(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានបញ្ជាក់ថា មិនមានការឈូសឆាយ​បំផ្លាញព្រៃឈើនៅលើដីព្រៃរុក្ខទិវា ក្នុងភូមិភ្នំដែក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ដូច​ការ​ផ្សព្វផ្សាយមួយចំនួននោះឡើយ។ លោកអភិបាលខេត្តបញ្ជាក់ថា ការធ្វើផ្លូវត្រូវបាន​ក្រុម​ហ៊ុនរុករករ៉ែដែកធ្វើឡើងចូលទៅសិក្សារករ៉ែដែក និងសម្រួលដល់ការធ្វើដំណើររបស់​ប្រជា​ពល​​រដ្ឋ។

លោកអភិបាលខេត្តព្រះវិហារ ចេញមកបញ្ជាក់បែបនេះ បន្ទាប់ពីមានព័ត៌មានចេញ​ផ្សាយ​ថា ក្រុមហ៊ុនគ្លូប៊លហ្គ្រីនឈូសបំផ្លាញកូនឈើនៅតំបន់ព្រៃរុក្ខទិវាក្នុងភូមិសាស្ត្រភូមិភ្នំដែក ឃុំរមណីយ ស្រុករវៀង។

ឆ្លើយតបនឹងការផ្សព្វផ្សាយនេះ លោក គីម រិទ្ធី បានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំសូមបញ្ជាក់ថា ក្រុម​ហ៊ុនគ្លូប៊លហ្គ្រីន មិនមែនជាការទន្ទ្រានព្រៃយកដីនោះទេ គឺជាការធ្វើ​ផ្លូវ។ ការធ្វើផ្លូវនេះ គឺឆ្ពោះទៅកាន់រ៉ែដែក ដែលពួកគាត់មានអាជ្ញាបណ្ណត្រឹមត្រូវ»

ឆ្លើយតបទៅនឹងអ្វីដែលបានផ្សព្វផ្សាយនេះ លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង បាន​បញ្ជាក់ដែរថា ការឈូសឆាយនេះ ដើម្បីពង្រីកផ្លូវចាស់ តែអត់មានប៉ះពាល់ដល់ព្រៃសហ​គមន៍នោះឡើយ។ លោកអភិបាលស្រុកបន្តទៀតថា ការធ្វើផ្លូវនេះទៀតសោត ដើម្បីបម្រើ​ជា​ប្រយោជន៍របស់ប្រជាពលរដ្ឋផងដែរ។

លោកអភិបាលស្រុក បានបញ្ជាក់យ៉ាងដូច្នេះ «ការពង្រីកផ្លូវនេះ អត់មានប៉ះពាល់ដីព្រៃ​សហ​គមន៍នោះឡើយ។ ផ្លូវហ្នឹងមានគម្រោង​ចាស់​ហើយ។ ការធ្វើផ្លូវនេះ ក៏ដើម្បីឱ្យប្រជា​ពល​រដ្ឋអាស្រ័យផលងាយ​ស្រួលក្នុងការដឹកជញ្ជូន​អនុ​ផលកសិកម្មងាយស្រួល»

បើតាមលោកអភិបាលស្រុក ការធ្វើផ្លូវនេះ ក៏ជាសំណូមពររបស់អាជ្ញាធរ និងប្រជាសហគមន៍ផងដែរ។

បើតាមព្រភពព័ត៌មានពីមន្ត្រីខេត្តព្រះវិហារ បានឱ្យដឹងថា ការផ្សព្វផ្សាយខាងលើធ្វើឡើង​ក្រោមការរៀបចំរបស់មន្ត្រីយោធាមួយរូប ដែលទៅចាប់យកដីរដ្ឋនៅតំបន់នោះ។ បើតាម​មន្ត្រីជាន់ខ្ពស់នៅក្នុងខេត្តព្រះវិហារ បានអះអាងថា មន្ត្រីយោធារូបនោះ បានយកឈ្មោះមន្ត្រី​ជាន់​ខ្ពស់នៃកងយោធពលខេមរភូមិន្ទទៅកាងដីទីតាំងខាងលើ ហើយចោទថា ក្រុមហ៊ុនធ្វើ​ស​កម្មភាពរុករករ៉ែដែកចូលទៅក្នុងដីរបស់ខ្លួន។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងរ៉ែ និងថាមពល បានចេញ​អាជ្ញា​បណ្ណឱ្យក្រុមហ៊ុន ហ័រ យ៉ុង សេង ធ្វើប្រតិបត្តិការស្វែងរករ៉ែលោហៈ ស្ថិតនៅក្នុងតំបន់​ភ្នំ​ថ្ម ស្រុករវៀង ខេត្តព្រះវិហារ។ យោងតាមអាជ្ញាបណ្ណនោះ បានឱ្យដឹងថា មានផ្ទៃដីសរុប​ជាង ៥៦គីឡូម៉ែត្រក្រឡា ដែលត្រូវបានអនុញ្ញាតឱ្យក្រុម​ហ៊ុនធ្វើសកម្មភាពរុករករ៉ែដែក៕