(ណាននីង-ចិន)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តប្រឹងប្រែងបន្តកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគ តាមរយៈការកាត់បន្ថយការចំណាយ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់វិនិយោគិន ពីគ្រប់មជ្ឈដ្ឋាន។

ការថ្លែងរបស់សម្តេចនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងពិធីសម្ភោធបើកពិព័រណ៍ចិន-អាស៊ាន លើកទី២០ ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមគា្នកសាងសហគមន៍មួយ ប្រកបដោយភាពសុខដុម និងវាសនាតែមួយ» នៅមជ្ឈមណ្ឌលសន្និបាទ និងពិព័រណ៍អន្តរជាតិណាននីង ស្ថិតក្នុងក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី។

សម្តេចបានថ្លែងយ៉ាងដូច្នេះថា «នៅក្នុងអាណត្តិថ្មី របស់រាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមគូសបញ្ជាក់ពីការប្តេជ្ញាបន្តប្រឹងប្រែង កែលម្អបរិយាកាសធុរកិច្ច និងការវិនិយោគ តាមរយៈការកាត់បន្ថយចំណាយធុរកិច្ច និងបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទីក ក្នុងគោលបំណង ដើម្បីលើកកម្ពស់ផលិតភាព ឆ្លើយតបនឹងតម្រូវការរបស់វិនិយោគិនពីគ្រប់មជ្ឈដ្ឋាន»

សម្តេចបានថ្លែងទៀតថា កម្ពុជាក៏សូមសម្តែងនូវការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការសហការជាមួយរដ្ឋាភិបាល នៃប្រទេសនានាក្នុងតំបន់ និងវិស័យឯកជនពីគ្រប់ទិសទី ដើម្បីគាំទ្រសកម្មភាពពាណិជ្ជកម្ម ដែលអាចចូលរួមដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោក។

ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការរៀបចំពិព័រណ៍ចិន-អាស៊ាន លើកទី២០ ពិតជាមានសារៈសំខាន់ សម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងរវាងតំបន់ឱ្យកាន់តែស្អិតល្មួត ប្រកបដោយភាពសុខដុម ដើម្បីចូលរួមលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព។ ជាងនេះទៅទៀត ការណ៍នេះក៏បានបង្ហាញឱ្យឃើញថា កិច្ចសហប្រតិបត្តិការរួមបញ្ចូលជាមួយនឹងការធ្វើពាណិជ្ជកម្ម ដោយសេរី និងបើកចំហ គឺជាវិថីតែមួយគត់ ដែលនាំមកនូវសុខសន្តិភាព និងវិបុលភាពរួមយ៉ាងពិតប្រាកដ៕