(ណាននីង, ចិន)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួចយ៉ាងដូច្នេះថា ប្រទេសទាំងឡាយមិនគួរ ប្រើប្រាស់ការធ្វើពាណិជ្ជ ជាអាវុធបំផ្លាញសន្តិសុខសេដ្ឋកិច្ចពិភពលោកនោះទេ ផ្ទុយទៅវិញគួរតែពង្រឹងកិច្ចសហប្រតិបត្តិការ និងការពឹងពាក់គ្នាទៅវិញទៅមកបន្ថែមទៀត។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះថា ធ្វើឡើងក្នុងពិធីសម្ពោធបើកពិព័រណ៍ចិន-អាស៊ាន លើកទី២០ ក្រោមប្រធានបទ «រួមគា្នកសាងសហគមន៍មួយ ប្រកបដោយភាពសុខដុម និងវាសនាតែមួយ» នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៉ី ប្រទេសចិន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នៅពេលដែលវិបត្តិជំងឺរាតត្បាតបានថមថយទៅ ពិភពលោកកំពុងតែជួបប្រទះនឹងបញ្ហាប្រឈមផ្សេងទៀត ដូចជា ការកើនឡើងនៃថ្លៃទំនិញយុទ្ធសាស្ត្រ សន្តិសុខស្បៀង និងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុជាដើម។ ត្រង់ចំណុចនេះ សម្ដេចធិបតីបានគូសរំលេចពីតួនាទីដ៏សំខាន់ របស់ពាណិជ្ជកម្មក្នុងការចូលរួម ដោះស្រាយបញ្ហាប្រឈមសកលទាំងឡាយនេះ ដើម្បីធានាថាការពឹងផ្អែកទៅវិញទៅមក និងសកលភាវូបនីយកម្ម គឺជាការផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
សម្ដេចធិបតីបានបន្តថា «ការធ្វើពាណិជ្ជមិនគួរ ត្រូវបានប្រើប្រាស់ជាអាវុធ ដែលបំផ្លាញដល់សន្តិសុខសេដ្ឋកិច្ចពិភពលោកនោះទេ»។
ជាទស្សនៈរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា ប្រទេសទាំងឡាយគួរតែពង្រឹងកិច្ចសហប្រតិបត្តិការ និងការពឹងពាក់គ្នាទៅវិញទៅមកបន្ថែមទៀត តាមរយៈការបន្ដបើកច្រកទីផ្សារ ការពង្រឹងការតភ្ជាប់ ការពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ ការពង្រឹងសមត្ថភាពផលិតកម្មតភ្ជាប់ទៅនឹងការផ្គត់ផ្គង់ ការពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម និងរួមគ្នាជំរុញសកម្មភាពវិនិយោគទៅវិញទៅមក។
សម្តេចបញ្ជាក់ទៀតថា អាស៊ាន និងចិន គឺជាតួអង្គដ៏សំខាន់ ក្នុងការបង្ហាញឧទាហរណ៍ដល់ពិភពលោក ពីផលប្រយោជន៍ដែលកើតចេញពីការពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ដោយមិនទោរទន់ទៅរកនិន្នាការគាំពារនិយម ឯកតោភាគីនិយម ឬគំនិតជាតិនិយមសេដ្ឋកិច្ចនោះទេ ខណៈរាជរដ្ឋាភិបាលកម្ពុជា ក៏មានការប្តេជ្ញាបន្តប្រឹងប្រែងកែលម្អបរិយាកាសធុរកិច្ច និងការវិនិយោគ តាមរយៈការកាត់បន្ថយចំណាយធុរកិច្ច និងបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទីក ក្នុងគោលបំណងដើម្បីលើកកម្ពស់ផលិតភាព ឆ្លើយតបនឹងតម្រូវការរបស់វិនិយោគិនពីគ្រប់មជ្ឈដ្ឋាន៕