(ព្រះវិហារ)៖ អាជ្ញាធរស្រុកជាំក្សាន្ត និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានចុះពិនិត្យទីតាំងដក់ទឹក ១កន្លែង លើចិញ្ចើមផ្លូវកំណាត់ផ្លូវជាតិលេខ៦២ ចំណុច គ.ម២០៤+៣០០ ស្ថិតក្នុងភូមិសាស្ត្រភូមិត្រពាំងសង្កែខាងលិច ឃុំកន្ទួត ស្រុកជាំក្សាន្ត ដើម្បីរកវិធានការរំដោះទឹកចេញ សម្រួលដល់ការរស់នៅ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោក វុធ តារ៉ា អភិបាលស្រុកជាំក្សាន្ត បានថ្លែងថា ដោយសាររដូវវស្សាឆ្នាំនេះទឹកភ្លៀងធ្លាក់ច្រើន ធ្វើឱ្យតំបន់មួយចំនួននៅក្នុងភូមិសាស្ត្រស្រុកជាំក្សាន្តរងការដក់ទឹក និងកន្លែងខ្លះលិចតែម្តង ធ្វើឱ្យប៉ះពាល់ដល់ការរស់នៅ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ដោយឡែកទីតាំងចំណុចដក់ទឹកលើចិញ្ចើមផ្លូវជាតិលេខ៦២ ដែលរូបលោក និងជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ចុះពិនិត្យនាពេលនេះ មិនត្រឹមតែបង្កផលវិបាកដល់ប្រជាពលរដ្ឋរស់នៅទីនេះទេ តែក៏ធ្វើឱ្យមានការប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរផងដែរ។

បន្ទាប់ពីបានចុះពិនិត្យជាក់ស្តែង លោកនឹងដាក់ផែនការឱ្យរដ្ឋបាលឃុំ ចុះអប់រំ ណែនាំប្រជាពលរដ្ឋដែលរស់នៅសង្ខាងផ្លូវ ធ្វើយ៉ាងណាកុំឱ្យចាក់ដីខ្ពស់ជាងផ្លូវ និងកុំយកចំណីផ្លុវធ្វើអាជីវកម្ម ដោយលោកឱ្យធ្វើការរុះរើតូបលក់ដូរ ដែលរំលោភចូលចិញ្ចើមផ្លូវចេញ ដើម្បីឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ កៀរសំអាតចិញ្ចើមផ្លូវឡើងវិញ ដើម្បីរំដោះទឹកដែលដក់ចេញ។

ក្នុងនាមរដ្ឋបាលស្រុកជាំក្សាន្ត លោក វុធ តារ៉ា សូមថ្លែងនូវការអរគុណលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដែលបានចាត់មន្ត្រីជំនាញចុះមកសហការជាមួយអាជ្ញាធរ ក្នុងទិសដៅសម្រួលការលំបាករបស់ប្រជាពលរដ្ឋ ក៏ដូចជាទិសដៅអភិវឌ្ឍតំបន់នេះនេះឱ្យមានសោភ័ណភាពប្រសើរឡើងវិញផងដែរ៕