(កំពត)៖ លោក នឹម ចន្ទតារា អ្នកតំណាងរាស្ត្រមណ្ឌលកំពត និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយមូលដ្ឋានស្រុកជុំគីរី កំពត បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ជាបក្សការពារ និងលើកស្ទួយផលប្រយោជន៍របស់ប្រជាជន ដើម្បីប្រជាជន និងនៅជាមួយប្រជាជនគ្រប់កាលៈទេស:។ ដូច្នេះហើយមន្ត្រីសមាជិក សមាជិកាទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងបំពេញភារកិច្ច តួនាទីបម្រើពលរដ្ឋឲ្យកាន់តែប្រសើរថែមទៀតនៅក្នុងអាណត្តិទី៧នេះ។

ថ្លែងក្នុងពីធីសម្ពោធស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំស្នាយអញ្ជិត ស្រុកជុំគីរី ខេត្តកំពត នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ដែលពិធីសម្ពោធខាងលើនេះធ្វើឡើងនៅមន្ទីរគណបក្សឃុំស្នាយអញ្ជិតខាងលើ។

ទន្ទឹមនេះ លោក នឹម ចន្ទតារា បានបន្តថា តាមរយៈលទ្ធផលនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និតិកាលទី៧ ប្រជាពលរដ្ឋបានបង្ហាញការជឿទុកចិត្ត ចំពោះគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស។

ដោយឡែកស្រុកជុំគីរី ប្រជាពលរដ្ឋ បានចូលរួមសាទរ និងត្រេកអរចំពោះយន្តការដឹកនាំរបស់បក្ស និងរដ្ឋ ដែលធ្វើឲ្យមានការអភិវឌ្ឍនៅគ្រប់មូលដ្ឋាន។ ស្រុកជំគីរី អតីតសមរភូមិសង្គ្រាមក្តៅចុងក្រោយគេ បច្ចុប្បន្នក្លាយទៅជាស្រុកមួយដែលមានការអភិវឌ្ឍមិនចាញ់ស្រុកដទៃឡើយ។ ហើយដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អាណត្តិទី៧នេះ មន្ត្រីសមាជិក សមាជិកាបក្សទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងអនុវត្ត តួនាទី ភារកិច្ច របស់ខ្លួនឲ្យបានល្អ ដើម្បីបម្រើប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងថែមទៀត។

តាមលោក ខៀវ រិទ្ធី ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយឃុំស្នាយអញ្ជិត បានលើកឡើងក្នុងរបាយការណ៍ថា សមិទ្ធផលស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំស្នាយអញ្ជិត បានសាងសង់របងស្នាក់ការព័ទ្ធជុំវិញ ខ្លោងទ្វារ និងស្លាកគណបក្សឃុំ អគារ០១ខ្នងទំហំ២៤០ម៉ែត្រការ៉េ (២០ម៉ែត្រ គុណ១២ម៉ែត្រ), បន្ទប់ធ្វើការ ចំនួន០៣ និងបង្គន់អនាម័យជាដើម ដែលប្រើប្រាស់ថវិកា សរុបចំនួន ៦៣,៥០០ដុល្លារ ថវិកាបានមកពីការចូលរួមឧបត្ថម្ភពីថ្នាក់ដឹកនាំ មាជិក សមាជិកាបក្ស និងសប្បុរសជននានាផងដែរ៕