(ហុងកុង)៖ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងហុងកុង សាធារណរដ្ឋប្រជាមានិតចិន លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបជាមួយអគ្គកុងស៊ុល នៃប្រទេសសមាជិកអាស៊ាន ប្រចាំទីក្រុងហុងកុង។

លោកអគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ពីសារៈសំខាន់ របស់អគ្គកុងស៊ុល ក្នុងការលើកតម្កើងមុខមាត់របស់អាស៊ាន និងស្វែងរកកាលានុវត្តភាព និងសក្តានុពលថ្មីៗ ដើម្បីពង្រឹងទំនាក់ទំនងរវាងអាស៊ាន និងហុងកុង។

បន្ទាប់មកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារ ជាមួយប្រធានសាកលវិទ្យាល័យហុងកុង មុនពេលផ្តល់បឋកថាពិសេស។

អគ្គលេខាធិការអាស៊ាន បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការវិនិយោគលើអ្នកជំនាន់ក្រោយវ័យក្មេង ដែលជាអនាគតរបស់ប្រទេសជាតិ។ នៅក្នុងបឋកថាពិសេស លោកបណ្ឌិត បានចែករំលែកអំពីការវិវត្តន៍ថ្មីៗ នៅក្នុងអាស៊ាន ក៏ដូចជា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងចិន។

នៅរសៀលថ្ងៃដដែល បណ្ឌិត កៅ គឹមហួន ក៏បន្ដជួបពិភាក្សាការងារជាមួយ លោកស្រី Maggie Wong អគ្គនាយកពាណិជ្ជកម្ម និងឧស្សាហកម្ម នៃតំបន់រដ្ឋបាលពិសេសហុងកុង។

នៅក្នុងជំនួបនោះ ភាគីទាំងពីរ បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាស៊ាន និងហុងកុង ក៏ដូចជា វឌ្ឍនភាពនៃនីតិវិធីដើម្បីចូលជាសមាជិកភាព ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ផងដែរ៕