(បាត់ដំបង)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានបើកវគ្គបណ្ដុះបណ្ដាលស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅរដ្ឋបាលឃុំសង្កាត់ ជូនជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់ នៃខេត្តបាត់ដំបង ចំនួន១០៣ នាក់។ វគ្គបណ្ដុះបណ្ដាលនេះ គឺដើម្បីពង្រឹងពង្រីកសមត្ថភាព និងលើកកម្ពស់ចំណេះដឹងពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

កម្មវិធីនេះបានប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោក ពេជ្រ សម្បត្តិ អនុរដ្ឋលេខធិការ តំណាងលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង មានការចូលរួមពីលោកអភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងគ្រូបង្គោល និងសិក្ខាកាមគោលដៅ។

លោកអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តែងបានយកចិត្តទុកដាក់ជានិច្ចលើការកសាង និងការអភិវឌ្ឍសមត្ថភាព សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយមានវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជាសេនាធិការលើមុខងារបណ្តុះបណ្ដាល និងវិក្រឹតការ ។ លើសពីនេះ, មាត្រា ១៤ នៃច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មីបានកំណត់ថា មន្ត្រីរាជការជំនាញហិរញ្ញវត្ថុសាធារណៈ នៃក្រសួងស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលថ្នាក់ក្រោមជាតិ និង គ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលមានភារកិច្ចអនុវត្តការងារហិរញ្ញវត្ថុ ត្រូវមានគុណវុឌ្ឍិវិជ្ជាជីវៈ តាមប្រភេទមុខតំណែងការងារនីមួយៗ។ គុណវុឌ្ឍិវិជ្ជាជីវៈតាមប្រភេទមុខតំណែងការងារនីមួយៗ ត្រូវកំណត់ដោយអនុក្រឹត្យ តាមការស្នើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង បទប្បញ្ញត្តិជាធរមាន ។

លោកអធិបតី បានសង្កត់ធ្ងន់ថា វគ្គបណ្ដុះបណ្ដាលស្ដីពី ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅរដ្ឋបាលឃុំសង្កាត់ នៅពេលនេះ គឺជាកម្មវិធីដ៏សំខាន់មួយនៃការកសាងនិងការអភិវឌ្ឍសមត្ថភាពមន្ត្រីជំនាញហិរញ្ញវត្ថុសាធារណៈ ជាពិសេសសម្រាប់ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់ ដើម្បីចូលរួមចំណែកក្នុងការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃសេវាសាធារណៈជូនប្រជាជន ។ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាកម្មវិធីអាទិភាពមួយ ក្នុងចំណោមកម្មវិធីកែទម្រង់អាទិភាពគន្លឹះៗរបស់រាជរដ្ឋាភិបាល ដែលមានចក្ខុវិស័យ គឺ «ការប្រែក្លាយប្រព័ន្ធថវិកាកម្ពុជា ទៅជាប្រព័ន្ធមួយផ្ដោតលើលទ្ធផល ឬ សមិទ្ធកម្មនិងវិមជ្ឈការ»។

បច្ចុប្បន្នកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបានឈានដល់ដំណាក់កាលទី ៤ (២០២៣-២០២៧) គឺ គណនេយ្យភាពសមិទ្ធកម្ម ជាដំណាក់កាលចុងក្រោយ និង ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២៣ កន្លងទៅនេះ ។

ការណ៍នេះ ធ្វើឱ្យគ្រប់ក្រសួងស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ ចាំបាច់ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ថែមទៀត លើការពង្រឹងពង្រីកសមត្ថភាព និង ជំនាញវិជ្ជាជីវៈ ជូនមន្ត្រីជំនាញហិរញ្ញវត្ថុសាធារណៈ ដោយហេតុថា ការផ្ទេរសិទ្ធអំណាច, ភាពជាម្ចាស់, និង ការទទួលខុសត្រូវ កាន់តែច្រើនទ្បើង ត្រូវបានផ្ទេរទៅដល់ក្រសួងស្ថាប័ន និង មន្ទីរអង្គភាពជំនាញក្រោមឱវាទ រួមនឹងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការរៀបចំ និង ការអនុវត្តថវិកាកម្មវិធីពេញលេញ និង អង្គភាពថវិកា៕