(ប៉េកាំង, ចិន)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើចិន ឱ្យបន្តជួយលើវិស័យសំខាន់ៗមួយចំនួនមានដូចជា សន្តិសុខថាមពល, ការកសាងហេដ្ឋារចនាសម្ព័ន្ធ, ការស្តារ និងជំរុញវិស័យទេសចរណ៍។ សម្តេចធិបតី ក៏បានស្នើចិន លើកទឹកចិត្តអ្នកវិនិយោគចិនគាំទ្រទៅលើគម្រោងទាំងឡាយ ស្ថិតក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រផងដែរ។
សំណើរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយលោក លី ឈាង នាយករដ្ឋមន្ត្រីចិន នាល្ងាចថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅវិមានមហាប្រជាជនចិន ក្នុងរដ្ឋធានីប៉េកាំង ប្រទេសចិន។
ឆ្លើយតបនឹងសំណូមពរនេះ លោកនាយករដ្ឋមន្ត្រី លី ឈាង បានគូសបញ្ជាក់ថា រដ្ឋាភិបាលចិនរីករាយបន្តសហការ និងជំរុញអនុវត្តឱ្យចេញជាលទ្ធផលនូវគម្រោងទាំងអស់នេះ។
លោក លី ឈាង បានប្រកាសដែរថា រដ្ឋាភិបាលចិនបន្តគាំទ្រ និងសហការជាមួយកម្ពុជាលើគ្រប់វិស័យដោយមិនមានការប្រែប្រួល ដើម្បីជាប្រយោជន៍សម្រាប់ប្រទេស និងប្រជាជនកម្ពុជា-ចិន។
សូមបញ្ជាក់ថា ដើម្បីបង្ហាញឱ្យឃើញនូវស្មារតីនៃកិច្ចសហការដ៏រឹងមាំជាប្រយោជន៍សម្រាប់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរនោះ នៅក្រោយជំនួបពិភាក្សានេះសម្តេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីចិន បានធ្វើជាអធិបតីចុះហត្ថលេខាលើឯកសាររហូតដល់ទៅ១៥។ ក្នុងចំណោមឯកសារដែលបានចុះហត្ថលេខានោះ មានឯកសារស្តីផែនការសកម្មភាព នៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មីឆ្នាំ២០២៤-២០២៨ ផងដែរ៕