(កំពង់ធំ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួល និងសម្ពោដាក់ឲ្យប្រើប្រាស់សមិទ្ធផលអនុគម្រោង សាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងស្ទឹងសែន គម្រោងទឹកលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាបជំហាន២ ក្រោមឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ស្ថិតនៅភូមិព្រែកស្បូវ សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ។

លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានលើកឡើងថា គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាបជំហានទី២ គឺជាអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្រុងស្ទឹងសែន ដែលដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ គឺជាផ្នែកមួយទៀត ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការ កែលម្អបរិស្ថាន អនាម័យ និងសោភ័ណភាពក្នុងក្រុងស្ទឹងសែន ដែលបានរៀបចំនតាមបណ្តាផ្លូវមួយចំនួនក្នុងក្រុងស្ទឹងសែន មានការជន់លិចនៅពេលមានភ្លៀងធ្លាក់ខ្លាំង ដោយសារប្រព័ន្ធលូមានការបាក់បែកច្រើនកន្លែង។

លោកបន្តថា ក្រោយការសាងសង់ប្រព័ន្ធលូ និងស្ថានីយ ប្រព្រឹត្តកម្មទឹកកខ្វក់នេះ ប្រព័ន្ធលូត្រូវបានកែសម្រួល ដោយបានញែកប្រព័ន្ធបង្ហូរទឹកភ្លៀង និងប្រព័ន្ធទឹក កខ្វក់ដាច់ពីគ្នា ដែលនេះបានធ្វើឲ្យលំហូរទឹកភ្លៀង និងទឹកកខ្វក់ត្រូវបានគ្រប់គ្រងបានយ៉ាងល្អប្រសើរ នឹងលែងមានការជន់លិចដូចមុន។

ក្នុងឱកាសនោះ លោក ប៉េង ពោធិ៍នា បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយភាពវៃឆ្លាត និងទស្សនវិស័យវែងឆ្ងាយ នៃរាជរដ្ឋាភិបាលដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ ក្នុងការលើកកម្ពស់វិស័យអនាម័យដើម្បី ធានាប្រយោជន៍សុខភាពសាធារណៈជាអតិបរមា ពីការវិនិយោគអនាម័យនៅក្នុងទីក្រុង។ លោកបានបញ្ជាក់ថាក្រសួងសាធារណការ និងដឹកជញ្ជូន ប្រគល់សមិទ្ធផលជូនទៅរដ្ឋបាលខេត្តដើម្បីគ្រប់គ្រង និងប្រើប្រាស់ជាប្រយោជន៍សាធារណៈសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ និងចូលរួមថែរក្សា ការពារសំដៅធ្វើយ៉ាងណាឲ្យហេដ្ឋារចនាសម្ព័ន្ធដែលទទួលបាននេះ ស្ថិតស្ថេរតង់វង្សយូរអង្វែងទៅអនាគត។

គួរបញ្ជាក់ថា ការសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ដែលមានសមត្ថភាពច្រោះប្រមាណ៣,៥០០ម៉ែត្រគូបក្នុងមួយថ្ងៃ។ ក្រោយពីបានទទួលការយល់ព្រមពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្រសួងសាធារណការ និងដឹកជញ្ជូនបា នចុះកិច្ចសន្យាដើម្បីសាងសង់អនុគម្រោងខាងលើជាមួយក្រុមហ៊ុនសាងសង់ China First metallurgical Group Ltd. ក្នុងតម្លៃទឹកប្រាក់ចំនួន ១៦,០២១,១៨៣ដុល្លារ ដោយចាប់ផ្តើមសាងចាប់ពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣៕