(កំពង់ធំ)៖ ដោយឃើញការលំបាករបស់ប្រជាពលរដ្ឋតំបន់ទួលតាមុំ ទឹកដីមួយភាគនៃភូមិគោកត្របែក ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ ដែលជាតំបន់ដាច់ស្រយ៉ាល នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានទទួលអំណោយជាថ្នាំពេទ្យពីសប្បុរជន និងសហការជាមួយការិយាល័យសុខាភិបាលប្រតិបត្តិបារាយណ៍/សន្ទុក ចុះពិនិត្យនិងព្យបាលជំងឺប្រជាពលរដ្ឋជាង២១៥នាក់ ដែលរស់នៅតំបន់ទួលទួលតាមុំ ដើម្បីសង្គ្រោះអាយុជីវិតរបស់ពួកគាត់ និងឱ្យមានសុខភាពល្អផងដែរ។

លោក ហាក់ ម៉ុងហួត ក៏បានពាំនាំនូវការសួរសុខទុក្ខពីប្រមុខថ្នាក់ដឹកនាំ លោកតែងតែជំរុញឲ្យមន្រ្តីថ្នាក់ក្រោមយកចិត្តទុក្ខដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋខ្លួន ស្របពេលដែលអាជ្ញាធរភូមិឃុំ ចុះជាសកម្មក្នុងមូលដ្ឋានដើម្បីក្តាប់បានរាល់តម្រូវការរបស់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយជូន និងរាយការណ៍បន្តទៅថ្នាក់លើជួយអន្តរាគមន៍ករណីខ្លួនមិនមានលទ្ធភាពក្នុងការព្យាបាលជំងឺ។

លោកអភិបាលស្រុកតាំងគោកក៏ថ្លែងអំណរគុណដល់សប្បុរសជនដែលបានផ្តល់ជាថ្នាំពេទ្យ ព្រមទាំងក្រុមគ្រូពេទ្យដែលបានលះបង់ពេលវេលា និងថវិកាផ្ទាល់ ដើម្បីចុះមកពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅពេលនេះ។ សកម្មភាពទាំងនេះជាការចូលរួមចំណែកជាមួយអាជ្ញារ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងជួយសម្រួលនូវបន្ទុកសេវាចំណាយរបស់ពួកគាត់បានមួយកម្រិត។ លោកក៏បានបន្តទៀតថា សកម្មនេះជាការបន្ថែមទៅលើសេវារបស់ក្រុមគ្រូពេទ្យ ដែលចង់ឱ្យកៀកនឹងប្រជាពលរដ្ឋព្រមទាំងជួយកាត់បន្ថយការលំបាករបស់ពួកគាត់។

លោកអភិបាលស្រុកតាំងគោកក៏បានសំណូមពរប្រជាពលរដ្ឋនៅរដូវនេះសូមកុំនេសាទនៅរដូវត្រីពង និងការប្រើប្រាស់ឧបករណ៍ខុសច្បាប់សូមឱ្យពលរដ្ឋចេះថែរក្សាសុខភាព ផឹកទឹកស្អាត បើមានបញ្ហារត់រកមណ្ឌលសុខភាពដែលមានក្នុងភូមិនេះស្រេច និងមានក្រុមគ្រូពេទ្យនៅរង់ចាំទទួលសេវាពីពលរដ្ឋ។ ការផ្ដល់សេវា និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីឱ្យប្រជាពលរដ្ឋទាំងអស់ចៀសផុតពីជំងឺអាសន្នរោគផ្សេងៗ ពិសេសគឺចេះការពារនិងថែទាំសុខភាពឱ្យបានគ្រប់ៗគ្នា៕