(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ បានផ្ញើសារលិខិត ចូលរួមរំលែកទុក្ខជូនលោក រ័ត្ន សារិន ទីប្រឹក្សារាជរដ្ឋាភិបាល ចំពោះមរណភាពលោកស្រី ហ៊ុល សូភី ដែលត្រូវជាភរិយា។

តាមរយៈសារលិខិត សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំ និងភរិយា មានក្តីរំជួលចិត្តឥតឧបមាដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា លោកជំទាវ ហ៊ុល សូភី ដែលត្រូវជាភរិយារបស់ឯកឧត្តម បានទទួលមរណភាពនៅថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០២:០០នាទីរំលងអធ្រាត្រ ក្នុងជន្មាយុ៧៤ឆ្នាំ ដោយរោគាពាធ។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំនិងភរិយាសូមចូលរួមសោកស្តាយជាមួយឯកឧត្តម ព្រមទាំងក្រុមគ្រួសារចំពោះការបាត់បង់ភរិយា ម្តាយ ម្តាយក្មេក ជីដូនជាទីគោរពស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌ចំពោះកូនៗ ចៅៗ ដែលកន្លងមកក្នុងឆាកជីវិតលោកជំទាវ ហ៊ុល សូភី បានខិតខំតស៊ូ ចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានបុត្រធីតារហូតក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ។

ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពលោកជំទាវ ហ៊ុល សូភី សូមឆាប់បានចាប់ កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ។ សូម ឯកឧត្តម ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ»៕