(ភ្នំពេញ)៖ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានប្រារព្ធទិវាសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចឥណ្ឌា ដែលហៅថា ITEC នៅសណ្ឋាគារ Hyatt Regency ភ្នំពេញ ក្រោមវត្តមានលោកស្រីបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាចាំកម្ពុជា និងលោកបណ្ឌិត សៅ ជីវ័ន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទ និងជាប្រធានសមាគមន៍អតីតនិស្សិតកម្ពុជា ឥណ្ឌា និងមានការចូលរួមពីលោកបណ្ឌិត ឃី សុវណ្ណរតនា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកស្រី ចាន់ សូរី រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងឥស្សរជន និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល រួមទាំងនិស្សិត ITEC ជាង ១២០នាក់។

លើកឡើងនាឱកាសនោះលោកស្រីបណ្ឌិត Devyani Khobragade បានឱ្យដឹងថា ឥណ្ឌាជឿជាក់លើ «Vasudhaiva Kutumbakam» ដែលមានន័យថា ពិភពលោកគឺជាគ្រួសារមួយ ហើយនៅលើផ្លូវនេះឥណ្ឌាចែករំលែកចំណេះដឹង និងជំនាញរបស់ខ្លួនជាមួយពិភពលោក កម្មវិធីបណ្តុះបណ្តាលក្រោម ITEC គឺជាឧទាហរណ៍ដ៏ជាក់ស្តែងនៃការអនុវត្តទស្សនវិជ្ជាបុរាណឥណ្ឌា។ វាគឺជាការខិតខំប្រឹងប្រែងរបស់ឥណ្ឌា សូម្បីតែភ្លាមៗបន្ទាប់ពីទទួលបានឯករាជ្យរបស់ខ្លួន ដើម្បីចែករំលែកសមត្ថភាពរបស់ខ្លួនជាមួយប្រទេសដែលកំពុងអភិវឌ្ឍន៍ជាដៃគូក្នុងពិភពលោក ហើយនោះក៏ជាអាទិភាពនៃប្រទេសដៃគូផងដែរ។

ចាប់តាំងពីឆ្នាំ១៩៨១មក មន្ត្រីរាជការជាង ២៦០០រូប ដែលធ្វើការនៅក្នុងក្រសួង នាយកដ្ឋាន ស្ថាប័នស្វយ័តនានា ដូចជាធនាគារជាតិនៃកម្ពុជា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អាជ្ញាធរមីន បណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងចំណោមអ្នកផ្សេងទៀត បានទទួលនូវអត្ថប្រយោជន៍ពីកម្មវិធីបណ្តុះបណ្តាលនេះតាមជំនាញរៀងៗខ្លួន។ ក្នុងអំឡុងឆ្នាំ 2021-2022 ជាង 350 នាក់ និងនៅឆ្នាំ 2022-23 មានមន្ត្រីរាជការកម្ពុជាជាង 200 នាក់បានទទួលការបណ្តុះបណ្តាលទាំងនេះនៅក្រោម ITEC ទាំងអនឡាញ និងចូលរួមផ្ទាល់។ នាពេលបច្ចុប្បន្នក្នុងឆ្នាំ 2023-24 មានចំនួន 250 កន្លែងត្រូវបានផ្ដល់សម្រាប់កម្ពុជា។

លោកស្រីឯកអគ្គរដ្ឋទូត បានបន្ថែមថា ដោយមើលឃើញពីការវាយតម្លៃខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជានៃកម្មវីធី ITEC ចំពោះតួនាទីរបស់ខ្លួនក្នុងការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស ស្ថានទូតឥណ្ឌា រាជធានីភ្នំពេញ ក៏បានរៀបចំវគ្គបណ្តុះបណ្តាលពិសេសតាមការស្នេីសុំរបស់ក្រសួងនានារបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។ រដ្ឋាភិបាលឥណ្ឌារៀបចំវគ្គបណ្តុះបណ្តាលបែបនេះមានចំនួន ៣០វគ្គហើយ ដែលក្នុងមួយវគ្គៗមានអ្នកចូលរួមចាប់ពី ១៥ ទៅ ២០នាក់ ដោយពួកគេបានធ្វើដំណើរទៅកាន់ ប្រទេសឥណ្ឌាដើម្បីចូលរួមដោយផ្ទាល់។

