(បន្ទាយមានជ័យ)៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនជនជាតិថៃប្រុសស្រីចំនួន៣នាក់ ករណីចែកចាយគ្រឿងញៀន នៅចំណុចភូមិបាលិលេយ្យ១ សង្កាត់អូរជ្រៅ នាវេលាម៉ោង ៣រសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣។

ប្រតិបត្តិការនេះ ធ្វើឡើងតាមការបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្រោមការសម្របសម្រួលពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបន្ទាយមានជ័យ។

ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានដកហូតបានវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លា (ខេទឹកកក)ចំនួន១៣ថង់ទម្ងន់១៥.០ក្រាម(ថ្លឺងសាច់ថ្នាំសុទ្ធ), កញ្ឆាក្រៀមចំនួន០៦ថងទម្ងន់២,១៥៨.៨១ក្រាម (ថ្លឺងទាំងសំបកថង់), កូនជញ្ជីងចំនួន១០, សំបកថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន, ម៉ាស៊ីនអ៊ុតថង់ចំនួន០១, ថ្នាំទឹកសប្បាយចំនួន១៨ដប, បារីអេឡិចត្រូនិកចំនួន០២, គ្រាប់កាំភ្លើងខ្លីចំនួន០៥គ្រាប់, លិខិតឆ្លងដែន០១ក្បាល, ប័ណ្ណព្រំដែន០១ក្បាល, អត្តសញ្ញាណប័ណ្ណជនជាតិថៃ ចំនួន០៣សន្លឹក, ទូរស័ព្ទដៃចំនួន០២គ្រឿង, ឧបករណ៍កែច្នៃសម្រាប់ជក់គ្រឿងញៀនចំនួន០២ និងឧបករណ៍កែច្នៃសម្រាប់ជក់កញ្ឆាចំនួន០១។

នគរបាលប្រឆាំងគ្រឿង បានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ តែងតែលួចលក់ថ្នាំញៀនយ៉ាងសកម្មនៅចំណុចភូមិបាលិលេយ្យ១។ ក្រោយមានហេតុការណ៍នេះកើតឡើង ប្រជាពលរដ្ឋបានរាយការណ៍មក ការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន។

ក្រោយទទួលបានព័ត៌មានហើយ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងជំនាញចុះដល់កន្លែងជនសង្ស័យកំពុងលួចលក់ថ្នាំញៀន រហូតឃាត់ខ្លួនបានមនុស្ស៣នាក់ ក្នុងនោះមានស្រីម្នាក់ នាំមកអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីសួនាំ។

លោកវរសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ថា ជនសង្ស័យជាជនជាតិថៃទាំង៣នាក់ រួមមាន៖

ទី១៖ ឈ្មោះ ឆៃឆាណៈ ពីខង ហៅផយ ភេទប្រុស អាយុ៣២ឆ្នាំ (ធ្លាប់ជាប់ពន្ធនាគារ២០ខែ ពីបទជួញដូរគ្រឿងញៀន)
ទី២៖ ឈ្មោះ មិលវីឡានី ថងថាប់ ភេទស្រី អាយុ៤០ឆ្នាំ
ទី៣៖ ឈ្មោះ ម៉ុងគុត ហមផាណា ភេទប្រុស អាយុ២៨ឆ្នាំ (ធ្លាប់ជាប់ពន្ធនាគារ២០ខែពីបទរំលោភ) ជនសង្ស័យជាជនជាតិថៃ ប្រុស ស្រីទាំង៣នាក់ ត្រូវបញ្ជូនមស្នងការខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្ត៕