(បាត់ដំបង)៖ លោក សុខ លូ ប្រធានគណៈកម្មាធិការទក្រហមកម្ពុជាខេត្តបាត់ដំបង នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ បានចាត់តំណាងសាខាដឹកនាំដោយលោក ផេង សិទ្ធី អភិបាលរងខេត្ត និងជាសមាជិកគណៈកម្មាធិការសាខា បានចុះសំណេះសំណាលសួរសុខទុក និងផ្តល់អំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតតាមខ្នងផ្ទះ៥គ្រួសារ រស់នៅភូមិអំពិលជូង ឃុំមានជ័យ ស្រុកសំឡូត។

ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋទាំងអស់ក្នុងនាមលោក សុខ លូ, លោក ផេង សិទ្ធី បានសម្តែងនូវក្តីសោមនស្សរីករាយ និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចតែងតែផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ ការគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសការពាំនាំនូវសារអប់រំថែទាំសុខភាព ត្រូវគិតគូរថែទាំទាំងសុខភាពផ្លូវកាយ ផ្លូវចិត្តឱ្យបានល្អ បន្ថែមពីនេះលោកបានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ត្រូវពិសាទឹកដាំឆ្អិន រស់នៅមានអនាម័យ សម្រាកក្នុងមុងជានិច្ច និងលើកកម្ពស់សុវត្ថិភាពអាហារប្រចាំថ្ងៃ តាមរយៈការដាំបន្លែបង្ការក្នុងគ្រួសារ ដើម្បីបានសុខភាពល្អផង និងកាត់បន្ថយការចំណាយក្នុងគ្រួសារផង។

លោក ផេង សិទ្ធី បានអំពាវនាវប្រជាពលរដ្ឋបន្តខិតខំប្រឹងប្រែងដើម្បីជីវភាពគ្រួសារ ព្រោះថាអំណោយរបស់កាកបាទក្រហមកម្ពុជា អាចជួយសម្រាលការលំបាកដល់បងប្អូនតែមួយគ្រាប៉ុណ្ណោះ។

ឆ្លៀតក្នុងឱកាសនោះលោក ផេងសិទ្ធី បានថ្លែងអំណរគុណយ៉ាងជ្រាលចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានបរិច្ចាគធនធានថវិកាប្រកបដោយទឹកចិត្តជ្រះថ្លាជូនសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុងឱកាសទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ដើម្បីឱ្យសាខាកាកបាទក្រហមកម្ពុជាខេត្ត អាចចុះបំពេញប្រតិបត្តិការមនុស្សធម៌បានដូចនាពេលនេះ និងជាបន្តបន្ទាប់ទៀត។

ជាការឆ្លើយតបប្រជាពលរដ្ឋទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក សុខ លូ ជាពិសេសកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ តែងតែបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋដោយគ្មានការរើសអើងអ្វីឡើយ។

សូមបញ្ជាក់ថា អំណោយផ្តល់ជូនគ្រួសារនីមួយៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី១កេស,ត្រីខ ១០កំប៉ុង, ទឹកត្រី ១យួរ, ទឹកស៉ីអ៉ីវ១យួរ មុង១ ភួយ១, ក្រមា១ សារុង១ និងថវិកាមួយចំនួន។ ដោយឡែកគ្រួសារលោក ជុំ ជា អាយុ៤២ឆ្នាំ មានជំងឺប្រចាំកាយពិកាដេកមួយកកន្លែង (ពិការ៤ឆ្នាំ) បានបន្ថែម អង្ករ ៥០គីឡូក្រាម, មី២កេស,ត្រីខ ២០កំប៉ុង, ទឹកត្រី ២យួរ, ទឹកស៉ីអ៉ីវ២យួរ មុង១ភួយ១, ក្រមា១ សារុង១ និងថវិកាមួយចំនួនផងដែរ៕