(ភ្នំពេញ)៖ លោក សំរិត ប៊ុនថុល ប្រធានស្ដីទីក្រុមការងារថ្នាក់ជាតិចុះជួយគណបក្សភ្លើងទៀន ខេត្តព្រះសីហនុ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបង្ហាញការសោកស្ដាយជាពន់ពេក ក្រោយផុងខ្លួនជឿតាមការញុះញង់ និងប្រឆាំងទាំងទទឹងទិសរបស់គណបក្សមួយនេះ អស់រយៈពេល២៥ឆ្នាំ។
តាមរយៈវីដេអូដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានលោក សំរិត ប៊ុនថុល បានអំពាវនាវដល់សមាជិក និងអ្នកដែលធ្លាប់គាំទ្រគណបក្សភ្លើងទៀន ត្រូវផ្លាស់ប្ដូរផ្នត់គំនិតរបស់ខ្លួន ងាកមកចូលរួមជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
ថ្នាក់ដឹកនាំគណបក្សភ្លើងទៀនរូបនេះ បានអះអាងទៀតថា នៅពេលនេះប្រជាជនកម្ពុជាគ្រប់បានបាត់បង់នូវទំនុកចិត្តចំពោះការដឹកនាំនយោបាយរបស់គណបក្សប្រឆាំង ជាពិសេសអតីតថ្នាក់ដឹកនាំគណបក្សប្រឆាំង ដែលបានរត់ភៀសខ្លួនទៅក្រៅប្រទេស ហើយតែងតែញុះញង់ បំភ្លៃខុសពីការពិត ប្រាសចាកឆ្ងាយពីគន្លងប្រជាធិបតេយ្យ។
លោក សំរិត ប៊ុនថុល ដែលប្រពន្ធមានតួនាទីជាប្រធានចលនាស្ដ្រី នៃគណបក្សភ្លើងទៀន ហើយត្រូវបានសមត្ថកិច្ចចាប់ខ្លួន ព្រោះតែបម្រើ និងអនុវត្តសកម្មភាពនយោបាយជ្រុលនិយមជាមួយគណបក្សនេះនាពេលកន្លងទៅ បានប្រកាសមិនទទួលយកមេធាវីការពារក្ដី ដែលជាការផ្ដល់ជូនរបស់គណបក្សភ្លើងទៀននោះទេ។ លោកថែមទាំងសោកស្ដាយ នៅពេលឃើញក្រុមគ្រួសារមានទុក តែបែរជាគ្មានថ្នាក់ដឹកនាំគណបក្សភ្លើងទៀន មកសួរសុខទុក្ខនោះឡើយ។
សូមស្ដាប់ការលើកឡើងរបស់លោក សំរិត ប៊ុនថុល៖