(ភ្នំពេញ)៖ ប្រទេសកម្ពុជា-ចិន បានចាប់ផ្តើមធ្វើសមយុទ្ធជាមួយគ្នាតាំងពីឆ្នាំ២០១៦មក គិតមកដល់ឆ្នាំ២០២៣នេះ គឺមានចំនួន៦លើកមកហើយ ដោយក្នុងនោះសមយុទ្ធចំនួន៥លើក គឺធ្វើឡើងលើកផ្នែកយោធា ប៉ុន្តែ សម្រាប់សមយុទ្ធលើកទី៦នេះ ភាគីទាំងពីរបានជ្រើសលើវិស័យសុខាភិបាល។

សមយុទ្ធសុខាភិបាលរួមគ្នារវាងកងទ័ពទាំងពីរ ត្រូវបានភាគីទាំងពីរបានដាក់ឈ្មោះថា «ទេវតាសន្តិភាព-ឆ្នាំ២០២៣» ក្រោមយុទ្ធធ្វើឡើងប្រធានបទ «ប្រតិបត្តិការសង្គ្រោះសុខាភិបាលមនុស្សធម៌អន្តរជាតិ រួមគ្នានៅតំបន់ គ្រោះមហន្តរាយ ខ្យល់ព្យុះ និងទឹកជំនន់ នៃកងទ័ពទាំងពីរកម្ពុជា-ចិន»។ ដែលមានរយៈពេល១៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក។

ជុំវិញការប្រើឈ្មោះសម្រាប់ហៅសមយុទ្ធសុខាភិបាលរួមគ្នា «ទេវតាសន្តិភាព-ឆ្នាំ២០២៣» ត្រូវបាននាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការមច្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការដឹកនាំធ្វើលំហាត់ និងសមយុទ្ធរវាងកងយោធពលខេមរភូមិន្ទ ជាមួយបណ្តាប្រទេសជាមិត្ត និងការចាត់តាំងនានាក្នុងកងយោពលខេមរភូមិន្ទ ពន្យល់ថា ការដាក់ឈ្មោះសមយុទ្ធ «ទេវតាសន្តិភាព-២០២៣» គឺភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ ព្រោះថាតាមជំនឿទេវតា គឺតែងតែងជួយមនុស្សលោកគ្រប់ៗរូប។

ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងថា ឈ្មោះថា ទេវតា គឺជាអ្នកដែលជួយសង្គ្រោះដល់អាយុជីវិតប្រជាពលរដ្ឋ ដូច្នេះហើយទើបក្រុមការងាររៀបចំធ្វើសមយុទ្ធនៃកងទ័ពទាំងពីរសម្រេចដាក់ឈ្មោះ «ទេវតាសន្តិភាព-២០២៣»។ សម្រាប់ការដាក់ឈ្មោះនេះ គឺមិនមែនចេះតែដាក់នោះទេ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា ការដាក់ឈ្មោះសមយុទ្ធសុខាភិបាលរួមគ្នានេះ គឺគាប់ជួននឹងាំឈ្មោះ និងឡូហ្គោល របស់គណបក្សប្រជាជនកម្ពុជា។ សមយុទ្ធសុខាភិបាលរួមគ្នារវាងកងទ័ពកម្ពុជា-ចិន គឺដើម្បីជួយសង្គ្រោះមនុស្សជាតិ ហើយគណបក្សប្រជាជនកម្ពុជា គឺជាគណបក្សជួយសង្គ្រោះអាយុជីវិតរបស់ប្រជាជន។

គួរឱ្យដឹងថា សមយុទ្ធសុខាភិបាលរួមគ្នានេះ គឺមានកម្លាំងទ័ពពិតធ្វើការចល័តតាមទីតាំងផ្សារភ្ជាប់នឹងស្ថានភាពជាក់ស្ដែង តាមប្រធានបទ ខាងលើមានចំនួន៧ ក្នុងនោះរួមមានទី១៖ ការបញ្ជាកម្លាំងសុខាភិបាលរួមគ្នា, ទី២៖ ការដឹកជញ្ជូនកម្លាំងទ័ព, ទី៣៖ ការពង្រាយកម្លាំងប្រតិបត្តិការ, ទី៤៖ ការជួយសង្គ្រោះ នៅទីតាំងរងគ្រោះ, ទី៥៖ ការផ្ទេរបញ្ជួនអ្នករងគ្រោះព្យាបាលបន្ត, ទី៦៖ ការបញ្ជូនអ្នករងគ្រោះតាមផ្លូវអាកាស, និង៧៖ ការការពារបង្ការជំងឺឆ្លង។

សមយុទ្ធនេះ គឺដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ឆ្នាំ នៃការបង្កើតចំណងការទូតរវាងកម្ពុជា-ចិន, ដើម្បីលើកកម្ពស់សមត្ថភាព, ការផ្លាស់ប្តូរបទពិសោធន៍ក្នុងកិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាល, ប្រតិបត្តិការសង្រ្គោះគ្រោះមហន្តរាយ និងជំងឺឆ្លងផ្សេងៗឱ្យប្រកបដោយប្រសិទ្ធភាពជាដើម។

សមយុទ្ធសុខាភិបាលលើកទី១នេះ ភាគីចិនមានចំនួនសរុប១២៦នាក់ ក្នុងនោះក្រុមដឹកនាំសម យុទ្ធចំនួន ២០នាក់ ក្រុមអាកាសយានិកចំនួន ១០នាក់ កម្លាំងសុខាភិបាលចំនួន ៩៥នាក់។ ភាគីកម្ពុជា មានចំនួនសរុប ៥៩៥នាក់ ក្នុងនោះក្រុមដឹកនាំសម យុទ្ធ២៤នាក់ កម្លាំងធ្វើសមយុទ្ធ ២៣៧នាក់ កម្លាំងបម្រើការ ចំនួន៣៣៤នាក់។

សមយុទ្ធសុខាភិបាលរវាងកងទ័ពកម្ពុជា-ចិន លើកទី១នេះ ភាគីចិនប្រើប្រាស់យន្តហោះសង្គ្រោះសុខាភិបាល ប្រភេទ Y-9 ចំនួន ០១គ្រឿង រថយន្តសុខាភិបាល ចំនួន០៣គ្រឿង (រថយន្តសង្គ្រោះបន្ទាន់លទ្ធភាពចល័តខ្ពស់ ចំនួន០១គ្រឿង រថយន្តបង្ការ ជំងឺឆ្លងលទ្ធភាពចល័តខ្ពស់ ចំនួន០១គ្រឿង រថយន្តសង្គ្រោះ សម្ពាធទាបចំនួន ០១គ្រឿង) បរិក្ខារសង្គ្រោះ និងសម្ភារធានាគ្រប់ ប្រភេទប្រមាណ១០០០ឈុត និងប្រើប្រាស់យន្តហោះដឹកជញ្ជូន ប្រភេទ Y-20A ចំនួន ០៦គ្រឿង សម្រាប់ដឹកជញ្ជូនកម្លាំងទ័ព និងសម្ភារ។

សម្រាប់ភាគីកម្ពុជា ប្រើប្រាស់ឧទ្ធម្ភាគចក្រប្រភេទ Mi-17 ចំនួន ០២គ្រឿង ឧទ្ធម្ភាគចក្រ ប្រភេទ Z-9 ចំនួន ០២គ្រឿង រថយន្តសង្គ្រោះចំនួន ០៦គ្រឿង ព្រមទាំងបរិក្ខាររសុខាភិបាល និងសង្គ្រោះមួយចំនួនទៀត៕