(ណាននឹង-ចិន)៖ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសអញ្ជើញមកចូលួមពិព័រណ៌ចិន-អាស៊ានលើកទី២០ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានផ្តល់កិច្ចសម្ភាសន៍ជាមួយសារព័ត៌មានមួយចំនួន រួមមាន Peoples Daily, Xinhua News Agency, China Media Group, China Daily និង Guangxi Radio and TV។

នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានជម្រាបជូនអំពីទំនាក់ទំនងអាស៊ាន-ចិន និងបានបង្ហាញសុទិដ្ឋិនិយមថា ពិព័រណ៌ចិន-អាស៊ាន ជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ទំនាក់ទំនងរវាងធុរកិច្ច និងធុរកិច្ច រវាងអាស៊ាន ជាមួយចិន។

ក្រោយមក លោកបណ្ឌិត កៅ គឹមហួន បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Wei Zhaohui អគ្គលេខាធិការពិព័រណ៌ចិន-អាស៊ាន។ លោកបណ្ឌិត កៅ គឹមហួន បានអបអរសាទរពិព័រណ៌ចិន-អាស៊ាន សម្រាប់ខួប២០ ឆ្នាំ និងបានគូសបញ្ជាក់ពីសារៈសំខាន់ដែលពិព័រណ៌ចិន-អាស៊ាន ជាវេទិកាដ៏មានប្រសិទ្ធភាពដើម្បីទាក់ទាញសហគ្រាសពីអាស៊ាន មកចូលក្នុងទីផ្សាររបស់ចិន។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន ក៏បានបញ្ជាក់ពីការត្រៀមខ្លួនរបស់លេខាធិការដ្ឋានអាស៊ាន ដើម្បីគាំទ្រការរៀបចំពិព័រណ៌ចិន-អាស៊ាន។

លុះនៅរសៀលថ្ងៃដដែលនេះ លោកបានអញ្ជើញទៅទស្សនានៅឧទ្យានឧស្សាហកម្ម Nanning Shuangding របស់ក្រុមហ៊ុន Shanghai SUS Environment Co., Ltd ។ នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានលើកទឹកចិត្តឲ្យក្រុមហ៊ុន រកមើលវិស័យកិច្ចសហប្រតិបត្តិការដែលអាចធ្វើរួមគ្នាជាមួយអាស៊ាន ជាពិសេសក្នុងវិស័យថាមពលស្អាត។

បន្ទាប់មកលោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Liu Ning ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនតំបន់ស្វ័យតក្វាងស៊ី។ លោកបណ្ឌិត កៅ គឺមហួន បានគូសទទួលស្គាល់ពីគំនិតផ្តួចផ្តើមនានារបស់តំបន់ស្វ័យតក្វាងស៊ី ក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងអាស៊ាន និងចិន ជាពិសេសក្នុងការបង្កើនឱកាសសម្រាប់ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍៕