(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ បានបង្ហាញសារប្រកបដោយក្តីសង្ឃឹមតាមរយៈហ្វេសប៊ុកផ្លូវការថា ខួប៧០ឆ្នាំនៃមិត្តភាពកម្ពុជា-ជប៉ុន មិនត្រឹមតែជាការរឹតចំណងសាមគ្គីភាពរបស់ប្រទេសទាំងពីរនោះទេ ហើយអាចជាការទាក់ទាញភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគថែមទៀតផង។

សារប្រកបដោយក្តីសង្ឃឹមនេះ គឺធ្វើឡើងក្រោយពេលដែលលោក បានចូលរួមជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងលោក អូអេណុ អាត់ស៊ូស៊ី ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

រដ្ឋមន្ត្រីក្រសួងការងារ៖ «ខួប៧០ឆ្នាំនៃមិត្តភាពកម្ពុជា-ជប៉ុន ដើម្បីរឹតចំណងសាមគ្គីភាព និងទាក់ទាញប្រជាជននិងអ្នកវិនិយោគជប៉ុនឲ្យមកកម្ពុជាកាន់តែច្រើន» ដោយបានទស្សនាការប្រគុំតន្ត្រីអូខេស្ត្រាក្នុងពិធីរំលឹកខួប៧០ឆ្នាំនៃមិត្តភាពកម្ពុជា-ជប៉ុននៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)ក្នុងរាជធានីភ្នំពេញ។

លោក ហេង សួរ បានគូសបញ្ជាក់ថា៖ «បានមកចូលរួមជាមួយ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និង លោក អូអេណុ អាត់ស៊ូស៊ី ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ទស្សនាការ ប្រគំតន្ត្រីអូខេស្ត្រា ខួប៧០ឆ្នាំនៃមិត្តភាពកម្ពុជា-ជប៉ុន ដើម្បីរឹតចំណងសាមគ្គីភាពកម្ពុជា-ជប៉ុន និងទាក់ទាញការចាប់អារម្មណ៍របស់ប្រជាជនជប៉ុន និងអ្នកវិនិយោគជប៉ុនឲ្យមកកម្ពុជាកាន់តែច្រើន”

សូមបញ្ជាក់ថា កម្ពុជា និងជប៉ុន បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការដំបូងនៅឆ្នាំ ១៩៥៣ ហើយ ៧០ឆ្នាំក្រោយគឺឆ្នាំ២០២៣នេះ ប្រទេសទាំងពីរ បានដំឡើងកម្រិតទំនាក់ទំនងទំនាក់ទំនងទ្វេភាគី ដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដែលជាដៃគូយុទ្ធសាស្ត្រកម្រិតខ្ពស់បំផុតនៃទំនាក់ទំនងរវាងប្រទេសក្នុងតំបន់អាស៊ីទាំងពីរនេះ។

ក្រៅពីការលើកឡើងក្នុងទិដ្ឋភាពនយោបាយ និងសេដ្ឋកិច្ចកិច្ច លោក ហេង សួរ ក៏បានសរសើរយុវតន្ត្រីករជប៉ុនថា ពិតជាសម្តែងបានល្អ និងថ្លែងអំណរគុណដែលធ្វើដំណើរដ៏សែនឆ្ងាយដម្រាប់ការប្រគំតន្ត្រីនេះ ហើយក៏ជូនពរដល់យុវតន្រ្តីករជប៉ុនមានសុខភាពល្អ និងរីករាយក្នុងការស្នាក់នៅកម្ពុជា។

គួររំលឹកផងដែរថា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន មានទំហំ៨៦០លានដុល្លារអាម៉េរិកខណៈដែលកម្ពុជាបាននាំចេញទៅជប៉ុន៥៤៥លានដុល្លារអាម៉េរិក៕