(ប៉េកាំង, ចិន)៖ ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការលើកដំបូងនៅប្រទេសចិន​ក្នុង​ឋានៈ​ជានាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាប់ផ្តើមជួបជាមួយមេដឹកនាំ​កំពូលៗរបស់ចិន។

ផ្តើមជំនួបនាព្រឹកមិញនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់​ខ្ពស់ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីចិន នៅមហាវិមានប្រជាជន នៃរដ្ឋធានីប៉េកាំង។

នៅក្នុងជំនួបនេះ លោកប្រធានាធិបតី ស៊ី ជីនពីង បានទទួលស្វាគមន៍​យ៉ាងកក់​ក្តៅ និងយ៉ាងស្និទ្ធស្នាលបំផុត ព្រមទាំងបានគូសបញ្ជាក់ថា ចំណងមិត្តភាពរបស់​កម្ពុជា​-ចិន ប្រៀបបីដូចជាដើមឈើមួយដើមដ៏ធំ ដែលបានចាក់ឫសយ៉ាងជ្រៅ និងយ៉ាង​រឹង​មាំ ហើយប្រជាជាតិទាំងពីរទទួលបាននូវផ្លែផ្កាមិនអាចកាត់ថ្លៃបានជារៀងរហូតមក។

លោកប្រធានាធិបតី ក៏បានថ្លែងអបអរសាទរជូនសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលត្រូវ​បានប្រជាជន និងរដ្ឋសភាបោះឆ្នោតគាំទ្រជានាយករដ្ឋមន្ត្រីកម្ពុជា សម្រាប់នីតិកាល​ទី៧ នៃរដ្ឋសភា។ លោកប្រធានាធិបតីជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ចំណងមិត្តភាព និងសាមគ្គីភាពរបស់ប្រទេសទាំងពីរ នឹងបន្តរីកលូតលាស់ និងកាន់​តែ​រឹងមាំថែមទៀត។

លោកប្រធានាធិបតី ក៏បានឆ្លៀតយកឱកាសដ៏ប្រពៃនេះ ផ្តាំផ្ញើនូវការនឹករលឹក និង​ក្តី​ស្រឡាញ់ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់​ព្រះ​មហា​ក្សត្រ ដែលកន្លងមកបានពុះពារ និងជម្នះគ្រប់ឧបសគ្គ និងសម្ពាធខាង​ក្រៅ​គ្រប់យ៉ាង ដើម្បីរក្សា និងពង្រឹងចំណងមិត្តភាព និងសាមគ្គីភាពរវាងប្រទេសទាំងពីរ។

ជាកិច្ចឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ ចំពោះបដិសណ្ឋារ​កិច្ច​ដ៏កក់ក្តៅ ពីសំណាក់ថ្នាក់ដឹកនាំចិន ជាពិសេសពីសំណាក់លោកប្រធានាធិបតី នៅ​ក្នុង​​ដំណើរទស្សនកិច្ចផ្លូវការនេះ។

សម្ដេចធិបតី បានពាំនាំនូវសេចកី្តនឹករលឹក និងការសួរសុខទុក្ខពីសំណាក់សម្ដេច​តេ​ជោ ជូនចំពោះមិត្តចាស់របស់សម្ដេចតេជោ និងជាពិសេសជូនចំពោះ លោក​ប្រធា​នាធិប​តី។

សម្ដេចធិបតី ក៏បានថ្លែងអំណរគុណ ចំពោះប្រទេស និងប្រជាជនចិន​ដែលតែងយក​ចិត្ត​ទុកដាក់ និងស្វាគមន៍យ៉ាងកក់ក្ដៅថ្វាយចំពោះការយាង​ដំណើរមកព្យា​បាល​ព្រះរោគា​របស់ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះ​រាជាណា​ចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅរដ្ឋធានីប៉េកាំង។ សម្តេចធិបតី សូមវាយតម្លៃខ្ពស់ ចំពោះកាយ​វិការ​ដ៏ប្រពៃមិនអាចកាត់ថ្លៃបាននេះ ។

