(ភ្នំពេញ)៖ បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងលោកស្រី រួមជាមួយក្រុមការងារ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌ដ៏ថ្លៃថ្លា របស់សមាគមសង្គហមិត្តមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជូនដល់អង្គការមូលនិធិកុមារកម្ពុជា ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

អំណោយសប្បុរសធម៌ ដែលបានផ្តល់ជូនអង្គការមូលនិធិកុមារកម្ពុជា នាឱកាសនេះ រួមមាន អង្ករចំនួន ៤តោន, សៀវភៅសរសេរចំនួន ២៥០០ ក្បាល, ប៊ិចសរសេរចំនួន ៥០០០ដើម, ត្រីខកំប៉ុងចំនួន ៥០០យួរ និងថវិកាឧបត្ថម្ភមួយចំនួន ព្រមទាំងជូនដល់ចាស់ជរាចំនួន ៩៣នាក់ ក្នុងម្នាក់ៗ អង្ករ ១០គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ និងទឹកស៊ីអ៊ីវ ១យួរផងដែរ។

នាឱកាសនោះ លោករដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី បានសម្តែងសេចក្តីសោមនស្សរីករាយ ដែលបានមកជួបសំណេះសំណាល និងនាំយកនូវអំណោយសប្បុរសធម៌មួយចំនួន មកចូលរួមចំណែកជួយឧបត្ថម្ភគាំទ្រ ដល់តម្រូវការជាមូលដ្ឋានរបស់កុមារ និងជនងាយរងគ្រោះនានា តាមរយៈអង្គការនេះ។

ទន្ទឹមនេះ លោករដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី បានថ្លែងអំណរគុណដល់គណៈគ្រប់គ្រង អង្គការមូលនិធិកុមារកម្ពុជា ជាពិសេសលោក Scott Neeson ជាស្ថាបនិក និងជានាយកប្រតិបត្តិអង្គការមូលនិធិកុមារកម្ពុជា ដែលបានលះបង់កម្លាំងកាយចិត្ត ធនធាន និងពេលវេលាផ្ទាល់ខ្លួន ប្រកបដោយចិត្តសប្បុរសធម៌ ក្នុងការបង្កើតអង្គការនេះ ឡើងតាំងពីឆ្នាំ២០០៤ មក ដោយបានជួយដល់កុមារកម្ពុជាជាច្រើននាក់ ឱ្យបានរៀនសូត្រ និងមានអនាគតល្អប្រសើរ។

គួរបញ្ជាក់ផងដែរថា ការចុះនាំយកអំណោយសប្បុរសធម៌ចែក ជូនដល់អង្គការមូលនិធិកុមារកម្ពុជានេះ ធ្វើឡើងដោយប្រើប្រាស់មូលនិធិសប្បុរសធម៌ ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០២០ ក្រោមក្របខណ្ឌសមាគមសង្គហមិត្តមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្នុងស្មារតីចូលរួមចំណែកផ្តល់ជំនួយគាំទ្រ សម្រាប់សម្រាលដល់ការលំបាក ចំពោះអង្គការ សមាគម មណ្ឌលកុមារកំព្រា និងជនងាយរងគ្រោះនានាជាដើម៕