆ្នាំ២០០៨៖ ឯកឧត្តមបណ្ឌិត ទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស។

ប្រវត្តិសង្ខេបការងារឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលទទួលបានចំណេះដឹងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យ West Point សហរដ្ឋអាមេរិកត្រូវជាកូនប្រុសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានបំពាក់ឋានន្តរស័ក្ដិ ថ្នាក់វរសេនីយ៍ឯក ( ស័ក្ដិ៥ ) តាំងពីនៅមានអាយុ៣០ឆ្នាំ ដំណាលគ្នានឹងការតែងតាំងមុខតំណែងជាប្រធាននាយកដ្ឋានពិសេស នៃលេខាធិការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម និងជាមេបញ្ជាការ នៃបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម នៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ( គ.ជ.ប.ភ ) ដោយអនុក្រឹត្យលេខ ៧៥អនក្រ.តត ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៨ ។

ឯកឧត្តម ហ៊ុន ម៉ាណែត បានទទួលនូវតំណែងជាបន្តបន្ទាប់ដូចតទៅ៖

- ឯកឧត្តមវរសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងក្របខ័ណ្ឌជានាយអាវុធហត្ថនៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ អត្តលេខ ០៣៣៨៨៣ ទទួលបានការដំឡើងឋានន្តរស័ក្ដិ ថ្នាក់ឧត្តមសេនីយ៍ត្រី ( ផ្កាយ១ ) ដោយព្រះរាជក្រឹត្យលេខ នស/រកត/០១០៩/០៦៩ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០០៩ ។

- ឯកឧត្តមឧត្តមសេនីយ៍ត្រី ហ៊ុន ម៉ាណែត ទទួលបានការតែងតាំងជា មេបញ្ជាការរងនៃបញ្ជាការដ្ឋានអង្គរក្ស និងជានាយរងសេនាធិការចម្រុះ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ បន្ថែមលើមុខងារបច្ចុប្បន្ន ដោយអនុក្រឹត្យលេខ ៩៦៤អនក្រ.តត ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១០។

- ឯកឧត្តមឧត្តមសេនីយ៍ត្រី ហ៊ុន ម៉ាណែត ទទួលបានការតែងតាំងជា មេបញ្ជាការរង នៃបញ្ចាការដ្ឋានកងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន ដោយអនុក្រឹត្យលេខ ១១៥០អនក្រ.តត ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១០។

- ឯកឧត្តមឧត្តមសេនីយ៍ត្រី ហ៊ុន ម៉ាណែត ទទួលបានការដំឡើងឋានន្តរស័ក្ដិ ថ្នាក់ឧត្តមសេនីយ៍ទោ ( ផ្កាយ២ ) ដោយព្រះរាជក្រឹត្យលេខ នស/រកត/១២១០/៩២១ ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១០ ។

- ឯកឧត្តមឧត្តមសេនីយ៍ទោ ហ៊ុន ម៉ាណែត ទទួលបានការដំឡើងឋានន្តរស័ក្ដិថ្នាក់ឧត្តមសេនីយ៍ឯក ( ផ្កាយ៣ ) ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៦១៣/៦៧១ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៣ ។

- ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលបានការតែងតាំងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ បន្ថែមលើមុខងារបច្ចុប្បន្នដោយព្រះរាជក្រឹត្យលេខ នស/រកត/០៧១៨/៦៩៥ ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨។

- ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលបានការតែងតាំងជាមេបញ្ជាការនៃបញ្ជាការដ្ឋានកងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩៣៣ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ។

- ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលបានការដំឡើងឋានន្តរស័ក្ដិ នាយឧត្តមសេនីយ៍ ( ផ្កាយ៤ ) ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៣២៣/៤៥៤ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ពោលគឺនៅពេលមានអាយុ៤៥ឆ្នាំ៕