(ភ្នំពេញ)៖ កាលពីថ្ងៃទី០៤ ដល់ថ្ងៃទី០៨ខែកញ្ញា ការិយាល័យថ្នាក់ពីរភាសានៃក្រសួងអប់រំ យុវជន និងកីឡា និងការិយាល័យប្រចាំកម្ពុជា នៃទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) បានរៀបចំយុទ្ធនាការតម្រង់ទិសសម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ដោយផ្តោតលើប្រធានបទ «ការតម្រង់ទិសក្នុងការសិក្សា និងវិជ្ជាជីវៈ» នៅតាមបណ្តាថ្នាក់ពីភាសានៅតាមខេត្តក្រុងមួយចំនួនរួមមាន រាជធានីភ្នំពេញ (វិទ្យាល័យព្រះស៊ីសុវត្ថិ) សៀមរាប (វិទ្យាល័យអង្គរ) បាត់ដំបង (វិទ្យាល័យព្រះមុនីវង្ស) កំពង់ចាម (វិទ្យាល័យព្រះសីហនុ) តាកែវ (វិទ្យាល័យជាស៊ីតាកែវ) និងកណ្តាល (វិទ្យាល័យហ៊ុនសែនសេរីភាព)។

សិស្សានុសិស្សប្រមាណ៩០០នាក់ ដែលសិក្សានៅថ្នាក់ទី១០, ១១ និង១២ និងលោកគ្រូអ្នកគ្រូ៥០នាក់ បានចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយការតម្រង់ទិសនេះ។ កម្មវិធីនេះមានគោលបំណងតម្រង់ទិសលើការសិក្សា និងវិជ្ជាជីវៈជូនដល់សិស្សានុសិស្សថ្នាក់ពីរភាសាក្នុងការបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា សំរាប់ការងារតាមការជ្រើសរើសរបស់ខ្លួននាពេលអនាគត។

គណៈប្រតិភូដែលមានសមាសភាពប្រមាណ១៥នាក់ តំណាងមកពីគ្រឹះស្ថានឧត្តមសិក្សាដែលជាសមាជិកនៃទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) ការិយាល័យថ្នាក់ពីរភាសា ការិយាល័យហ្វ្រង់កូហ្វូនី នៃក្រសួងអប់រំ យុវជន និងកីឡា និងដៃគូរសង្គមសេដ្ឋកិច្ចរួមមាន Campus-France, CCIFC (សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា), France-Volontaires (អង្គការស្ម័គ្រចិត្តបារាំង)។

តំណាងនៃស្ថាប័ននីមួយៗ បានធ្វើបទបង្ហាញអំពីស្ថាប័ននិងបេសកកម្មរបស់ខ្លួន ការបណ្តុះបណ្តាលនៅកម្រិតបរិញ្ញាប័ត្រនិងបរិញ្ញាប័ត្រជាន់ខ្ពស់ ការផ្តល់អាហារូបករណ៍ និងកម្មវសិក្សា ក៏ដូចជា ការងារជំនាញទាំងឡាយ ជូនដល់សិស្សានុសិស្សដែលកំពុងរៀនភាសាបារាំង នៅតាមវិទ្យាល័យមួយចំនួនដែលមានកម្មវិធីថ្នាក់ពីរភាសា។ គឺជាឱកាសបង្ហាញថាការចេះភាសាបារាំង គឺជាលក្ខណៈអំណោយផលមួយដើម្បីឈានទៅកាន់ឧត្តមសិក្សាឈានមុខ ហើយជាក៏ជាតម្លៃ បន្ថែមក្នុងឱកាសការងារពិតប្រាកដមួយនៅក្នុងទីផ្សារការងារនៅកម្ពុជា។

ការធ្វើបទបង្ហាញជារួមនឹងការពិភាក្សាមានលក្ខណៈទូលំទូលាយ និងសំបូរបែបនៅគ្រប់កម្មវិធី ដែលមានការផ្លាស់ប្តូរក្នុងកម្មវិធីសំណួរ-ចម្លើយបានឱ្យដឹងថាមានសារៈសំខាន់ និងចំបាច់ក្នុងការដាក់ឱ្យដំណើរការនៃវេទិកាប្រភេទនេះរៀងរាល់ឆ្នាំ សម្រាប់សិស្សានុសិស្សមិនចំពោះតែសិស្សថ្នាក់ពីរភាសាប៉ុណ្ណោះទេ ប៉ុន្តែ សម្រាប់សិស្សដែលជ្រើសរើសជីវភាសាទី១ និងទី២ទាំងអស់ អាចស្វែងយល់ និងមានការធានាបាននូវនិរន្តរភាព និងការចាំបាច់ក្នុងការបណ្តុះបណ្តាលនៅតាមគ្រឹះស្ថានឧត្តមសិក្សាអប់រំជាភាសាបារាំង ជាសមាជិកនៃ AUF។

គ្រឹះស្ថានឧត្តមសិក្សាទាំង១៣ ដែលជាសមាជិក AUF នៅព្រះរាជាណាចក្រកម្ពុជា មានដូចតទៅ៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, វិទ្យាស្ថានជាតិអប់រំ, បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា, វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ, សាលាភូមិន្ទរដ្ឋបាល, សាកលវិទ្យាល័យភូមិន្ទកសិកម្ម, សាកលវិទ្យាល័យជាតិបាត់ដំបង, សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ, សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច, សាកលវិទ្យាល័យជាតិគ្រប់គ្រង, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលកម្ពុជា, និងសាកលវិទ្យាលអង្គរ៕