(ពោធិ៍សាត់)៖ បុរសម្នាក់ជិះម៉ូតូឆ្លងផ្លូវ ត្រូវរថយន្តមួយគ្រឿងបុកបណ្តាលឱ្យស្លាប់ភ្លាមៗ នាវេលាម៉ោង ៥៖៣០នាទីល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ៥៥ ចន្លោះគីឡូម៉ែត្រលេខ៤៦ និង៤៧ ស្ថិតក្នុងភូមិអង្រ្គង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

នគរបាលស្រុកភ្នំក្រវាញ បានឱ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ គេឃើញមានរថយន្ត០១គ្រឿង ម៉ាកLexus RX330 ពណ៌ស សេរីឆ្នាំ២០០៦ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-5384 ទិសដៅពីកើតទៅលិច បើកបរដោយឈ្មោះ អូន អ៊ីឡុង (លីសៀវឡុង) ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងម៉ូតូ រស់នៅភូមិព្រែកតាវេន ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ពេលបើកចំណុចខាងលើ ក៏បានបុកម៉ូតូ០១គ្រឿង ម៉ាក Dream ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ មិនចាំស្លាកលេខ ដែលឆ្លងផ្លូវពីជើងទៅត្បូង បណ្តាលឱ្យស្លាប់។ ជនរងគ្រោះ ឈ្មោះ រ៉ាត់ ស៊ីណូ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកសិករ រស់នៅភូមិអង្រ្គង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ក្រោយពេលកើតហេតុ នគរបាលចរាចរណ៍ផ្លូវគោក ក៏បានចុះវាស់វែង និងបានប្រគល់សាកសពជនរងគ្រោះ ជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។ ដោយវត្ថុតាង ម៉ូតូ និងរថយន្ត កម្លាំងបានរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ រងចាំដោះស្រាយនាពេលក្រោយ៕