នាពេលថ្មីៗនេះមន្ត្រីចំនួន២០រូបមកពីក្រសួងកិច្ចការនារី និងមន្ត្រីចំនួន២០រូបផ្សេងទៀតមកពីអាជ្ញាធរមីន បានចូលរួមវគ្គបណ្តុះបណ្តាលនៅឥណ្ឌាដែរ។ នៅខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ មន្ត្រីចំនួន ៤០ រូបមកពីក្រសួងយុត្តិធម៌ក៏ត្រូវចូលរួមវគ្គបណ្តុះបណ្តាល ដោយផ្ទាល់នៅទីក្រុង Bhopal ប្រទេសឥណ្ឌា។

លោកបណ្ឌិត សៅ ជីវ័ន បានឱ្យដឹងដែរថា កម្ពុជា និងឥណ្ឌា មានទំនាក់ទំនងវប្បធម៌យ៉ាងជិតស្និទ្ធ ទាំងភាសាខ្មែរ សាសនាជាតិរបស់យើង - ព្រះពុទ្ធសាសនា និងទិដ្ឋភាពជាច្រើននៃទំនៀមទម្លាប់របស់យើង រកឃើញឫសគល់របស់ពួកគេទៅកាន់ប្រទេសឥណ្ឌា។ កម្មវិធី ITEC មិនត្រឹមតែបានជួយដល់ការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងស្មារតីនៃសាមគ្គីភាព និងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរកម្ពុជា និងឥណ្ឌាផងដែរ។

សូមបញ្ជាក់ថា កម្មវិធី ITEC ចាប់បើកដំណើរការនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ១៩៦៤។ ITEC គឺជាកម្មវិធីមួយដែលផ្តោតជាចម្បងលើការបណ្តុះបណ្តាលសមត្ថភាពដល់មន្ត្រី បុគ្គលិក និយោជក ដែលមកពីប្រទេសកំពុងអភិវឌ្ឍន៍ នៅទូទាំងពិភពលោក។ សព្វថ្ងៃនេះប្រទេសឥណ្ឌាផ្តល់អាហារូបករណ៍ 14000ជារៀងរាល់ឆ្នាំ។ រដ្ឋាភិបាលនៃប្រទេសឥណ្ឌាទទួលបន្ទុករាល់ការចំណាយទាក់ទងនឹងថ្លៃសំបុត្រយន្តហោះ និងកន្លែងស្នាក់នៅសម្រាប់បេក្ខជនដែលបានជ្រើសរើស។

នៅក្រោមកម្មវិធីឥណ្ឌាផ្តល់កម្មវិធីបណ្តុះបណ្តាលសម្រាប់ទាំងមន្រ្តីស៊ីវិល និងមន្រ្តីយោធា មន្រ្តីប៉ូលិសជាដើម។ ដូច្នេះហើយ ដ្ឋាភិបាលឥណ្ឌាក៏បានបន្ថែមវគ្គសិក្សាថ្មីផងដែរ ដើម្បីដើរឲ្យទាន់ជាមួយនឹងការផ្លាស់ប្តូរ/វឌ្ឍនភាពនៃពិភពលោក។ វិទ្យាស្ថានសមខាន់ និងល្បីៗប្រហែល 100វិទ្យាស្ថាន បានបើកវគ្គបណ្តុះបណ្តាលរយៈពេលខ្លី មធ្យម និងរយៈពេល វែងផ្សេងៗគ្នា។ លើសពីនេះទៀតតាមសំណើជាក់លាក់ វគ្គបណ្តុះបណ្តាលលើវិស័យកាត់ដេរ ក៏ត្រូវបានផ្តល់ជូនផងដែរ។ រហូតមកដល់ពេលនេះអ្នកដែលបានចូលរួមវគ្គបណ្តុះបណ្តាលជាងពីរសែន នាក់នៅក្នុងប្រទេសដៃគូចំនួន 160 បានទាញយកអត្ថប្រយោជន៍ពីកម្មវិធីផ្សេងៗដែលផ្តល់ដោយ ប្រទេសឥណ្ឌាក្រោមកម្មវិធីITEC៕