(ភ្នំពេញ)៖ ការចរចាប្រាក់ឈ្នួលអប្បបរាលើកទី៤ របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ មិនទាន់មានការប្រែប្រួលតួលេខនៅឡើយទេ ដោយភាគីសហជីពនៅតែប្រកាន់ជំហររក្សាតួលេខ២១៥ដុល្លារដូចមុន រីឯភាគីនិយោជកក៏នៅតែរក្សាតួលេខ២០១ដុល្លារដដែលដូចគ្នា។

គិតត្រឹមថ្ងៃនេះ កិច្ចប្រជុំពិភាក្សាចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាសរុបមានចំនួន១៥លើក ដែលរួមមានកិច្ចប្រជុំជាលក្ខណៈទ្វេភាគី និងត្រីភាគីចំនួន៩លើក និងកិច្ចប្រជុំផ្ទៃក្នុងរបស់ភាគីនីមួយៗចំនួន៦លើក។ ក្នុងនោះនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ មានកិច្ចពិភាក្សាចំនួន៥លើកផ្សេងគ្នា ដោយមានកិច្ចប្រជុំផ្ទៃក្នុងភាគីនីមួយៗចំនួន ៣លើក និងកិច្ចប្រជុំត្រីភាគីចំនួន២លើក។ ភាគីទាំងពីរបានបន្តពន្យល់គ្នាទៅវិញមកទៅលើគោលជំហររបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងភាពចាស់ទុំ។ ជាមួយគ្នានេះ តំណាងភាគីរាជរដ្ឋាភិបាលបានបន្តសម្របសម្រួល និងផ្តល់នូវការពន្យល់បន្ថែម ពាក់ព័ន្ធនឹងលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ចជូនតំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជកផងដែរ។

ជាលទ្ធផល «តំណាងភាគីកម្មករនិយោជិតបានបន្តរក្សាតួលេខចំនួន ២១៥ដុល្លារអាម៉េរិក និងតំណាងភាគីនិយោជកបានបន្តរក្សាតួលេខចំនួន២០១ដុល្លារអាម៉េរិក»

អង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាបន្តទៀតនៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ និងខិតខំបញ្ចប់កិច្ចប្រជុំចរចាប្រាក់ឈ្នួលអប្បបរមា នៅត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣៕