(ភ្នំពេញ)៖ ក្រសួងទេសចរណ៍បានជំរុញឱ្យអ្នក​វិនិយោគចូលរួមក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ម្ហូបអាហារ​ វិស័យសំណង់ និងបដិសណ្ឋារកិច្ចល្អ​​​​ CAMFOOD ដើម្បីធ្វើការប្រមូលផ្តុំនូវផលិតផលទាំងក្នុងស្រុកនិងក្រៅប្រទេស ដាក់បញ្ចូលគ្នាសម្រាប់បង្កើតជាឱកាសដ៏ធំមួយ ឆ្ពោះទៅរកគោលដៅទេសចរណ៍នៅប្រទេសកម្ពុជា។

ថ្លែងនៅក្នុងពិធីសម្ពោធបើកការតាំងពិព័រណ៍នៅឯមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក គុជ បញ្ញាសារ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានប្រកាសបើកជាផ្លូវការ នូវពិធីតាំងពិព័រណ៍វិស័យផ្គត់ផ្គង់ ម្ហូបអាហារនិងសណ្ឋាគារ ខ្នាតអន្តរជាតិ​ដែលជាព្រឹត្តិការណ៍មួយ សម្រាប់ទាក់ទាញអ្នកវិនិយោគទាំងក្នុងនិងក្រៅស្រុកអាចមកប្រមូលផ្តុំគ្នា និងចែកចាយនូវផលិតផលតាមបណ្តាក្រុមហ៊ុន​សម្រាប់បម្រើដល់អ្នកទេសចរណ៍។

លោកបានថ្លែងថា ក្រសួងទេសចរណ៍ជំរុញឱ្យមានការដាក់តាំងពិព័រណ៍លាយឡំគ្នាជាមួយនឹងផលិតផលក្នុងស្រុក ក៏ដូចជាផលិតផលក្រៅស្រុក ដើម្បីបង្កើតទៅជាពិព័រណ៍ម្ហូបអាហារ ក៏ដូចជាពិព័រណ៍ពាណិជ្ជកម្ម ដែលមានការរួមគ្នាជាមួយនឹងអាជីវករ ក៏ដូចជាក្រុមហ៊ុនបម្រើលើវិស័យទេសចរណ៍ អាចបង្កើននូវភាពជឿជាក់ទៅលើគោលដៅទេសចរណ៍នៅ​កម្ពុជា។

លោកបានថ្លែងថា «ក្នុងនាមក្រសួងទេសចរណ៍ ខ្ញុំសូមលើកទឹកចិត្តដល់អាជីវករនៅក្នុងឧស្សាហ៍កម្មទេសចរណ៍ ត្រូវធ្វើយ៉ាងណាជំរុញឱ្យមានការគាំទ្រលើផលិតផលរបស់ខ្លួន តាមរយៈការផ្តល់សេវាកម្មពីបុគ្គលិកនៅក្នុងអាជីវកម្ម។ ក្នុងន័យនេះ ម្ចាស់អាជីវករគួរធ្វើការពង្រឹងទៅលើជំនាញរបស់បុគ្គលិក​ ដើម្បីអាចចូលរួមផ្តល់សេវាកម្មលើវិស័យទេសចរណ៍ឱ្យកាន់តែល្អជាងមុន ដោយត្រូវជំរុញឱ្យបុគ្គលិកម្នាក់ ត្រូវតែមានជំនាញមួយឱ្យបានច្បាស់លាស់»

ក្រសួងទេសចរណ៍បានសហកាជាមួយនឹងក្រុមហ៊ុន Kofi ដើម្បីបើកវគ្គបណ្តុះបណ្តាលតាមអនឡាញ និងសាធារណៈធ្វើការពង្រឹងសមត្ថភាពដល់បុគ្គលិក តាមបណ្តាក្រុមហ៊ុន​នីមួយៗ ដែលផ្តោតលើជំនាញឆុងកាហ្វេ​​ ​ក្រឡុកស្រា ក៏ដូចជាការងារមួយចំនួនទៀត ដែលក្រុមហ៊ុន​និងក្រសួងបានអនុវត្តនាពេលកន្លងមក។

សូមបញ្ជាក់ថា សម្រាប់គោលដៅពង្រឹងលើវិស័យទេសចរណ៍ ក៏តម្រូវឱ្យមានការយកចិត្តទុកដាក់ទៅលើផ្នែកបម្រើលើសេវាកម្ម និងការផ្គត់ផ្គង់ទៅលើវិស័យទំនិញនិងម្ហូបអាហារដែរ ដូច្នេះការរៀបចំពិធីពិព័រណ៌នៅថ្ងៃនេះ ក៏ជាផ្នែកមួយបំផុសឱ្យមានការជួបជុំជាមួយនឹង ម្ចាស់អាជីវកម្ម បុគ្គលិក និងអ្នកពាក់ព័ន្ធ​ ជាច្រើនទៀត ដើម្បីរួមគ្នាគិតគូរលើផ្នែកសេវាកម្ម​ និងការផ្គត់ផ្គង់ទំនិញម្ហូបអាហារដល់អ្នកទេសចរណ៍ឱ្យត្រូវកន្លែង សមស្របតាមតម្រូវការរបស់អ្នកប្រើប្រាស់។

ជាមួយនឹងការតាំងពិព័រណ៍ CAMFOOD នេះដែរ ក៏នឹងបង្ហាញពីការប្រកួតប្រជែងផ្នែកបដិសណ្ឋារកិច្ច និងធ្វើម្ហូបផ្សេងៗនៅកម្ពុជា ដែលនឹងបង្ហាញដោយអ្នកជំនាញក្នុងវិស័យ F&B និងផ្នែកបដិសណ្ឋារកិច្ចប្រកួតប្រជែងដណ្តើមពានរង្វាន់។ លើសពីនេះទៅទៀត នឹងមានសិក្ខាសាលាចែករំលែកបច្ចេកទេសដោយមិនគិតថ្លៃ ទាក់ទងនឹងការច្នៃប្រឌិតថ្មីក្នុងសម្ភារសំណង់ អគ្គិសនី/មេកានិច ថាមពលព្រះអាទិត្យ និងប្រធានបទ HVAC ដែលនឹងប្រារព្ធឡើងរួមគ្នាជាមួយព្រឹត្តិការណ៍ CAMBUILD៕