(ភ្នំពេញ)៖ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ការប្រារព្ធទិវាមនុស្សគ-ថ្លង់ ជាការផ្តល់ឱកាសជួបជុំគ្នាក្នុងមួយឆ្នាំម្តងរវាងថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិល និងបងប្អូនមនុស្សគ-ថ្លង់ ដែលជាការបង្ហាញអំពីការផ្តល់សិទ្ធិ ក្នុងការចូលរួមដោយឥតរើសអើង និងជាការលើកស្ទួយតម្លៃមនុស្សគ-ថ្លង់ ពិសេសធ្វើយ៉ាងណាឱ្យមានបរិយាបន្នការងារសម្រាប់មនុស្សគ-ថ្លង់ ស្របតាមប្រធានបទក្នុងទិវានេះ ដែលជាការគិតគូរពីឧត្ដមប្រយោជន៍របស់មនុស្ស គ-ថ្លង់នៅកម្ពុជា។

ការលើកឡើងរបស់លោករដ្ឋមន្រ្តីថ្មីរូបនេះ បានធ្វើឡើងក្នុងឱកាសលោកអញ្ជើញចូលរួមក្នុងទិវាមនុស្សគ-ថ្លង់ កម្ពុជា លើកទី១១ និងអន្តរជាតិ លើកទី៦៦ ក្រោមប្រធានបទ «បរិយាបន្នការងារសម្រាប់មនុស្សគ-ថ្លង់ដើម្បីការអភិវឌ្ឍ» រៀបចំធ្វើនៅទីស្តីការក្រសួងសង្គមកិច្ច នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។

លោក ជា សុមេធី បានបន្ថែមថា រាជរដ្ឋាភិបាល បានបង្កើតវិទ្យាស្ថានជាតិអប់រំពិសេស សម្រាប់បណ្តុះបណ្តាលគ្រូជំនាញគ្រប់កម្រិត វិក្រឹត្យការបុគ្គលិកអប់រំ អភិវឌ្ឍសមត្ថភាពអប់រំអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ឱ្យស្របតាមស្តង់ដាសមត្ថភាពកំរិតគុណវុឌ្ឍជាតិ និងតម្រូវការទីផ្សារការងារសម្រាប់ជនមានពិការភាព។

ទន្ទឹមនេះ ក្រសួងសង្គមកិច្ច ក៏បានបង្កើតវិទ្យាស្ថានជាតិសង្គមកិច្ច ដើម្បីបណ្តុះបណ្តាលធនធានមនុស្សឱ្យមានចំណេះដឹងលើវិស័យសង្គមកិច្ច ការងារការស្តារលទ្ធភាពពលកម្មកាយសម្បទា ក្នុងទិសដៅផ្តល់សេវាដល់បងប្អូនជនមានពិការភាព របស់យើងស្របតាមលក្ខណៈបច្ចេកទេស និងមានវិជ្ជាជីវៈត្រឹមត្រូវ។ ជារួមការវិនិយោគជាមួយជនមានពិការភាពលើការអប់រំ បណ្តុះបណ្តាល ជំនាញ គឺជាទុនដ៏សំខាន់សម្រាប់ផ្តល់ធនធានមនុស្ស ការលើកកម្ពស់ និងជំរុញឱ្យជនមានពិការភាពមានលទ្ធភាពទទួលបានការងារ មុខរបរ មានប្រាក់កម្រៃកាន់តែប្រសើរឡើង ពិសេសគឺអាចរស់នៅបានដោយឯករាជ្យប្រកបដោយភាពសុខុដុមរមនា។ ជាក់ស្តែង បងប្អូនជនមានពិការភាពមួយចំនួនបានបំពេញការងារល្អ ទទួលបានការទុកចិត្តពីថ្នាក់ដឹកនាំ ហើយបានក្លាយជាអ្នកដឹកនាំក្នុងក្រសួង ស្ថាប័ន និងផ្នែកឯកជនទៀតផង។

ជាមួយគ្នានោះ លោក ជា សុមេធី ក៏សូមអំពាវនាវដល់គ្រប់ភាគីទាំងអស់បន្តយកចិត្តទុកដាក់ លើកស្ទួយសុខុមាលភាពជនមានពិការភាព ពិសេសមនុស្សគ-ថ្លង់នៅកម្ពុជា ដោយប្រែក្លាយផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព និងឯកសារគតិយុត្តិ ទាំងឡាយពាក់ព័ន្ធនឹងពិការភាពឱ្យក្លាយជាការពិត។

គួរបញ្ជាក់ថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានធ្វើការស្រង់ស្ថិតិ ក្នុងឆ្នាំ២០២២កន្លងទៅជនមានពិការភាពចូលបម្រើការងារក្នុងក្រសួងស្ថាប័ន រដ្ឋចំនួន៣៧ មានជនមានពិការភាពចំនួន ៣ ៧៤៨ នាក់ ក្នុងនោះស្រ្តីមានពិការភាពចំនួន ៨៦២នាក់ ជនមានពិការភាពកម្រិតធ្ងន់ចំនួន ២ ២៦០នាក់ បើគិតជាភាគរយ ២.០១%។

ដោយឡែក វិស័យឯកជនរួមមាន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និងរោងចក្រ ដែលបានប្រកាសចុះបញ្ជិកា និងទទួលបានវិញ្ញាបនបត្រលើការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ទូទាំងប្រទេសមានចំនួន ២៩១ គ្រឹះស្ថាន រោងចក្រ សហគ្រាស ដែលមានជនមានពិការភាពចូលបម្រើការងារ ចំនួន ៥ ៨៣៩នាក់ ស្រ្តីមានពិការភាព ៣ ៨៣៦នាក់ សរុបទាំងស្ថាប័នរដ្ឋនិងវិស័យឯកជនទូទាំងប្រទេសមានចំនួនជនមានពិការភាព ៩៥៨៧នាក់កំពុងបម្រើការងារ៕