(ប៉េកាំង, ចិន)៖ លោក ចាវ ឡឺជី (Zhao Leji) ប្រធានសភាប្រជាជនចិន បានវាយតម្លៃខ្ពស់ចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានជ្រើសរើសប្រទេសចិន សម្រាប់ការធ្វើដំណើរទស្សនកិច្ចផ្លូវការជាលើកដំបូងក្នុងឋានៈជានាយករដ្ឋមន្ត្រី។ លោកប្រធានសភាប្រជាជនចិន បានបង្ហាញការជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតី នឹងធ្វើឱ្យកម្ពុជាបន្តរីកចម្រើនទៅមុខ។
ប្រធានសភាប្រជាជនចិន បានគូសរំលេចបែបនេះ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅមហាវិមានប្រជាជន ក្នុងរដ្ឋធានីប៉េកាំង ប្រទេសចិន។
ក្នុងជំនួបនោះ ក្រៅតែពីការវាយតម្លៃខ្ពស់ចំពោះការជ្រើសរើសប្រទេសចិន សម្រាប់ដំណើទស្សនកិច្ចផ្លូវការហើយនោះ លោក ចាវ ឡឺជី ក៏បានសម្តែងការអបអរសាទរ ចំពោះសម្តេចធិបតី ដែលត្រូវបានប្រជាជន និងរដ្ឋសភាបោះឆ្នោតគាំទ្រជានាយករដ្ឋមន្ត្រី។ លោក ឡឺជី ក៏បានសាទរចំពោះជ័យជម្នះដ៏ត្រចះត្រចង់ របស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ផងដែរ។
លោក ចាវ ឡឺជី ក៏បានរំលេចផងដែលថា ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន នឹងចូលរួមកសាងសហគមន៍វាសនារួមក្នុងយុគសម័យថ្មី ហើយប្រជាជាតិទាំងពីរ នឹងទទួលបានផ្លែផ្កាពីការកសាងសហគមន៍នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការបន្តគាំទ្ររបស់ចិន ព្រមទាំងបានពាំនាំនូវក្ដីនឹករលឹក និងការផ្តាំសួរសុខទុក្ខពីសំណាក់សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជាផងដែរ។ សម្ដេចធិបតី ក៏បានគូសរំលេចជូនលោក ចាវ ឡឺជី នូវសារនយោបាយចំនួនពីរ ពាក់ព័ន្ធនឹងជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា។ សារទី១ នោះគឺ ជោគជ័យដ៏ភ្លូកទឹកភ្លូកដីនេះបង្ហាញអំពីអារម្មណ៍កក់ក្តៅ និងការទុកចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា ចំពោះគណបក្សប្រជាជនកម្ពុជា, ជាពិសេសចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលតែងនៅជាប់រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋនៅគ្រប់ កាលៈទេសៈទាំងអស់។ សារទី២ គឺជាការផ្ដល់ជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ ដល់អ្នកបន្តវេន នៃគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំកម្ពុជាទៅក្នុងវដ្ដថ្មីនៃការអភិវឌ្ឍ។
សម្ដេចធិបតី បានអរគុណប្រជាជន និងរដ្ឋាភិបាលចិន ដែលបានរួមចំណែកយ៉ាងច្រើន នៅក្នុងកិច្ចដំណើរការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា ដូចជាការជួយឧបត្ថម្ភគាំទ្រដល់កម្ពុជាទាន់ពេល ក្នុងគ្រាលំបាកនៃវិបត្តិជំងឺកូវីដ-១៩ជាដើម។
សម្ដេចធិបតី ក៏បានបញ្ជាក់បន្ថែមជូនលោក ចាវ ឡឺជី អំពីការបន្តរក្សាគោលជំហរ និងគោលនយោបាយការបរទេសរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ទោះជាពិភពលោកកំពុងប្រែប្រួល និងមានភាពមិនច្បាស់លាស់ក៏ដោយ។ សម្ដេចធិបតី និង លោក ចាវ ឡឺជី បានពិភាក្សាបន្ថែមអំពីទិសដៅនៃ ការបង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងសភា និងសភា។
ក្នុងនាមជាសមាជិកសភាមួយរូប សម្ដេចធិបតី បានលើកទឹកចិត្តឱ្យមានការផ្លាស់ប្ដូរ ទស្សនកិច្ចរវាងសភាកម្ពុជា និងចិន ឱ្យបានញឹកញាប់ និងជាប្រចាំ ព្រោះដំណើរទស្សនកិច្ចនេះ នឹងមានផលប្រយោជន៍ដល់ស្ថាប័ននីតិបញ្ញត្តិទាំងពីរ ជាពិសេសសម្រាប់សមាជិកសភាវ័យក្មេង ក្នុងការស្វែងយល់ និងផ្លាស់ប្ដូរបទពិសោធន៍ និងទស្សនៈជាមួយគ្នា។
លោក ចាវ ឡឺជី ក៏បានយល់ស្របចំពោះការស្នើនេះ និងប្តេជ្ញាជំរុញទំនាក់ទំនងរវាងសភានៃប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរ និងប្រកបដោយមេត្រីភាព ដោយមិនកំណត់នូវលក្ខខណ្ឌ ឬបង្កប់នូវរបៀបវារៈណាមួយឡើយ។
ទន្ទឹមនឹងការឯកភាពបន្តសហការ, ផ្លាស់ប្តូរនូវបទពិសោធន៍ និងខិតខំអនុវត្តគម្រោងដែលបានព្រមព្រៀងកន្លងមកឱ្យទទួលបានជោគជ័យ, សម្ដេចធិបតី និងលោក ចាវ ឡឹជី បានឯកភាពចំពោះគោលការណ៍នៃការបន្តកសាងលទ្ធិប្រជាធិបតេយ្យ ស្របតាមលក្ខខណ្ឌរបស់ប្រទេសជាតិនីមួយៗ សំដៅបម្រើផលប្រយោជន៍ដល់ប្រជាជនជាធំ។ ជារួមកម្ពុជា និងចិន ប្តេជ្ញាបន្តសហការជាមួយគ្នាក្នុងនាមជាមិត្តដ៏ល្អ ដែលជឿទុកចិត្តបាន ព្រមទាំងបន្តសាមគ្គីជាមួយគ្នា ដើម្បីទប់ទល់រាល់ការប៉ុនប៉ង ឬ ជ្រៀតជ្រែកពីខាងក្រៅ។
មុននឹងបញ្ចប់កិច្ចពិភាក្សានោះ លោក ចាវ ឡឺជី ផ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយក្តីនឹករលឹកជូនសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងជូនចំពោះសម្ដេចពញាចក្រី ហេង សំរិន, សម្ដេចតេជោ ហ៊ុន សែន និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ផងដែរ៕