(ប៉េកាំង, ចិន)៖ ក្នុងដំណើរអមសម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនកិច្ចនៅក្នុង​ប្រទេស​ចិន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជាស្ត្រីទី១របស់កម្ពុជា ត្រូវបាន​មន្ត្រីរដ្ឋាភិបាលចិន រៀបចំឱ្យ​ទស្សនកិច្ចនៅតាមទីតាំងសំខាន់ៗ​មួយចំនួន​របស់ចិន។

នៅល្ងាចថ្ងៃទី១៥ ខែកញ្ញា នេះ លោកជំទាវបណ្ឌិត ត្រូវបានមន្ត្រីរដ្ឋាភិបាលចិន អញ្ជើញ​​​ឱ្យបំពេញទស្សនកិច្ចនៅមហាវិមានប្រជាជនចិន។ លោកជំទាវបណ្ឌិត បានពិនិត្យយ៉ាងយកចិត្តទុកដាក់ លើការធ្វើបទបង្ហាញពីថ្នាក់ដឹកនាំ នៃមហាវិមាន​ប្រជាជន​ចិន។

មហាវិមានប្រជាជន គឺជាអគាររដ្ឋដែលមានទីតាំងនៅភាគខាងលិច​នៃ​ទីលាន​ធានអានមេន ក្នុងទីក្រុងប៉េកាំង។ មហាវិមានប្រជាជន ត្រូវបានប្រើសម្រាប់​សកម្ម​ភាពនីតិប្បញ្ញត្តិ និងការប្រារព្ធពិធីនានារដ្ឋាភិបាលចិន និងគណបក្សកុម្មុយ​និស្តចិន។ មហាវិមានប្រជាជនមានមុខងារជាកន្លែងប្រជុំសម្រាប់សម័យប្រជុំពេញអង្គ នៃសភាជាតិប្រជាជន នីតិប្បញ្ញត្តិរបស់ចិន ដែលកើតឡើងជារៀង​រាល់ឆ្នាំក្នុង​កំឡុង​ខែមីនា រួមជាមួយនឹងសម័យប្រជុំថ្នាក់ជាតិ​នៃសន្និសិទប្រឹក្សានយោបាយ​ប្រជាជន​ចិន។

មហាវិមានប្រជាជន ក៏ជាកន្លែងប្រជុំនៃសមាជជាតិនៃបក្សកុម្មុយនិស្តចិន ដែលចាប់​តាំង​ពីសន្និសីទលើកទី១២ ក្នុងឆ្នាំ១៩៨២ ការប្រជុំបានកើតឡើងរៀងរាល់៥ឆ្នាំម្តង ហើយគណៈកម្មាធិការកណ្តាលរបស់គណបក្សត្រូវប្រជុំម្តងក្នុងមួយឆ្នាំ។

មហាវិមានប្រជាជនក៏ត្រូវបានប្រើប្រាស់សម្រាប់ព្រឹត្តិការណ៍សំខាន់ៗជាច្រើន រួមមាន កិច្ចប្រជុំថ្នាក់ជាតិនៃអង្គការសង្គម និងនយោបាយផ្សេងៗ ការប្រារព្ធខួបអនុស្សាវរីយ៍​ថ្នាក់​ជាតិ ក៏ដូចជាពិធីបុណ្យរំលឹកដល់អតីតមេដឹកនាំផងដែរ។

មហាវិមានប្រជាជន ក៏ជាកន្លែងទាក់ទាញទេសចរដ៏ពេញនិយមនៅក្នុងទីក្រុង ដែល​មានភ្ញៀវទេសចរណ៍មកទស្សនារាជធានីនេះជាញឹកញាប់ផងដែរក្នុងមួយឆ្នាំៗ។

មហាវិមានប្រជាជនចិន ក៏ជាកន្លែង​ដែល​រដ្ឋាភិបាលចិន ប្រើជាកន្លែងសម្រាប់បដិ​សណ្ឋា​រកិច្ច​ចំពោះវត្តមានមេដឹកនាំប្រទេសជាមិត្ត​ផង​ដែរ។

ក្នុងឱកាសនៃការអញ្ជើញទស្សនកិច្ចនោះដែរ ថ្នាក់ដឹកនាំនៃមហាវិមានប្រជាជនចិន បានបង្ហាញផ្ទាំងគំនូដ៏វិចិត្រក្នុងមហាវិមាន ពិសេសស្នាដៃនៃមហាបុរសចិនជំនាន់មុន។ លោកជំទាវបណ្ឌិត បានថ្លែងអំណរគុណ ដែលថ្នាក់ដឹកនាំចិន បានអនុញ្ញាតឱ្យ​​លោក​ជំទាវ បានចូលទស្សនាស្វែងយល់ពីអរិយធម៌ដ៏រុងរឿងក្នុងមហាវិមានប្រជាជនចិន។

នៅព្រឹកមិញនេះ លោកជំទាវបណ្ឌិត ក៏ត្រូវបានរៀបចំឱ្យបំពេញទស្សនកិច្ច នៅមហាកំពែងចិនផងដែរ៕