(ភ្នំពេញ)៖ រដ្ឋាភិបាលកម្ពុជា-ចិន បានប្តេជ្ញាប្រឆាំងដាច់ខាតចំពោះការធ្វើនយោបាយលើបញ្ហាសិទ្ធិមនុស្ស ការអនុវត្តស្តង់ដារពីរ និងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ក្រោមហេតុផលសិទ្ធិមនុស្ស ឬប្រជាធិបតេយ្យ។
ភាគីទាំងពីរឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងនឹងការជ្រៀត ជ្រែកពីខាងក្រៅ និងបដិវត្តន៍ពណ៌។ នេះបើតាមសេចក្តីប្រកាសរួមរបស់រដ្ឋាភិបាលកម្ពុជា-ចិន ស្តីពីលទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីថ្មីកម្ពុជា ទៅកាន់ប្រទេសចិន រយៈពេល៣ថ្ងៃ។
ការបញ្ជាក់អំពីការប្តេជ្ញាចិត្តនេះ បានធ្វើឡើងក្នុងជំនួបទ្វេភាគីរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយនឹង លោក លី ឈាង នាយករដ្ឋមន្ត្រីចិន នៅរដ្ឋធានីប៉េកាំង កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។
«ភាគីទាំងពីរបញ្ជាក់ពីការប្រឆាំងដាច់ខាតចំពោះការធ្វើនយោបាយលើបញ្ហាសិទ្ធមនុស្ស ការអនុវត្តស្តង់ដារពីរ និងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ក្រោមហេតុផលសិទ្ធ មនុស្ស ឬប្រជាធិបតេយ្យ។ ភាគីទាំងពីរឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងនឹងការជ្រៀត ជ្រែកពីខាងក្រៅ និងបដិវត្តន៍ពណ៌»។ នេះបើតាមសេចក្តីប្រកាសរួម។
សេចក្តីប្រកាសរួម បានបញ្ជាក់បន្ថែមថា ភាគីចិនបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងប្រយោជន៍នៃការអភិវឌ្ឍ ខណៈបញ្ជាក់ពីការប្រឆាំង ដាច់ខាត ចំពោះការជ្រៀតជ្រែកពីបរទេសចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
សេចក្តីប្រកាសរួម បានបញ្ជាក់បន្ថែមទៀតថា ភាគីកម្ពុជាបញ្ជាក់ជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវ «គោលនយោបាយចិនមួយ» ដែលរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ តំណាងឱ្យ ប្រទេសចិនទាំងមូល ហើយតៃវ៉ាន់គឺជាផ្នែកមួយមិនអាចកាត់ផ្តាច់ចេញពីទឹកដី និងជាកិច្ចការផ្ទៃក្នុង របស់ចិន ដែលមិនអនុញ្ញាតឱ្យមានការជ្រៀតជ្រែកពីបរទេសឡើយ។
កម្ពុជាប្រឆាំងក៏នឹងការប៉ុនប៉ងនានាក្នុងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ឬរារាំង ឬទប់ទល់នឹងប្រទេសចិន ក្រោមឧបាយកល យកបញ្ហាតៃវ៉ាន់ជាលេស ឬសកម្មភាពបំបែកខ្លួនតាមទម្រង់ណាមួយដើម្បីទាមទារ «ឯករាជ្យភាព តៃវ៉ាន់»។ កម្ពុជាគាំទ្រយ៉ាងម៉ឺងម៉ាត់នូវកិច្ចប្រឹងប្រែងនានារបស់ចិន ដើម្បីសម្រេចបាននូវការបង្រួប បង្រួមជាតិ និងមិនបង្កើតទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ទោះក្នុងទម្រង់ណាមួយក៏ដោយ៕