(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាដល់នគរបាលចរាចរណ៍ទូទាំងប្រទេស ត្រូវបង្កើនការអប់រំច្បាប់ចរាចរណ៍ដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ សំដៅធ្វើយ៉ាងណាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកម្រិតទាបបំផុត។

ការដាក់បទបញ្ជានេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំស្តីពីការអនុវត្តវិធានការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងក្របខណ្ឌទូទាំងប្រទេស។ នាយឧត្តមសេនីយ៍ ស ថេត បានអះអាងថា នគរបាលចរាចរណ៍នឹងប្រើប្រាស់ពេល១សប្ដាហ៍ ដើម្បីអប់រំដល់ប្រជាពលរដ្ឋ ហើយក្រោយមកនឹងអនុវត្តវិធានការណ៍ពិន័យតាមច្បាប់។

គេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានដកស្រង់សម្ដីរបស់នាយឧត្តមសេនីយ៍ ស ថេត យ៉ាងដូច្នេះថា «បន្ទាប់ពីចប់កិច្ចប្រជុំនេះទៅយើងទុករយៈពេល៧ថ្ងៃ ដើម្បីធ្វើការផ្សព្វផ្សាយសិនមុនពេលយើងចុះអនុវត្តច្បាប់ ជៀសវាងមានការរិះគន់ពីប្រជាពលរដ្ឋ។ ដោយមើលឃើញថា គ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈម ទើបយើងប្រញាប់ប្រញាល់ដើម្បីពិនិត្យដាក់ចេញនូវគោលការណ៍ក្នុងការអនុវត្តបន្ត ដើម្បីឲ្យស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧»

នាយឧត្តមសេនីយ៍ ស ថេត បានអះអាងថា យោងតាមរបាយការណ៍អំពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ពីមន្ត្រីជំនាញ ក្នុងរយៈពេល០៦ខែ នៃឆ្នាំ២០២៣ និងរយៈពេល០៦ខែ ក្នុងឆ្នាំ២០២២ បើប្រៀបធៀបទៅមានការថយចុះ គួរឲ្យកត់សម្គាល់ ប៉ុន្តែកិច្ចការងារពង្រឹងច្បាប់ចរាចរណ៍នេះនៅតែបន្ត ដើម្បីកុំឲ្យប្រជាពលរដ្ឋ នៅតាមបណ្តារាជធានី-ខេត្ត មានការស្រពិចស្រពិល យល់ច្រឡំហើយអនុវត្តខុស ព្រោះថាការរៀបចំច្បាប់ចរាចរណ៍ គឺក្នុងន័យដើម្បីលុបបំបាត់នូវគ្រោះថ្នាក់ចរាចរណ៍ បង្កើននូវសណ្តាប់ធ្នាប់គ្រប់ពេលធ្វើដំណើរក្នុងក្របខណ្ឌទូទាំងប្រទេស។

បើតាមអគ្គស្នងការនគរបាលជាតិ, ដើម្បីអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងក្របខណ្ឌទូទាំងប្រទេសឲ្យកាន់តែល្អ និងមានប្រសិទ្ធភាពនោះ មន្រ្តីជំនាញត្រូវធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យបានទូលំទូលាយ ដោយគូសបញ្ជាក់អំពីគោលបំណង នៃការអនុវត្តច្បាប់។ ទន្ទឹមនោះ ក៏ត្រូវផ្សព្វផ្សាយដល់មន្រ្តីអនុវត្តច្បាប់របស់យើង នៅមិនទាន់យល់ទាំងអស់នោះទេ ដូចជាមន្រ្តីជាប់កិច្ចសន្យានៅរាជធានីភ្នំពេញ ដើម្បីឲ្យពួកគាត់យល់ដឹងពីការអនុវត្តច្បាប់យើងត្រូវធ្វើការបណ្តុះបណ្តាល។

នាយឧត្តមសេនីយ៍ ស ថេត ក៏បានណែនាំដល់គ្រប់មន្ត្រីនគរបាលចរាចរណ៍ទាំងអស់ ក៏ត្រូវគោរពវិន័យ បទបញ្ជា ពិសេសបំពេញការងារប្រកបដោយតម្លាភាព សុក្រិត្យភាព វិជ្ជាជីវៈ និងក្រមសីលធម៌។ ដោយឡែក ស្នងការនគរបាលរាជធានី-ខេត្ត ដែលមានរោងចក្រច្រើន មានកម្មករ កម្មការរិនីរោងចក្រច្រើន ត្រូវធ្វើយ៉ាងណាយកចិត្តទុកដាក់ខ្ពស់ ក្នុងការសម្រួលការធ្វើដំណើររបស់ពួកគាត់ ក្នុងករណីមានការធ្វេសប្រហែសមានគ្រោះថ្នាក់ អាចបង្កឲ្យមានអ្នកស្លាប់ និងរបួសច្រើន ជាក់ស្តែងខេត្តដែលមានរោងចក្រច្រើន មានដូចជា ខេត្តកំពង់ស្ពឺ ខេត្តស្វាយរៀង ខេត្តកណ្តាល និងខេត្តកំពង់ឆ្នាំងជាដើម។ ជាមួយគ្នានោះ ត្រូវបន្តពង្រឹងការសម្រួលចរាចរណ៍ ដល់សិស្សានុសិស្សចេញចូលសាលារៀន ឲ្យបានជាប់ជាប្រចាំចាប់ពីថ្នាក់ខេត្ត ស្រុក ខណ្ឌ ឃុំ សង្កាត់កុំឱ្យមានគ្រោះថ្នាក់។

នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានក្រើនរំលឹកដល់កម្លាំងជំនាញទាំងអស់ ត្រូវបង្កើនការបង្ការ ទប់ស្កាត់នូវរាលបទល្មើស ជាពិសេសបទល្មើសគ្រឿងញៀន ត្រូវបង្កើនការត្រួតពិនិត្យ ការរក្សាទុកប្រើប្រាស់ ចែកចាយ នៅតាមក្លឹបកម្សាន្តនានា ដូចជានៅ រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដើម្បឲ្យអ្នកដែលទៅលេងកម្សាន្តមានទំនុកចិត្តថាសុវត្ថិភាពគ្មានគ្រឿងញៀន៕