(ប៉េកាំង, ចិន)៖ ក្នុងជំនួបទល់មុខគ្នាជាលើកដំបូងក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក ស៊ី ជិនពីង ប្រធានាធិបតីចិន បាន​ប្រកាស​បង្ហាញជំហរដូចគ្នាយ៉ាងម៉ឺងម៉ាត់ក្នុងការបន្តរក្សាចំណងទំនាក់ទំនង​ដែកថែប ហើយការពារគ្នាទៅវិញទៅមកដោយមិនឱ្យកម្លាំងអមិត្តណាមួយចូលមកបំបែកបាននោះ​ឡើយ។

ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការលើកដំបូងនៅប្រទេសចិន​ក្នុង​ឋានៈ​ជានាយក​រដ្ឋ​មន្ត្រី​ក​ម្ពុជា នៅថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាប់ផ្តើមជួបជាមួយមេដឹកនាំ​កំពូលៗរបស់ចិន។

ផ្តើមជំនួប​ដំបូង​នាព្រឹកមិញនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូ​ជាន់​​ខ្ពស់ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីចិន នៅមហាវិមានប្រជាជន នៃរដ្ឋធានីប៉េកាំង។

ជាកិច្ចស្វាគមន៍វត្តមានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត, លោកប្រធានាធិបតី ស៊ី ជីនពីង បានគូសបញ្ជាក់ថា ចំណងមិត្តភាពរបស់​កម្ពុជា​-ចិន ប្រៀបបីដូចជាដើម​ឈើ​មួយ​ដើមដ៏ធំ ដែលបានចាក់ឫសយ៉ាងជ្រៅ និងយ៉ាង​រឹង​មាំ ហើយប្រជាជាតិទាំងពីរ​ទទួល​បានផ្លែផ្កាមិនអាចកាត់ថ្លៃបានជារៀងរហូតមក។

លោកប្រធានាធិប​តី បានបញ្ជាក់ទៀតថា ចិននៅតែជាមិត្តដ៏ល្អ និងនៅតែបន្តជួយ​កម្ពុជា​​លើមាគ៌ា នៃការ​អភិ​វឌ្ឍ​សេដ្ឋកិច្ច។ ដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី​នាពេលនេះ នឹងនាំមកនូវ​ជោគ​​ជ័យបន្ថែមទៀត នៃការសម្រេចឱ្យបាននូវ​ការកសាង​សហគមន៍​វាសនារួម ក្នុងយុគសម័យថ្មីរវាងកម្ពុជា-ចិន ។

ក្នុងជំនួបដ៏មានសារៈសំខាន់ និងជាការបញ្ជាក់នូវជំហរនយោបាយដ៏មុតមាំរវាងមេដឹក​នាំថ្មីរបស់កម្ពុជាលើទំនាក់ទំនងរវាងកម្ពុជា និងចិននេះ ប្រធានាធិបតីចិន បានបញ្ជាក់​យ៉ាង​មុតមាំថា ចិននៅតែបន្តគាំទ្រ និងសហការជាមួយកម្ពុជាលើគ្រប់វិស័យ ដោយមិន​មានការ​ប្រែ​ប្រួល​ឡើយ។ លោកប្រធានាធិបតីចិន ថែមទាំងបានប្រកាសប្តេជ្ញាការពារ​យុត្តិ​ធម៌​ជូនប្រជាជាតិទាំងពីរកម្ពុជា-ចិន ​ពីការប៉ុនប៉ង​ក្នុង​ផ្លូវអវិជ្ជមានថែមទៀតផង។

ដោយឡែកមេដឹកនាំថ្មីរបស់កម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជំហរ​នយោ​បាយខ្លួនទៅកាន់ប្រធានាធិបតីចិនវិញថា កម្ពុជានៅតែបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួន​នូវ​គោលនយោបាយ​ចិន​តែមួយ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែមអំពី​ទំនាក់ទំន​ង​កម្ពុជា​-ចិន​ដ៏យូរ​អង្វែង ដែល​ប្រជា​ជាតិទាំងពីរកំពុងបានទទួលបានផ្លែផ្កាលើគ្រប់វិស័យ ជាពិសេស​សេដ្ឋកិច្ច និងអប់រំ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍ និងការ​រីកចម្រើនរបស់កម្ពុជាសព្វថ្ងៃ មិនអាចកាត់ផ្ដាច់ចេញបានពីការ​គាំ​ទ្រ និងកិច្ចសហការពី​សំណាក់​មិត្តចិនឡើយ។ ជាក់ស្តែងការគាំទ្ររបស់ចិន នៅក្នុងកាលៈ​ទេសៈ​ដ៏លំបាក​នៃ​ការ​ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាដើម។

ក្នុងជំនួបនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចជូនប្រធានាធិបតីចិន អំពីទិសដៅ និងវិស័យនៃកិច្ចសហ​ប្រតិបត្តិការសម្រាប់ពេលអនាគត​រវាងប្រទេស​ទាំងពីរ ដូចជា វិស័យថាមពល, សន្តិសុខស្បៀង, និងវិនិយោគជាដើម។ ជាក់ស្តែង សម្ដេចធិបតី បានស្នើភាគីចិន​បន្ត​គាំទ្រ​ដល់ការធានាសន្តិសុខថាមពល និងសន្តិសុខ​ស្បៀងរបស់កម្ពុជា និង បានអរគុណ​ចំពោះការនាំចូលអង្ករ និងផលិតផល​កសិកម្ម​ផ្សេងទៀតពីកម្ពុជាផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងកន្លង​មករបស់​ចិន ក្នុងការជំរុញ និងការលើកទឹកចិត្តឱ្យវិនិយោគិនចិនមកបណ្តាក់ទុនវិនិយោគ​នៅកម្ពុជា។ ជាពិសេសនៅក្នុងវិស័យគន្លឹះអាទិភាព ដែលមានឧត្តមប្រយោជន៍​ដល់​ប្រជា​ជនកម្ពុជា។

សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងនឹងបំពេញទស្សនកិច្ចជាផ្លូវការនៅ​ក្នុង​ប្រទេសចិន។ នេះជាដំណើរទស្សនកិច្ចផ្លូវការនៅក្រៅប្រទេស​លើកដំបូង​របស់​សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រោយទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងរដ្ឋសភាឱ្យដឹកនាំរាជរដ្ឋាភិបាល។

តាមរយៈការជ្រើសយកប្រទេសចិន ជាគោលដៅទស្សនកិច្ចផ្លូវការលើកដំបូងនេះ នាំឱ្យការវាយតម្លៃថា នយោបាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់សារៈសំខាន់លើទំនាក់ទំនងរវាងកម្ពុជា-ចិន ដែលជាទំនាក់ទំនងដ៏ស្អិតល្មួតជាប្រវេណី ជាទំនាក់ទំនងរឹងមាំដូចដែកថែម ទំនាក់ទំនង ដែលផ្តល់តម្លៃឱ្យគ្នា គោរពគ្នារយៈពេល៦៥ឆ្នាំមកហើយនោះ៕