(អាឡឺម៉ង់)៖ លោក Andreas Lubitz ជា​ Co-Pilot របស់ក្រុមហ៊ុន Germamwings ដែល​បានធ្លាក់នៅជួរភ្នំAlps កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ធ្លាប់បានស្វែងរកការព្យាបាលបញ្ហាភ្នែក

ដែលជាបញ្ហាអាចបង្កផលប៉ះពាល់ដល់សមត្ថភាពការងារជាអ្នកបើកបរយន្តហោះ។ នេះបើយោងតាមការលើកឡើងរបស់ ​មន្ត្រីជំនាញផ្នែកស៊ើបអង្កេតពីររូប​ ដកស្រង់ដោយសារព័ត៌មាន Reuters ចេញផ្សាយនៅយប់ថ្ងៃសៅរ៍ ទី២៨ ខែមីនា នេះ។

ការទម្លាយអាថ៌កំបាំងពីបញ្ហាភ្នែក បានផ្តល់ព័ត៌មានបន្ថែមអំពីអ្នកបើកបរយ​ន្តហោះ​ជនជាតិអាល្លឺម៉ង់រូបនេះ ដែលមុននេះបន្តិចត្រូវ បានអាជ្ញាធរបញ្ជាក់ថា លោកក៏ធ្លាប់ទទួល​ការព្យាបាល​ផ្នែកផ្លូវចិត្តផងដែរ ហើយលោកព្យាយាមលាក់បាំង ​ស្ថានភាពជំងឺនេះ​មិនឲ្យម្ចាស់ក្រុមហ៊ុនអាកាសចរណ៍បានដឹងនោះឡើយ។

មិនទាន់មានប្រភពព័ត៌មានណាមួយអាចបញ្ជាក់ថា តើ​បញ្ហាភ្នែករបស់លោក ធ្ងន់ធ្ងរកម្រិតណា តើវាអាចមានទំនាក់ទំនងជាមួយ ​ស្ថានភាពផ្លូវចិត្តរបស់លោកដែរឬយ៉ាងណានោះទេ។ សូមជម្រាបថា ប៉ូលិសបានរកឃើញលិខិត​ពេទ្យនៅក្នុងលំនៅដ្ឋានរបស់លោក ដែលបញ្ហាក់ថា ស្ថានភាពជំងឺរបស់លោកមានកម្រិតធ្ងន់ធ្ងរ រហូតមិនអំណោយផលសម្រាប់លោកធ្វើការបានឡើយ។  

នៅក្នុងចំណោមលិខិតទាំងនោះ មានលិខិតខ្លះត្រូវបានលោក បោះចោលនៅក្នុងធុងសម្រាម ដែលអាចជួយបញ្ជាក់ថា លោកបានលាក់បាំងបញ្ហានេះជាមួយ​ក្រុមហ៊ុន។ ស្រ្តីម្នាក់ដែលជាអ្នកនាំពាក្យ​របស់មន្ទីរពេទ្យមិនបាន​ប្រាប់ថា តើលោកពិតជាបានព្យាបាលភ្នែក ដែរឬយ៉ាងណានោះទេ ដោយបញ្ជាក់ថានេះជា​សិទ្ធឯកជនរបស់អ្នកជំងឺ។

តាមរយៈការលើកឡើងរបស់​​មិត្តភកិ្ត និង​មនុស្សដែលជំនិតនឹង Co-pilot រូបនេះបានបញ្ជាក់ថា លោកជាមនុស្សដែលស្រឡាញ់ការងារជាអ្នកបើកបរយន្តហោះនេះណាស់។
លោកបានចូលរួមក្នុងក្លឹប ហ្វឹកហាត់បើកបរយន្តហោះតាំងពីអាយុ១៤ឆ្នាំមកម្ល៉េះ។ ឬមួយបញ្ហាភ្នែកនេះ ជាកត្តាមួយផ្នែកដែលធ្វើឲ្យលោកមានសម្ពាធផ្លូវចិត្ត?

www.freshnewsasia.com

www.freshnewsasia.com