(កំពង់ឆ្នាំង)៖ ដោយសារតែកន្លងមក ប្រជាពលរដ្ឋអ្នកធ្វើដំណើរតាមដងផ្លូវជាតិលេខ៥ ពិសេសត្រង់ចំណុចផ្លូវបំបែកជា៤ តាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លវវាងក្រុងកំពង់ឆ្នាំង ស្ថិតក្នុងភូមិអូរកណ្ដាល ឃុំជ្រៃបាក់ តែងជួបករណីគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ ទើបអាជ្ញាធរឃុំជ្រៃបាក់ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំប្រជាពលរដ្ឋ ពុទ្ធបរិស័ទក្នុងមូលដ្ឋានប្រារព្ធពិធីរាប់បាត្រព្រះសង្ឃចំនួនជាង៣០អង្គ និងនិមន្តព្រះស ង្ឃប្រោះព្រហ្ម បណ្ដេញឧបទ្រពចង្រៃនៅលើផ្លូវសាធារណៈ ដើម្បីសុំមកវិញនូវសេចក្តីសុខសេចក្តីចម្រើន និងសុវត្ថិភាពដល់ប្រជាពលរដ្ឋអ្នកធ្វើដំណើរតាមផ្លូវសាធារណៈខាងលើនេះ ក៏ដូចជានៅតាមបណ្ដាផ្លូវសាធារណៈនានា ជាច្រើនផ្សេងទៀត។

នៅក្នុងពិធីនោះ ក៏មានវត្តមានលោក សោម វឺន ប្រធា នក្រុមប្រឹក្សាស្រុកលាប្អៀរ លោក តាំង ប៊ុនទត មេឃុំជ្រៃ បាក់ លោក ចាន់ ឡេង ជំទប់ទីមួយឃុំជ្រៃបាក់ រួមនឹងក្រុមប្រឹក្សាឃុំ សមត្ថកិច្ចមូលដ្ឋាន និងប្រជាការពារ ជាច្រើនរូបទៀត ដែលបានមកចូលរួមជួយធ្វើចរាចរណ៍ និងរៀបចំសន្តាប់ធ្នាប់តាមផ្លូវជាតិបង្កលក្ខណៈដល់កម្មវិធីខាងលើនេះផងដែរ។

លោក តាំង ប៊ុតទត មេឃុំជ្រៃបាក់ បានឱ្យដឹងថា ពិធីសូត្រ មន្តរាប់បាតព្រះសង្ឃ និងនិមន្តព្រះសង្ឃប្រោសព្រហ្មលើករាសីនៅលើផ្លូវសាធារណៈ និងបណ្ដេញនូវឧបទ្រព្ទចង្រៃ ដោយសុំមកវិញនូវសេចក្តីសុខ សេចក្តីចម្រើន និងសុខសុ វត្ថិភាពដល់ប្រជាពលរដ្ឋអ្នកធ្វើដំណើរតាមដងផ្លូវសាធារណៈទាំងនៅទីនេះក៏ដូចជានៅតាមបណ្ដាផ្លូវសាធារណៈផ្សេងៗទៀត។

ពិធីបែបព្រះពុទ្ធសាសនាដែលបានរៀបចំធ្វើខណៈពេលនេះ គឺដោយសារតែរយៈពេលកន្លងមកនៅចំណុចផ្លូវបំបែកជា៤ ផ្លូវជាតិលេខ៥ គឺផ្លូវវាងក្រុងកំពង់ឆ្នាំងនេះ តែងជួបករណីគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ ក្នុងនោះបណ្ដាលឱ្យប្រជាពលរដ្ឋរងគ្រោះ មានស្លាប់និងរបួសផងនោះ។ ទើបលោក និងក្រុមប្រឹក្សាឃុំរួមនឹងអាជ្ញាធរមូលដ្ឋាន បានមូលមតិគ្នា និងដោយបានសុំការអនុញ្ញាតពីអាជ្ញាធរស្រុករលាប្អៀរផង រៀបចំពិធីបែបព្រះពុទ្ធសាសនានេះឡើងគឺដើម្បីសុំនូវសេចក្តីសុខសេចក្តីចម្រើន និងបញ្ជៀសនូវភាពឧបទ្រព្ចចង្រៃកុំឱ្យកើតមានមកលើប្រជាពលរដ្ឋអ្នកធ្វើដំណើរជាបន្តទៀត។

លោកសូមផ្ដាំផ្ញើប្រជាពលរដ្ឋប្រើប្រាស់ផ្លូវទាំងអស់ ជាពិសេសអ្នកធ្វើដំណើរឆ្លងកាត់ទីនេះពេលមកដល់ផ្លូវខ្វែងជា៤នេះ ត្រូវតែមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់មុននឹងឆ្លងកាត់ត្រូវឈប់រថយន្ត ឬយានយន្តដើម្បីមើលឆ្វេងមើលស្ដាំ ឱ្យបានត្រឹមត្រូវជាមុនសិនមុននឹងសម្រេចឆ្លងកាត់។

ដោយឡែកលោក កង សំអឿន អធិការរងទទួលផែនចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ក៏បានឱ្យដឹងថា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចណុចផ្លូវវាងក្រុងកំពង់ឆ្នាំង ពិសេសចំណុចផ្លូវបំបែកជា៤នេះ កន្លងមកគឺតែងកើតមានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់។

ប៉ុន្តែមួយរយៈពេលចុងក្រោយនេះ គឺពុំមាននោះទេ ករណីនេះក៏ដោយសារតែប្រជាពលរដ្ឋអ្នកធ្វើដំណើរពួកគាត់មានការយល់ដឹងអំពីច្បាប់ចរាចរណ៍ និងស្លាកសញ្ញាចរាចរណ៍បានត្រឹមត្រូវពិសេសគឺការយោគយល់ និងអធ្យាស្រ័យឱ្យគ្នាក្នុងការបើកបរផងដែរ។

លោកបានបញ្ជាក់ទៀតថា ទាំងនៅចំណុចផ្លូវបំបែកជា៤នេះ ក៏ដូចជានៅតាមបណ្ដាផ្លូវសាធារណៈនានាក្នុងស្រុករលាប្អៀរកន្លងមកមន្ត្រីសមត្ថកិច្ចចរាចរណ៍ តែងសហការតាមបណ្ដាប៉ុស្តិ៍មូលដ្ឋាន រួមនឹងប្រជាការពារ ចុះអប់រំណែនាំដល់ពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ឱ្យពួកគាត់មានការយល់ដឹងអំពីច្បាប់ចរាចរណ៍ និងបានណែនាំពួកគាត់ស្គាល់អំពីសា្លកសញ្ញាចរាចរណ៍ ពិសេសគឺណែនាំឱ្យពួកគាត់ត្រូវតែចៀសវាងការបើកបរ ក្នុងស្ថានភាពស្រវឹង និងពេលបើកបរត្រូវគោរពនូវស្លាកសញ្ញាចរាចរណ៍ដែលមាននៅតាមដងផ្លូវសាធារណៈ៕