(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា (JICA) បានប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការ និងបន្តការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការសម្រេចឱ្យបានទិសដៅអភិវឌ្ឍន៍ជនបទ ឱ្យមានភាពប្រសើរឡើង ពិសេសផ្ដោតលើការកសាងហេដ្ឋារចនាសម្ពនរូបវន្ត សាលារៀន មន្ទីរពេទ្យ ក៏ដូចជាផ្ដល់ការអប់រំ បញ្ជូនអ្នកឯកទេសមកបណ្តុះបណ្តាល នៅកម្ពុជាជាដើម។

ការប្ដេជ្ញានេះធ្វើឡើងក្នុងឱកាសដែលលោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឱ្យលោក សានូអ៉ិ កាហ្ស៊ូម៉ាសា (SANUI Kazumasa) ប្រធានទីភ្នាក់ងារ JICA ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ JICA ដែលតែងតែមានកិច្ចសហប្រត្តិការ និងផ្តល់ជាជំនួយមកកម្ពុជា តាំងពីរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។

លោករដ្ឋមន្ត្រីបានជម្រាបបន្ថែម នូវយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវបេសកកម្មជាប្រវត្តិសាស្ត្រ ដើម្បីពន្លឿនការអភិវឌ្ឍឈានឆ្ពោះទៅកាន់ចក្ខុវិស័យ «កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០» ដោយដាក់ចេញនូវយុទ្ធសាស្រ្តដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើវិស័យអាទិភាពចំនួន៥ រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ដើម្បីឱ្យស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ។

លោករដ្ឋមន្ត្រីបានបន្តថា សម្រាប់ក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំកម្មវិធីអាទិភាពរបស់ខ្លួនចំនួន៤ ដូចជា៖

១. អភិវឌ្ឍហេដ្ឋារចនាសម្ពន្ធរូបវន្ត និងគមនាគមន៍ សំដៅពង្រីកវិសាលភាពប្រព័ន្ធផ្លូវ នៅជនបទឱ្យកាន់តែប្រសើរឡើង ដើម្បីជំរុញកំណើនសេដ្ឋកិច្ចទៅដល់ទីជនបទ។

២. កែលម្អលក្ខខណ្ឌនៃការរស់នៅ របស់សហគមន៍ជនបទ តាមរយៈការផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ រក្សាបាននៅអនាម័យដោយមានបង្គន់ប្រើប្រាស់គ្រប់គ្រាន់ និងអប់រំផ្លាស់ប្តូរឥរិយាបថ ឈានទៅបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល។

៣. ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ បន្តលើកកម្ពស់សេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្តាលជំនាញមូលដ្ឋានដល់ប្រជាពលរដ្ឋ ដើម្បីបង្កើតមុខរបរផ្សេងទៀតក្រៅពីមុខរបរកសិកម្ម។

៤. ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ដើម្បីពង្រឹងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សំដៅបង្កើនប្រសិទ្ធភាព សុចរិតភាព និងការទទួលខុសត្រូវ ក្នុងការបំពេញការងារជូនប្រជាពលរដ្ឋកាន់តែល្អ និងឆាប់រហ័សជាងមុនបន្ថែមទៀត។

ជាការឆ្លើយតប លោកប្រធានទីភ្នាក់ងារ JICA បានលើកឡើងពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលជប៉ុន និងរាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក ដោយមានការជួយកសាងហេដ្ឋារចនាសម្ពនរូបវន្ត កសាងសាលារៀន មន្ទីរពេទ្យ ក៏ដូចជាជួយក្នុងវិស័យអប់រំ តាមរយៈការផ្តល់អាហារូបករណ៍ និងការបញ្ជូនអ្នកឯកទេសជំនាញមកបណ្តុះបណ្តាលនៅកម្ពុជា។

លោក សានូអ៉ិ កាហ្ស៊ូម៉ាសា ក៏បានលើកពីកិច្ចសហប្រតិបត្តិការយ៉ាងស្អិតល្មួតជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការកសាងផ្លូវជនបទឱ្យតភ្ជាប់ជាមួយទីក្រុង ទីប្រជុំជនដែលមានសក្តានុពលផងដែរ។

លោកបានបន្តទៀតថា «រាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ JICA បានសន្យាបន្តជួយគាំទ្ររាជរដ្ឋាភិបាលកម្ពជា ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការសម្រេចឱ្យបានទិសដៅអភិវឌ្ឍន៍ជនបទឱ្យមានភាពប្រសើរឡើង និងលុបបំបាត់ភាពក្រីក្រ»

លោករដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន បានថ្លែងអំណគុណចំពោះរាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ JICA ដែលតែងតែជួយកម្ពុជាលើគ្រប់វិស័យ ទោះជាពេលនេះកំពុងមានវិបត្តិពិភពលោកក៏ដោយ។ លោកបានចាត់ទុករដ្ឋាភិបាលជប៉ុនជាមិត្តយុទ្ធសាស្រ្ត និងប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការ និងគាំទ្រគ្នារៀងរហូតទៅ៕