(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានថ្លែងថា ការអនុវត្តចក្ខុវិស័យនាយករដ្ឋមន្ត្រី ក្នុងការជំរុញកំណែទម្រង់, ពង្រឹងរដ្ឋបាលសាធារណៈ និងការធ្វើទំនើបកម្មស្ថាប័នសាធារណៈ គឺជាបេសកកម្មចម្បង៣ របស់ក្រសួងមុខងារសាធារណៈ ក្នុងអាណត្តិទី៧។
ការថ្លែងបែបនេះរបស់លោក ហ៊ុន ម៉ានី បានធ្វើឡើងក្នុងពិធីសំណេះសំណាល និងកំណត់ទិសដៅការងារ នៃក្រសួងមុខងារសាធារណៈលើកដំបូងក្នុងអាណត្តិទី៧ ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការក្នុងវិស័យមុខងារសារធារណៈទូទាំងរាជធានី-ខេត្ត សរុបប្រមាណជាង ១០០០នាក់ នាព្រឹកថ្ងៃច័ន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣។
ពិធីសំណេះសំណាលនេះដែរ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីជួបសំណេះសំណាល និងថ្លែងអំណរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារ នាអាណត្តិកន្លងមក ក៏ដូចជាការកំណត់ទិសដៅការងារជាអាទិភាពឆ្ពោះទៅមុខ សម្រាប់ក្រសួងមុខងារសាធារណៈ។
ក្នុងឱកាសដ៏ពិសេសនៃពិធីសំណេះសំណាលជាមួយមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី បានចាប់ផ្តើមប្រសាសន៍ ដោយការថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់សេចក្តីទុកចិត្តឱ្យកាន់មុខតំណែងជា រដ្ឋមន្ត្រីក្រសួងមុខងារសារធារណៈ សម្រាប់អាណត្តិទី៧។
លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់រំម្លឹកនូវកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលសំខាន់ៗកន្លងមក ក្រោមការដឹកនាំក្រសួងគ្រប់ៗរូប និងមន្ត្រីទាំងអស់នៃក្រសួងមុខងារសាធារណៈ ដែលបានបំពេញការងារយ៉ាងសកម្ម ចាប់តាំងពីការកកើតស្ថាប័ននេះ រហូតដល់បច្ចុប្បន្ន។
ជាមួយគ្នានេះ លោក ហ៊ុន ម៉ានី បានកំណត់បេសកកម្មចម្បង ក្នុងការដឹកនាំក្រសួងមុខងារសាធារណៈមាន ៣ចំណុច ដូចជាទី១៖ ការអនុវត្តចក្ខុវិស័យរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ទី២៖ ការជំរុញកំណែទម្រង់ និងពង្រឹងរដ្ឋបាលសាធារណៈប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងរដ្ឋាភិបាលអាណត្តិទី៧ ឆ្ពោះទៅឆ្នាំ២០២៨ និងអនាគត និង (៣៖ ចូលរួមចំណែកក្នុងការលើកស្ទួយ និងការធ្វើទំនើបកម្មស្ថាប័នសាធារណៈ)។
ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងមុខងារសាធារណៈ នាព្រឹកនេះបានបញ្ចប់ដោយប្រកបដោយភាតរភាព និងសាមគ្គីភាព ព្រមទាំងភាពជឿជាក់យ៉ាងមុតមាំ ក្នុងការរួមគ្នាដោះស្រាយបញ្ហានានា និងចូលរួមក្នុងការអនុវត្តការងារកែទម្រង់ រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា៕