(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនៅក្នុងពិធីសម្ភោធបើកពិព័រណ៍ចិន-អាស៊ាន លើកទី២០ ឆ្នាំ២០២៣ យ៉ាងដូច្នេះថា កិច្ចសហប្រតិបត្តិការរួមបញ្ចូល រួមជាមួយការធ្វើពាណិជ្ជកម្មដោយសេរី និងបើកចំហ គឺជាវិថីតែមួយគត់ដែលនាំមកនូវសុខសន្តិភាព និងវិបុលភាពរួមយ៉ាងពិតប្រាកដ។

ពិធីសម្ពោធបើកពិព័រណ៍ចិន-អាស៊ាន លើកទី២០ ក្រោមប្រធានបទ «រួមគា្នកសាងសហគមន៍មួយ ប្រកបដោយភាពសុខដុម និងវាសនាតែមួយ» ធ្វើឡើងនាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៉ី ប្រទេសចិន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងបរិការណ៍សកលលោក ដែលពោរពេញទៅដោយភាពមិនប្រាកដប្រជានេះ ការរៀបចំពិព័រណ៍ចិន-អាស៊ាន លើកទី២០ ពិតជាមានសារៈសំខាន់សម្រាប់ផ្សារភ្ជាប់ទំនាក់ទំនង រវាងតំបន់ឱ្យកាន់តែស្អិតល្មួត ប្រកបដោយភាពសុខដុម ដើម្បីចូលរួមលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី្កម្ពុជាបានបញ្ជាក់ថា «ការណ៍នេះក៏បានបង្ហាញឱ្យឃើញថា កិច្ចសហប្រតិបត្តិការរួមបញ្ចូល ជាមួយនឹងការធ្វើពាណិជ្ជកម្មដោយសេរី និងបើកចំហ គឺជាវិថីតែមួយគត់ដែលនាំមកនូវសុខសន្តិភាព និងវិបុលភាពរួមយ៉ាងពិតប្រាកដ»

សម្ដេចធិបតីបានបន្តថា អាស៊ាន-ចិន មានកិច្ចសហប្រតិបត្តិការដ៏ប្រសើរជាមួយគ្នា តាមរយៈនិម្មាបនកម្មតំបន់ដែលដឹកនាំដោយអាស៊ាន ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន កិច្ចព្រមព្រៀងអាសិប និងកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាច្រើនទៀត។ នៅក្នុងក្របខណ្ឌទាំងអស់នេះ ពិព័រណ៍ចិន-អាស៊ាន គឺជាសកម្មភាពជាក់ស្ដែង ដែលបង្កើតបាននូវសហថាមភាព ក្នុងការជំរុញទំហំពាណិជ្ជកម្មអាស៊ាន-ចិន ឱ្យមានសន្ទុះកាន់តែខ្លាំងក្លាផងដែរ ខណៈដែលទំហំពាណិជ្ជកម្មអាស៊ាន-ចិនបានកើនឡើងដល់ ៧២២ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំមុន។

សម្តេចបានលើកឡើថា នៅពេលដែលជំងឺកូវីដ-១៩ បានធ្វើឱ្យពិភពលោកចលាចលចលនាទាំងឡាយ របស់មនុស្សជាតិត្រូវបានធ្លាក់ចុះ ប៉ុន្តែរំហូរពាណិជ្ជកម្មទំនិញនៅតែបន្តដំណើរការ។ ក្នុងឆ្នាំ២០២១ និង២០២២ ពាណិជ្ជកម្មទំនិញបានកើនឡើងខ្ពស់ជាងកម្រិតមុនជំងឺកូវីដ-១៩ ផ្ទុះឡើងទៀត ដែលនេះបញ្ជាក់ពីតួនាទីដ៏សំខាន់នៃពាណិជ្ជកម្ម ក្នុងការធានាសន្តិសុខផ្នែកសង្គម-សេដ្ឋកិច្ច របស់ប្រជាជនលើពិភពលោក។

នៅពេលដែលវិបត្តិជំងឺរាតត្បាតបានថមថយទៅ យើងកំពុងតែជួបប្រទះនឹងបញ្ហាប្រឈមផ្សេងទៀត ដូចជា ការកើនឡើងនៃថ្លៃទំនិញយុទ្ធសាស្ត្រ, សន្តិសុខស្បៀង និងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុជាដើម។ ត្រង់ចំណុចនេះ សម្តេចបានគូសរំលេចពីតួនាទីដ៏សំខាន់ របស់ពាណិជ្ជកម្ម ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមសកលទាំងឡាយនេះ ដើម្បីធានាថាការពឹងផ្អែកទៅវិញទៅមក និងសកលភាវូបនីយកម្ម គឺជាការផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

សម្តេចសង្កត់ធ្ងន់ថា ការធ្វើពាណិជ្ជមិនគួរត្រូវបានប្រើប្រាស់ជាអាវុធ ដែលបំផ្លាញដល់សន្តិសុខសេដ្ឋកិច្ចពិភពលោកនោះទេ។

សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានបន្ថែមទៀតថា អាស៊ាន និងចិន គឺជាតួអង្គដ៏សំខាន់ដែលអាចបង្ហាញឧទាហរណ៍ដល់ពិភពលោក ពីផលប្រយោជន៍ដែលកើតចេញពីការពង្រឹង កិច្ចសហប្រតិបត្តិការពហុភាគី ដោយមិនទោរទន់ទៅរកនិន្នាការគាំពារនិយម, ឯកតោភាគីនិយម ឬគំនិតជាតិនិយមសេដ្ឋកិច្ចនោះទេ។ ក្នុងទិសដៅខាងមុខ អាស៊ាន និងចិន ត្រូវខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ និងការពឹងពាក់គ្នាទៅវិញទៅមកបន្ថែមទៀត តាមរយៈការបន្ដបើកច្រកទីផ្សារ, ការពង្រឹងការតភ្ជាប់, ការពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់, ការពង្រឹងសមត្ថភាពផលិតកម្មតភ្ជាប់ទៅនឹងការផ្គត់ផ្គង់, ការពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម និងរួមគ្នាជំរុញសកម្មភាព វិនិយោគទៅវិញទៅមក។

បន្ថែមពីនេះ អាស៊ានក៏ត្រូវពង្រឹងការគាំទ្រផ្នែកបច្ចេកទេស ជាពិសេសទាក់ទងនឹងអនុលោមភាព នៃលក្ខខណ្ឌទីផ្សារ និងតម្រូវការទីផ្សារ ដែលការគាំទ្រទាំងនេះអាចធានាបានថា ប្រទេសកំពុងអភិវឌ្ឍអាចទាញផលប្រយោជន៍ បានដោយពិតប្រាកដពីការបើកចំហទីផ្សារ ដែលកើតចេញពីយន្តការពាណិជ្ជកម្មពហុភាគី៕