(ភ្នំពេញ)៖ គណៈកម្មាធិការនាយក នៃក្រុងខ្មែរឡូវែល រដ្ឋម៉ាសាឈូសេត នៃសហរដ្ឋអាមេរិក (CAMBODIA TOWN LOWELL, INC. MASSACHHUSSETTS, UNITED STATE OF AMERICA ) បានប្រកាសគាំទ្រ ចំពោះដំណើរទស្សនកិច្ច របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល អង្គការសហប្រជាជាតិលើកទី៧៨ (UNGA 78) នៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាចុងខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ។

លិខិតគាំទ្រដែលបណ្តាញ Fresh News ទទួលបាន នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ បានបញ្ជាក់យ៉ាងដូច្នេះថា «គណៈកម្មាធិការនាយក នៃក្រុងខ្មែរឡូវែល រដ្ឋម៉ាសាឈូសេត នៃសហរដ្ឋអាមេរិក មើលឃើញយ៉ាងច្បាស់ថា ដំណើរទស្សនកិច្ច របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅលើទឹកដីនៃសហរដ្ឋអាមេរិកនាពេលខាងមុខដ៏ខ្លីនេះ ពិតជានឹងនាំមកជាមួយនូវផ្លែថ្លានៃចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការអន្តរជាតិ រួមទាំងកិច្ចការវិនិយោគនានា នៅក្នុងគោលដៅបម្រើឲ្យការ អភិវឌ្ឍវិស័យសេដ្ឋកិច្ចជាតិ សំដៅលើកកម្ពស់ជីវភាពប្រជាជនកម្ពុជាទាំងអស់ ហើយព្រះរាជាណាចក្រកម្ពុជា នឹងបន្តរស់នៅក្នុងសុខសន្តិភាពនិងការអភិវឌ្ឍបន្តពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាបិតាគម្រូនៃការឯកភាព សន្តិភាព និងការអភិវឌ្ឍជាតិ»

សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ច ពិភាក្សាទូទៅនៃសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ដែលនឹង ប្រព្រឹត្តទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងញូវយ៉ក។ មូលបទចម្បងសម្រាប់ កិច្ចពិភាក្សាក្នុងឆ្នាំនេះគឺ «កសាងទំនុកចិត្តឡើងវិញ និងបំផុសសាមគ្គីភាពក្នុងពិភពលោក៖ ជំរុញ សកម្មភាពលើរបៀបវារៈឆ្នាំ២០៣០ និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព ដើម្បីសន្តិភាព វិបុលភាព វឌ្ឍនភាព និងចីរភាពសម្រាប់ទាំងអស់គ្នា»។

បើយោង​តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ អញ្ជើញអមដំណើរ សម្ដេចធិបតី រួមមាន៖​ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ មន្ត្រីសំខាន់ៗរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ ផ្នែកឯកជនមួយចំនួនរបស់កម្ពុជា។

ខ្លឹមសារនៃសន្ទរកថារបស់ សម្តេចធិបតី នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនឹង ផ្ដោតលើទិដ្ឋភាពសំខាន់ៗចំនួន បី រួមមាន បរិបទពិភពលោក វឌ្ឍនភាពសង្គម-សេដ្ឋកិច្ចកម្ពុជា និងការប្ដេជ្ញាចិត្តរបស់កម្ពុជាចំពោះសកម្មភាពបដិវត្តកម្មនៃគោលដៅអភិវឌ្ឍន៍ដោយចីរភាព (SDGs)។ សម្ដេចធិបតី ក៏នឹងមានកិច្ចប្រជុំទ្វេភាគីជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ និងឥស្សរជន បរទេសមួយចំនួន ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវយ៉ក។

នៅអំឡុងពេលនៃកិច្ចប្រជុំខាងលើ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួមក្នុងកិច្ចសន្ទនាថ្នាក់តំបន់និងអន្តរជាតិ រួមមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច (ECO) លើកទី១៥។ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ក៏នឹងគ្រោងជួបពិភាក្សាទ្វេភាគីដោយឡែកពីគ្នា ជាមួយសមភាគី មក ពីបណ្តាប្រទេសនានាផងដែរ៕