(ប៉េកាំង, ចិន)៖ ដូចទៅនឹងជំនួបជាមួយប្រធានាធិបតីចិន និងប្រធានសភាប្រជាជនចិន​ដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់លោក លី ឈាង នាយករដ្ឋមន្ត្រីចិនថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តនយោបាយចិនតែមួយដោយ​ឥត​ងាក​រេនោះឡើយ។

ដំណើរបំពេញទស្សនកិច្ចជាផ្លូវការលើកដំបូងនៅក្នុងប្រទេសចិន ក្រោយឡើងកាន់តំណែង​ជា​នាយក​រដ្ឋមន្ត្រីរបស់កម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលបានការបដិ​សណ្ឋា​​រកិច្ច និងស្វាគមន៍យ៉ាងកក់ក្តៅបំផុតសមភាគីរបស់សម្តេច គឺលោក លី ឈាង នា​យក​រដ្ឋមន្ត្រីចិន។

រយៈពេលត្រឹមតែជាងមួយសប្តាហ៍ប៉ុណ្ណោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោក លី ឈាង បានជួបពិភាក្សាការងារជាមួយគ្នារហូតដល់ទៅពីរដង។ លើកទី១​ត្រូវបាន​ធ្វើឡើងកាលពីសប្តាហ៍ទី១នៃខែកញ្ញា ពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ច​ប្រជុំ​កំពូលពាក់ព័ន្ធនៅប្រទេសឥណ្ឌូនេស៊ី។ ការជួបគ្នាជាលើកទី២លើទឹកដីមិត្តចិន ធ្វើឱ្យ​សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក លី ឈាង មានភាពស្និទ្ធស្នាលគួរឱ្យកត់សម្គាល់។

លោកនាយករដ្ឋមន្ត្រីចិន បានវាយតម្លៃ​ខ្ពស់​ចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបាន​ជ្រើស​យកប្រទេសចិន ជាប្រទេស​ទី១ សម្រាប់ការបំពេញទស្សនកិច្ចផ្លូវការ បន្ទាប់​ពី​ចូល​កាន់​​តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា។ សម្រាប់លោកនាយករដ្ឋមន្ត្រីចិន ដំណើរទស្សនកិច្ច​នេះ ជាការបង្ហាញឱ្យឃើញនូវមនោសញ្ចេតនា និងទំនាក់ទំនងដ៏ស៊ីជម្រៅ។

ក្រៅតែពីលើកឡើងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនានាហើយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក លី ឈាង ក៏បានលើកបង្ហាញពីគោលនយោបាយទ្វេភាគី តំបន់ និងអន្តរជាតិផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​គូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ​របស់​សម្ដេចធិបតីផ្ទាល់នោះ គឺនៅតែបន្តរក្សាជំហរដដែល ជាពិសេសបន្តអនុវត្តនយោ​បាយចិនមួយយ៉ាងខ្ជាប់ខ្ជួន។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា កម្ពុជា​នៅ​តែបន្តគាំទ្រចិន ក្នុង​ក្របខ័ណ្ឌតំបន់ និងពិភពលោក ព្រមទាំងបន្តគាំទ្រនូវ​គំនិត​ផ្តួច​​ផ្តើម​នានា​របស់ចិនផងដែរ។

បន្ថែមពីលើនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រកាសគាំទ្រចំពោះការរៀបចំវេទិកា​គំនិត​​ផ្ដួច​ផ្ដើម​ខ្សែក្រវាត់ និងផ្លូវលើកទី៣ ហើយសម្តេចក៏បានបញ្ជាក់ពីការអញ្ជើញចូលរួម​ក្នុងវេទិកានោះនាខែតុលាខាងមុខផងដែរ។ បន្ថែមពីលើនេះ កម្ពុជាត្រៀម​ខ្លួន​ជាស្រេចក្នុង​ការបន្ត​អនុវត្តនូវគម្រោងដែលបានព្រមព្រៀងគ្នា និង​ខិត​ខំស្វែងរកនូវគម្រោងថ្មីៗ​បន្ថែម​ទៀត ដើម្បីអនុវត្តសម្រាប់ជាផល​ប្រយោជន៍​​ជូនប្រជាជនទាំងពីរឱ្យបានកាន់តែប្រសើរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក លី ឈាង បានឯកភាពគ្នាបន្ត​ជំរុញ​កិច្ចសហ​ប្រតិ​បត្តិការជាមួយគ្នា ហើយបន្ត​គាំទ្រគ្នា ព្រមទាំងជួយជ្រោមជ្រែងគ្នា​ទៅវិញ​ទៅ​មក ក្នុងក្រប​ខ័ណ្ឌ​តំបន់ និង​សកលលោក។

សូមបញ្ជាក់ថា ក្នុងជំនួបជាមួយមេដឹកនាំចិន ទាំងប្រធានាធិបតី នាយករដ្ឋមន្ត្រី និងប្រធាន​សភា សម្តេចធិបតី ហ៊ុន ម៉ាណែត សុទ្ធតែបានបង្ហាញជំហរ​នយោបាយកម្ពុជាដោយរក្សា​នយោបាយចិនតែមួយខ្ជាប់ខ្ជួនឥតប្រែប្រួលនោះឡើយ៕