ក្នុងជំនួបនោះសម្ដេចធិបតី និងលោកប្រធានាធិបតី បានពិភាក្សាអំពីការបន្តរក្សាគោល​នយោបាយប្រកបដោយមេត្រីភាព រវាងប្រទេសទាំងពីរ។ ជាក់ស្តែង លោកប្រធានាធិប​តី បានបញ្ជាក់ថា ចិននៅតែជាមិត្តដ៏ល្អ និងនៅតែបន្តជួយកម្ពុជាលើមាគ៌ា នៃការ​អភិ​វឌ្ឍ​សេដ្ឋកិច្ច។ ដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតីនាពេលនេះ នឹងនាំមកនូវ​ជោគ​​ជ័យបន្ថែមទៀត នៃការសម្រេចឱ្យបាននូវការកសាងសហគមន៍វាសនារួម ក្នុងយុគសម័យថ្មីរវាងកម្ពុជា-ចិន ។

សម្ដេចធិបតី បានជម្រាបជូនលោកប្រធានាធិបតីចិន អំពីជំហរគោលនយោ​បាយ​របស់​កម្ពុជាចំពោះចិន ជាពិសេស ការបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួន​នូវ​គោល-នយោបាយ​ចិន​មួយ ។

សម្ដេចធិបតី បានគូសបញ្ជាក់បន្ថែមអំពីទំនាក់ទំនងកម្ពុជា-ចិនដ៏យូរអង្វែង ដែល​ប្រជា​ជាតិទាំងពីរ កំពុងបានទទួលបានផ្លែផ្កាលើគ្រប់វិស័យ ជាពិសេសសេដ្ឋកិច្ច និងអប់រំ។ ការអភិវឌ្ឍ និងការរីកចម្រើនរបស់កម្ពុជាសព្វថ្ងៃ មិនអាចកាត់ផ្ដាច់ចេញបានពីការ​គាំ​ទ្រ និងកិច្ចសហការពីសំណាក់មិត្តចិនឡើយ ដូចមានការគាំទ្ររបស់ចិន នៅក្នុងកាលៈ​ទេសៈ​ដ៏លំបាកនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាដើម។

សម្ដេចធិបតី បានគូសរំលេចជូនប្រធានាធិបតីចិន អំពីទិសដៅ និងវិស័យនៃកិច្ចសហ​ប្រតិបត្តិការសម្រាប់ពេលអនាគតរវាងប្រទេសទាំងពីរ ដូចជា វិស័យថាមពល, សន្តិសុខស្បៀង, និងវិនិយោគជាដើម។ ជាក់ស្តែង សម្ដេចធិបតី បានស្នើភាគីចិន​បន្ត​គាំទ្រ​ដល់ការធានាសន្តិសុខថាមពល និងសន្តិសុខស្បៀងរបស់កម្ពុជា និង បានអរគុណ​ចំពោះការនាំចូលអង្ករ និងផលិតផលកសិកម្មផ្សេងទៀត ពីកម្ពុជាផងដែរ ។

សម្ដេចធិបតី ក៏បានអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងកន្លងមករបស់ចិន ក្នុងការជំរុញ និងការលើកទឹកចិត្តឱ្យវិនិយោគិនចិនមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ ជាពិសេស នៅក្នុងវិស័យគន្លឹះអាទិភាព ដែលមានឧត្តមប្រយោជន៍ដល់ប្រជាជនកម្ពុជា។

មុននឹងបញ្ចប់កិច្ចពិភាក្សានោះ ប្រធានាធិបតីចិន បានបញ្ជាក់ជូនសម្ដេចធិបតីជាថ្មីថា ចិននៅតែបន្តគាំទ្រ និងសហការជាមួយកម្ពុជាលើគ្រប់វិស័យ ដោយមិនមានការ​ប្រែ​ប្រួល​ឡើយ ហើយចិនប្តេជ្ញាថា នឹងការពារយុត្តិធម៌ជូនប្រជាជាតិទាំងពីរ​ពីការប៉ុនប៉ង​ក្នុង​ផ្លូវអវិជ្ជមានណាមួយ។

លោកប្រធានាធិបតី បញ្ជាក់ថា ចិនត្រៀមខ្លួនទទួលស្វាគមន៍ជានិច្ច​នូវដំណើរ​ទស្សនកិច្ច​របស់សម្ដេចតេជោ ដែលជាមិត្តចាស់របស់លោកគ្រប់ពេលវេលា៕